ខេត្តកំពង់ធំ ៖ ការកាប់ប្រហារដ៏រន្ធត់មួយដោយបុរសជាបងប្រុស បានកាប់ចិញ្ច្រាំប្អូនស្រីរហូតដល់ស្លាប់នៅរសៀលថ្ងៃទី២ មីនា ស្ថិតនៅក្រោមសំយាបផ្ទះឪពុកស្ថិតនៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ។
បើតាមលោកវរសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយណ៍ប្រាប់ថា អំពើហិង្សានេះបានកើតឡើងនៅនឹងអង្រឹងក្រោមសំយាបផ្ទះរបស់ឪពុកបង្កើតឈ្មោះ សុខ ម៉ឺន អាយុ៧៨ឆ្នាំ ។ ស្ត្រីរងគ្រោះនិងជនបង្កហេតុគឺជាបងប្អូនបង្កើតនឹងគ្នា ដោយជនបង្កឈ្មោះ សុខ មឿន អាយុ៤៨ឆ្នាំ បុរសពោះម៉ាយមានសតិមិនប្រក្រតី ដោយសារកាលពីនៅតូចបានយកគ្រាប់មិនទាន់ផ្ទុះមកដំលេងបណ្តាលឱ្យផ្ទុះរងរបួសក្លាយជាមនុស្សសរសៃប្រសាទ ។
ប្រភពបានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុនោះស្ត្រីរងគ្រោះឈ្មោះ សុខ យ៉ឺន អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ ចាន់ ចយ មានកូនពីរនាក់ប្រុសមួយស្រីមួយកំពុងរស់នៅជាមួយគ្នា។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ស្ត្រីរងគ្រោះបានសម្រាន្តលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងអង្រឹង ស្រាប់តែបងប្រុសដែលជាមនុស្សសរសៃប្រសាទ បានយកកាំបិតកកុកនិងពូថៅមកកាប់ចិញ្ច្រាំត្រង់ក្បាលខាងឆ្វេងបួនកន្លែងចំមាត់មួយកន្លែង សៀតផ្កាមួយកន្លែង និងចំដៃស្តាំមួយកន្លែងបណ្តាលឱ្យដាច់ខ្យល់ស្លាប់បាត់បងជីវិតភ្លាមមួយរំពេច ហើយជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ៕
ចែករំលែកព័តមាននេះ