រាជធានីភ្នំពេញ ៖ សន្ទុះនៃការទទួលទាន «សាច់ពិសេស» ឬមហាជនទូទៅហៅថា «សាច់ឆ្កែ» កំពុងតែមានកំណើនយ៉ាងខ្លាំងក្លា ហើយកាន់តែមានលក្ខណៈបើកចំហរជាទូទៅ ។ ហាងឆេងសាច់ឆ្កែ ឬ «សាច់ពិសេស» កំពុងតែមានហាងឆេងខ្ពស់ ដោយសារតែតម្រូវការអ្នកដែលនិយមបរិភោគ សាច់ឆ្កែ ឬក៏មនុស្សទូទៅនិយម នាំគ្នាហៅថា «សាច់ពិសេស» មានចំនួនកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សាច់ពិសេស ត្រូវបានគេយកទៅកែច្នៃធ្វើជាមុខម្ហូបជាច្រើនមុខ ជាពិសេសគឺសាច់ពិសេសអាំង និងឆាក្តៅសាច់ពិសេស ដែលមានរសជាតិយ៉ាងឆ្ងាញ់ពិសារសម្រាប់អ្នកដែលនិយម ចូលចិត្តបរិភោគសាច់ពិសេសនេះ ។ ភាគច្រើន អតិថិជនដែលនិយមពិសារសាច់ពិសេសច្រើនជាបងប្អូនបុរសៗតែម្តង ដោយមានទាំងហាងលក់បោះដុំ និងនៅតាមតូបជាច្រើនតាមដងផ្លូវ ដោយមិនប្រកាន់ថាជាអ្នកទីក្រុង ឬតាមជនបទឡើយ។
ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញរបស់យើង ក៏គេសង្កេតឃើញមានហាងលក់សាច់ពិសេសនេះ ជាច្រើនកន្លែងដូចជានៅចំណុចកៅដាយ តាមបណ្តោយផ្លូវលេខ ៣៧៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន និង នៅតាមបណ្តោយផ្លូវលេខ ៣៧១ ម្តុំផ្សាប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ល។ ជាពិសេសនៅតាមបណ្តោយផ្លូវវត្តអង្គតាមិញខាងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺមានហាងជាច្រើនបានដាក់តាំងបង្ហាញសាច់ពិសេសអាំងទាំងមូលៗ ហើយគ្រប់តូបគឺមានភ្ញៀវពេញៗតែម្តង។
បុរសអ្នកម្នាក់ដែលរូបគាត់កំពុងតែអាំងសាច់ពិសេស បណ្តើរ និងលក់បណ្តើរជូនអតិថិជនយ៉ាងញាប់ដៃជើង បានប្រាប់ឱ្យដឹងថា រូបគាត់បានចាប់យកមុខរបរជាអ្នកលក់សាច់ពិសេសនេះអស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកហើយ តាំងពីនៅលក់ជាលក្ខណៈតូបតូចមួយ រហូតមកដល់ពេលនេះរូបលោកបានបើកជាលក្ខណៈហាងធំមួយទៅហើយ។ កាលពីដំបូងឡើយ លោកធ្វើត្រឹមតែឆ្កែមួយក្បាលលក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ និងធ្វើជាម្ហូបជាច្រើនមុខ ដោយមានសាច់អាំង ស្លរការី និងសម្លរម្ជូរក៏មាន ដែលអ្នកមកហូបក្លែបជាមួយនឹងស្រាថ្នាំ និង ខ្លះទៀតជាមួយនិងស្រាបៀរក៏មាន។
ម្ចាស់ហាងដដែលដែលបដិសេធមិនឱ្យបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់បន្តទៀតថា ក្នុងការបករកបមុខរបរលក់«សាច់ពិសេស» នេះដែរ បានធ្វើឱ្យជីវភាពរបស់គាត់កាន់តែមានការល្អប្រសើរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានភ្ញៀវជាច្រើនចូលមកហូបនៅកន្លែងរបស់លោក។
ម្ចាស់ហាងដដែលបន្តថា៖ «ដោយមានកំណើនភ្ញៀវកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ ខ្ញុំក៏បានចាប់ផ្តើមពង្រីកហាងរបស់ដោយបង្កើនការលក់របស់ខ្ញុំពីមួយថ្ងៃធ្វើឆ្កែមួយក្បាល ទៅមួយថ្ងៃចំនួន ៣ក្បាលដល់សព្វថ្ងៃ»។ សាច់ពិសេសជាទូទៅ គឺចាប់ផ្តើមលក់ពីម៉ោង ៣៖៣០នាទីល្ងាច រហូតទៅដល់ម៉ោង ៨យប់ទើបបិទ ហើយដោយមានភ្ញៀងជាច្រើននាំគ្នាចូលមកហូប ដោយក្លែបជាមួយ និង ស្រាថ្នាំ និង សាបៀរជាដើម ចំណែកឯមុខម្ហូប ដែលជាប្រចាំហាងរបស់ម្ចាស់ហាងខាងលើគឺមានចំនួន ២មុខ គឺ សាច់ពិសេសអាំង និង សម្លរការីសាច់ពិសេស ខណៈកន្លែងផ្សេងទៀតគេស្លជាសម្លការី ក៏មានដែរ ។
យ៉ាងណាមិញ រាល់មុខម្ហូបជាប្រចាំរបស់លោកមានសាច់អាំង និង សម្លរការី គឺមានតម្លៃក្នុងមួយចាន ៦០០០ រៀល ស្រាថ្នាំក្នុង ១ដបមានតម្លៃ ៣០០០ រៀល ហើយភ្ញៀវភាគច្រើនជាបុរសៗ ដែលតែងតែមកហូបនៅហាងរបស់គាត់ជាប្រចាំ ឬក៏ ២ ទៅ ៣ថ្ងៃមកម្តងក៏មាន។
បុរសជាភ្ញៀវម្នាក់ដែលកំពុងតែទទួលទានសាច់អាំងពិសេសបានប្រាប់ឱ្យដឹងថា រូបគាត់ចូលចិត្ត «សាច់ពិសេស» នេះខ្លាំងណាស់ ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចទទួលទានបានជាមួយស្រាបៀរ តែមិនសូវត្រូវមាត់នោះទេ ក៏ប៉ុន្តែ «សាច់ពិសេសគឺពិតជាមានរសជាតិឆ្ងាញ់ខ្លាំង ហូបជាមួយស្រាថ្នាំគឺត្រូវគ្នាណាស់ ហើយរូបខ្ញុំតែងតែនាំមិត្តភ័ក្តមកហូបនៅទីនេះជាញឹកញាប់ផងដែរ»។
«សាច់ឆ្កែ» ឬ «សាច់ពិសេស» ប្រមាណជាង១០ឆ្នាំមុនគឺមិនមានទីផ្សារទូលំទូលាយនោះទេ ហើយការលក់ដូរទៀតសោតគឺមិនសូវជាបើកចំហរនោះទេ តែរយៈពេលប្រមាណជា ៥ ឆ្នាំចុងក្រោយគេឃើញថា «សាច់ពិសេស» កំពុងតែទទួលបាននូវការពេញនិយមហូបអំពីសំណាក់ប្រជាជនច្រើនឡើងៗ សូម្បីតែអ្នកទីក្រុងក៏កំពុងតែមានការពេញនិយមខ្លាំងដែរ មិនតែប៉ុណ្ណោះកន្លែងលក់សាច់ពិសេសនៅក្រុងភ្នំពេញគឺមានលក់សឹងគ្រប់ទីកន្លែង៕
ចែករំលែកព័តមាននេះ