ប្រទេសអាហ្សង់ទីន ៖ សហជីពអាហ្សង់ទីនជាច្រើនបានធ្វើការព្រមានដល់រដ្ឋាភិបាលដោយនាថ្ងៃទី២១ កុម្ភៈ បានប្រមូលមនុស្សច្រើនសិបពាន់នាក់ធ្វើបាតុកម្មនៅទីក្រុងប៊ុយណូស៊ែប្រឆាំងការកែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតី លោក MAURICIO MACRI ។
យោងតាមពួកអ្នករៀបចំថា ចំនួនបាតុករមានដល់៤០០.០០០នាក់ តែប៉ូលិសក្រុងថា មាន១៤០.០០០នាក់ ។ នៅលើវេទិកាមេខ្លោងនៃចលនាតវ៉ាលោក HUGO MOYANO ប្រមុខសហជីពអ្នកបើករថយន្តកាំមីញ៉ុងជាសហជីពខ្លាំងមួយរបស់ប្រទេសថ្លែងថា រដ្ឋាភិបាលមើលស្រាលដល់ពួកពលករ ហើយប្រទេសជំពាក់បំណុលគេវ័ណ្ឌក ។ លោកសង្កត់ធ្ងន់ពីការបាត់បង់ជាប់លទ្ធភាពទិញ ខណៈបណ្តាសហជីពជម្រុញឱ្យអាជ្ញាធរចរចាពីការដំឡើងប្រាក់បៀវត្សដើម្បីទប់ទល់នឹងអតិផរណា ។ គណបក្សប្រឆាំងដឹកនាំដោយអតីតប្រធានាធិបតីលោកស្រី CRISTINA KIRCHNER ដែលចុះខ្សោយក្រោយការចាញ់ឆ្នោតសភាកាលពីខែតុលា ឆ្នាំ២០១៧ នាថ្ងៃទី២១ កុម្ភៈ ក៏ប្រមូលកម្លាំងចូលរួមធ្វើបាតុកម្មដែរ ។
ប្រជាជនអាហ្សង់ទីនចំនួន៤២លាននាក់ ដែលក្រីក្រជួបប្រទះនឹងការលំបាកមកពីទំនិញឡើងថ្លៃ ។ ចាប់តាំងពី១០ឆ្នាំមកហើយ អតិផរណាប្រចាំឆ្នាំមានដល់លើសពី២០% ក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣នៅអាមេរិកឡាទីននោះ ។
ពេលឡើងកាន់អំណាចកាលពីដំណាច់ឆ្នាំ២០១៥ លោក MACRI បានសន្យាបញ្ចប់អតិផរណា ។ ប៉ុន្តែភារកិច្ចនេះពិតជាពិបាកទៅរួច ៕
ចែករំលែកព័តមាននេះ