ទីក្រុងហាណូយ ៖ បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបោះបង់គម្រោងសាងសង់វារីអគ្គិសនីប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងខេត្ត Ninh Thuan មក ប្រទេសនេះមើលឃើញគម្រោងថាមពលកកើតឡើងវិញកើនឡើងដើម្បីផ្គត់ផ្គង់តម្រូវការថាមពលរបស់ប្រទេសនាពេលអនាគត ។
អ្នកជំនាញកត់សម្គាល់ថា វាជាឱកាសដ៏ល្អសម្រាប់វៀតណាម ដែលកំពុងជួបប្រទះនឹងបញ្ហាបរិស្ថានក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ព្រោះតែប្រទេសនេះមានសក្តានុពលខ្យល់ និងពន្លឺព្រះអាទិត្យយ៉ាងខ្លាំង ។
នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីបានយល់ស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅឆ្នាំ២០៣០ ជាមួយចក្ខុវិស័យរហូតដល់ឆ្នាំ២០៥០ ដែលមានគោលដៅបង្កើនថាមពលនេះពី៣២%ក្នុងឆ្នាំ២០៣០ ដល់៤៣%ក្នុងឆ្នាំ២០៥០ ។
គម្រោងជាតិសម្រាប់ការអភិវឌ្ឍថាមពលក្នុងអំឡុងឆ្នាំ២០១១ ដល់២០២០ ចែងថា ការអភិវឌ្ឍថាមពលកកើតឡើងវិញ គឺជាកត្តាសំខាន់ណាស់ដើម្បីធានាការផ្គត់ផ្គង់ថាមពលរបស់ប្រទេស និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារការបង្កើតថាមពលផងដែរ ។
លោក Vo Tan Thanh អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ឲ្យដឹងថា វាអាចចាត់ទុកជាចំណុចចាប់ផ្តើមមួយ ដោយលើកតម្កើងការវិនិយោគគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម ។
វៀតណាមមានគម្រោងថាមពលនេះប្រមាណ៥០ និងគម្រោងពន្លឺព្រះអាទិត្យប្រមាណ១០០ទៀតកំពុងនៅក្រោមការអភិវឌ្ឍ។
តាមការព្យាកររបស់មន្ត្រីកម្មវិធីថាមពល ក្រោមភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិកថា មានគម្រោងថាមពលពន្លឺព្រះអាទិត្យជាច្រើនបានចុះឈ្មោះមកដល់ខែកក្កដា ឆ្នាំ២០១៧ ដែលអនុញ្ញាតឲ្យវិនិយោគិនចូលមកវិនិយោគ និងមានសមត្ថភាពផលិតថាមពលប្រមាណ១ម៉ឺន៧ពាន់មេហ្គាវ៉ាត់ ៕
ចែករំលែកព័តមាននេះ