ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​សួន សំ​អឿ​ន និង នួន សារី សុំ​ការ​គាំទ្រ​សិល្បៈ​អា​យ៉ៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​២​នាក់​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សិល្បៈ​បុរាណ​នេះ ដ្បិត​បច្ចុប្បន្ន​ស្ទើរតែ​គ្មាន​ឱកាស​សម្តែង​ទេ ជា​ពិសេស​ការ​សម្តែង​តាម​ទូរទស្សន៍ ។ ទាំង​អ្នកស្រី​សួន សំ​អឿ​ន និង​អ្នកស្រី​នួន សារី…

រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​២​នាក់​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សិល្បៈ​បុរាណ​នេះ ដ្បិត​បច្ចុប្បន្ន​ស្ទើរតែ​គ្មាន​ឱកាស​សម្តែង​ទេ ជា​ពិសេស​ការ​សម្តែង​តាម​ទូរទស្សន៍ ។

ទាំង​អ្នកស្រី​សួន សំ​អឿ​ន និង​អ្នកស្រី​នួន សារី ហៅ​យាយ​យ៉​យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ក្តី​បារម្ភ​ដូច​គ្នា​ចំពោះ​សិល្បៈ​អា​យ៉ៃ​ស្ទើរតែ​បាត់បង់​ការ​សម្តែង ហើយ​អាច​នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​ប្រសិនបើ​គ្មាន​អ្នក​បន្តវេន​។ អ្នកស្រី​សួន សំ​អឿ​ន ហៅ​យាយ​អឿ​ន បាន​រំលឹក​ថា កាលពី​ជាង​២០​ឆ្នាំ​មុន​សិល្បៈ​អា​យ៉ៃ​ជា​សិល្បៈ​មួយ​ពេញ​និយម និង​មានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អា​យ៉ៃ ក៏​ដូច​ជា​សិល្បៈ​បុរាណ​ជា​ច្រើន​ទៀត​ស្ទើរតែ​គ្មាន​ឱកាស​សម្តែង ។

យាយ​អឿ​ន មាន​ប្រសាសន៍​ថា «​សម័យនេះ​ក្មេង​ៗ​គេ​និយម​ច្រើន​តែ​ទៅ​លើ​សិល្បៈ​សម័យ ដូច​ជា​ចម្រៀង​ជាដើម ចំណែក​សិល្បៈ​បុរាណ​គឺ​ពួក​គេ​មិនសូវ​ជា​អើពើ​ក្នុង​ការ​ទស្សនា​ឡើយ ។ ប៉ុន្តែ​សម្រាប់​សិល្បៈ​អា​យ៉ៃ​វិញ គឺ​អាច​និយាយ​បាន​ថា នៅ​មាន​អ្នក​ទស្សនា​ច្រើន ប៉ុន្តែ​គ្រាន់តែ​មិនសូវ​មាន​វត្តមាន​សម្តែង​ច្រើន​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​ពិធីបុណ្យ​នានា​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​សំណូមពរ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍​នានា​គួរ​រៀបចំ​ឲ្យ​មានកម្ម​វិធី​សម្តែង​អា​យ៉ៃ​នេះ​ឡើង​វិញ ហើយ​ទស្សនិកជន​ទាំងអស់​សូម​រួម​គ្នា​ថែរក្សា លើក​ស្ទួយ​ដល់​សិល្បៈ​អា​យ៉ៃ​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ផង​» ។

ចំណែក​ដៃគូ​ច្រៀង​អា​យ៉ៃ​លោក​ព្រហ្ម ម៉ា​ញ គឺ​យាយ​យ៉​យ បាន​អះអាង​ស្រ​ដៀង​គ្នា​ដែរ​ថា បច្ចុប្បន្ន​សិល្បៈ​អា​យ៉ៃ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ដោយសារ​តែ​គ្មាន​ឱកាស​សម្តែង រួម​ផ្សំ​អ្នកចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ធ្លាក់ខ្លួន​ឈឺ និង ទទួលមរណភាព​ជា​បន្តបន្ទាប់ ។
យាយ​យ​យ​បញ្ជាក់​ថា បើ​និយាយ​ពី​អ្នកសិល្បៈ​ជើង​ចាស់​ផ្នែក​អា​យ៉ៃ​នេះ​សម្រាប់​នារី​វិញ​គឺ​មាន​តែ​អ្នកស្រី យាយ​អឿ​ន និង​យាយ ណ​យ សំណាង និង​២​ទៅ​៣​នាក់​ទៀត ចំណែក​ខាង​បុរស​វិញ​គឺ​មាន​តែ​លោក​ព្រហ្ម ម៉ា​ញ ម្នាក់​ប៉ុណ្ណោះ ។
បច្ចុប្បន្ន​មាន​តែ​ស្ថានីយទូរទស្សន៍​CTN មួយ​គត់​ដែល​មានកម្ម​វិធី​អា​យ៉ៃ​ដែល​អ្នកស្រី​នួន សារី សម្តែង ខណៈ​ពេល​ប៉ុស្តិ៍​ផ្សេង​ទៀត​ស្ទើរតែ​គ្មាន​សិល្បៈ​បុរាណ​មួយ​ទេ ។

អ្នកស្រី​នួន សារី បញ្ជាក់​ថា «​បើ​ទោះបីជា​មានកម្ម​វិធី​សម្តែង​ខ្លះ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​ដោយ ប៉ុន្តែ​ការ​សម្តែង​នោះ​មិន​បាន​ត្រឹមត្រូវ​ទាំងស្រុង​នៃ​ក្បួនខ្នាត​អា​យ៉ៃ​នោះ​ឡើយ ដោយពេល​វេលា​សម្តែង​គឺ​ខ្លី​ពេក ។
សិល្បៈ​អា​យ៉ៃ​នេះ​អាច​ប្រឈម​ទៅ​នឹង​ការ​បាត់បង់ ដោយសារ​តែ​គ្មាន​អ្នក​បន្តវេន ព្រោះ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​នាំ​គ្នា​ងាក​ទៅ​ចាប់​យក​សិល្បៈ​សម័យ​ផ្នែក​ចម្រៀង​ស្ទើរ​ទាំងស្រុង ។ សិល្បៈ​សម័យមួយ​នេះ​ត្រូវ​បាន​ពួក​គេ​យល់​ថា អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​រក​ប្រាក់ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​ជាង​ការ​ចាប់​យក​អាជីព​សិល្បៈ​បុរាណ ដែល​មិនសូវ​មាន​គេ​ស្គាល់ និង​ពិបាក​រក​ទីផ្សារ​សម្តែង ។ ស្ថានភាព​បែប​នេះ​ខ្ញុំ​សូម​ស្នើ​ភាគី​ពាក់ព័ន្ធ​គួរ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ចម្រៀង​អា​យ៉ៃ​នេះ​ឡើង​វិញ ដើម្បី​បាន​អ្នកសិល្បៈ ថ្មី​ៗ​សម្រាប់​បន្តវេន​» ។

យាយ​យ៉​យ ឱ្យ​ដឹង​ថា អ្នក​ជំនាន់​ក្រោយ បើ ស្រឡាញ់​សិល្បៈ​ចម្រៀង​អា​យ៉ៃ អាច​ទៅ​សិក្សា​រៀនសូត្រ​ជាមួយ​លោក ព្រហ្ម ម៉ា​ញ ដែល​លោក​បាន​បើក​បង្រៀន​នៅផ្ទះ​របស់​លោក​ដោយ​មិន​យក​ប្រាក់​ឡើយ ។ អា​យ៉ៃ​ជា​ទម្រង់​សិល្បៈ​ទស្សនីយភាព​មួយ​ដែល​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​កម្ពុជា ហើយ​ទម្រង់​សិល្បៈ​នេះ​បាន​ឈ្មោះ​មក​ពី​សិល្បករ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​ពូ​យ៉ៃ ។ ជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លង​ឆ្លើយ ឬ​ជា​ប្រភេទ​សិល្បៈ​ដេញ​ប្រាជ្ញា​គ្នា​ដោយ​ច្រៀង​ចោទ និង​ឆ្លើយ​ដោះស្រាយ​សំណួរ ឬ​ប្រស្នា​នានា​ដោយ​សំនួនវោហារ ជា​កំណាព្យកាព្យឃ្លោង​ឥត​ព្រាង​ទុក ដែល​ភាគច្រើន​ច្រើន​មាន​លក្ខណៈ​បញ្ឆិតបញ្ឆៀង​បង្កើត​ឱ្យ​មាន​ន័យ​ពីរ​ផ្ទុយ​គ្នា ឬ​កំប្លុកកំប្លែង​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ