ខេត្តរតនគិរី ៖ យុវតីជាសិស្សសាលាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីប៉ងរំលោភតែមិនបានសម្រេចហើយសម្លាប់ និងបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី២ ខែកុម្ភៈ វេលាម៉ោង៧ព្រឹក ។ ក្រោយពីមានការភ្ញាក់ផ្អើលអំពីករណីខាងលើ ឪពុកម្តាយយុវតីរងគ្រោះក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
តាមមន្ត្រីសមត្ថកិច្ចដែលទៅពិនិត្យផ្ទាល់បានឱ្យដឹងថា យុវតីរងគ្រោះឈ្មោះ អាត់ ស៊ិញ
អាយុ១៨ឆ្នាំ ជនជាតិគ្រឹង ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ។ កន្លែងដែលប្រទះឃើញសពនាង គឺមានចម្ងាយពីផ្ទះប្រហែល៣០ម៉ែត្រ ដែលសង្ស័យជនល្មើសចាប់នាងខ្ទប់មាត់អូសមកខាងជើងផ្ទះ ដែលមានស្មៅដុះខ្ពស់ៗ ហើយធ្វើសកម្មភាពរំលោភ ។ ប៉ុន្តែតាមការសន្និដ្ឋាន ប្រហែលការប៉ងរំលោភនោះមិនបានសម្រេចទេ ដោយសារនាងតដៃទើបឈានដល់ការសម្លាប់ព្រោះអាចជាមនុស្សស្គាល់គ្នា ។
តាមការពិនិត្យ នៅលើខ្លួនប្រាណសពមានស្នាមរបួសចំនួន២កន្លែង គឺថ្ពាល់ខាងឆ្វេងហើម
យ៉ាងខ្លាំងនិងមានឈាមចេញតាមភ្នែកនិងច្រមុះ និងនៅលើទ្រូងមានស្នាមជាំខ្មៅពេញទាំងអស់ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនសង្ស័យអាចវាយនាងនឹងដៃយ៉ាងខ្លាំង និងមានដាច់ឡេវអាវ
ចំនួន៥ ។ ក្រោយពីធ្វើការត្រួតពិនិត្យនេះ អាចសន្និដ្ឋានបានថា ជនល្មើសរំលោភមិនទាន់បានសម្រេចទេ មូលហេតុគឺពុំមានឃើញទឹកកាមប្រឡាក់លើប្រដាប់ភេទឡើយ ។ នៅព្រឹកថ្ងៃដដែលនោះ ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច លោក ឆុត អាត់ អាយុ៤៣ឆ្នាំ ដែលជាឪពុកបានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីកូនស្រីគាត់ជិះម៉ូតូចេញពីសាលាមកដល់ផ្ទះ ក៏ស្រាប់តែឃើញតែម៉ូតូនៅក្បែរផ្ទះ តែគាត់ក៏មិនបានសង្ស័យពីការបាត់ខ្លួនកូនស្រីទេ ហើយក៏មិនបានដើររកដែរ ព្រោះស្មានតែកូនចូលដេក ។
ជាទម្លាប់របស់កូនស្រីគាត់ គឺនាងដេកនៅតូបមុខផ្ទះម្នាក់ឯង ហើយពួកគាត់ជាម្តាយឪពុកដេកនៅផ្ទះធំខាងក្រោយតូប ។ លុះដល់វេលាម៉ោង៣ទៀបភ្លឺ គាត់ជាឪពុកបានមកគោះទ្វារតូបដែលកូនស្រីដេកមិនឃើញកូនស្រី ក៏នាំគ្នាដើររកជុំវិញផ្ទះ ស្រាប់តែប្រទះឃើញសពកូននៅខាងជើងតូបដែលនាងដេក ចម្ងាយពីផ្ទះប្រមាណ៣០ម៉ែត្រ ។
ឪពុកយុវតីរងគ្រោះរៀបរាប់ទៀតថា នៅពេលប្រទះឃើញសពកូនស្រីនេះ គឺបានបាត់ខ្សែ.កប្លាទីន១ខ្សែ កងដៃចំនួន៥កង ដែលសរុបជាទឹកប្រាក់ចំនួន៨០ម៉ឺនរៀល និងទូរស័ព្ទអាយហ្វូន
១គ្រឿង ។ គាត់មានកូនចំនួន៣នាក់(ប្រុស២ ស្រី១)ហើយកូនស្រីដែលស្លាប់ជាកូនច្បង ។ ក្រោយពេលមានគ្រោះអកុសលបែបនេះ នៅផ្ទះរបស់គាត់ ក្រុមសាច់ញាតិនិងមិត្តភក្តិកូនស្រីគាត់ដែលរៀនជាមួយគ្នា បាននាំគ្នាមកមើលសពយ៉ាងច្រើនកុះករ ហើយស្រែកយំគ្រប់ៗគ្នា បង្ហាញពីការសោកស្តាយជីវិតរបស់នាងយ៉ាងខ្លាំង ។
ពេលនេះ សមត្ថកិច្ចមិនទាន់បានកំណត់មុខសញ្ញាជនជាឃាតករនោះទេ តែច្បាស់ណាស់ការសម្លាប់ក្នុងអំពើប៉ុនប៉ងចាប់រំលោភនេះច្រើនតែជាស្នាដៃមនុស្សស្គាល់គ្នា និងជាការសម្លាប់បំបិទមាត់ ។ ឃាតកម្មបែបនេះជនដៃដល់មិនអាចរួចខ្លួនបានយូរឡើយនឹងឈានទៅស្រាវជ្រាវរកឃើញឆាប់ៗមិនខាន ៕
ចែករំលែកព័តមាននេះ