ខេត្តកំពង់ឆ្នាំង ៖ ដើម្បីរំឮកពីអតីតភាពនៃទីលានប្រណាំងសេះកាលពីជាង៤៦ឆ្នាំមុន និងដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ សហភាពសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានសហការជាមួយមជ្ឈមណ្ឌលក្លឹបបរិបូណ៌មរកតបាននាំយកសត្វសេះប្រណាំង ចំនួន៦ក្បាលមករត់សាកល្បង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ចំណុចផ្លូវបរសេះ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ដោយមានប្រជាពលរដ្ឋចូលរួមទស្សនាជាច្រើននាក់ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2018/02/eccbc87e4b5ce2fe28308fd9f2a7baf3-2.jpg)
លោក កែវ វណ្ណារិន អគ្គលេខាធិការ សហភាពសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងជាប្រធានមជ្ឈ មណ្ឌលក្លឹបបរិបូណ៌មរកតបង្ហាត់សេះខ្មែរបាននិយាយថា គោលបំណងនៃការរត់សាកល្បងពីល្បឿនសេះនៅថ្ងៃនេះ គឺចង់គាស់រំឮកឡើងវិញពីទីកន្លែងនេះ កាលពីជាង៤០ឆ្នាំមុន គឺជាទីលានប្រណាំងសេះរបស់ដូនតាយើងពីជំនាន់ដើមដែលតែងតែយកទីកន្លែងនេះ ប្រណាំងសេះជារាងរាល់ឆ្នាំ ។
ម្យ៉ាងវិញទៀតការប្រណាំងសេះក្នុងថ្ងៃនេះ គឺជាទិសដៅមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឆ្ពោះទៅកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ និងមិនត្រឹមតែប៉ុណ្ណឹងក៏ចង់បំផុសឲ្យស្រទាប់យុវជនរបស់យើងយល់ដឹង និងចង់ចូលរួមលើវិស័យកីឡាជិះសេះនេះផងដែរ ។
ចំពោះសេះទាំង៦ក្បាល ដែលនឹងត្រូវរត់សាកល្បងនៅពេលនេះមានទី១- សេះឈ្មោះ បុប្ផា ជិះដោយលោក រឿន ចិត្រា ទី២- សេះឈ្មោះ ក្រាំងឡី ជិះដោយលោក ឈាម បញ្ញា ទី៣- សេះឈ្មោះ ចំរើន ជិះដោយលោក មឿន សុម៉ាប់ ទី៤- សេះឈ្មោះ ម្ចាស់បង ជិះដោយលោក ហឺន គិមហន ទី៥- សេះឈ្មោះស្រស់ ជិះ ដោយសាន បញ្ញា និងទី៦- សេះឈ្មោះ រ៉ូគី ជិះដោយលោក ឈាម គារ៉ា ។
![](https://kohsantepheapdaily.com.kh/wp-content/images/2018/02/c81e728d9d4c2f636f067f89cc14862c-3.jpg)
សូមរំឮកថា ចំណុចផ្លូវបរសេះ គឺជាអតីតទីលានប្រណាំងសេះពីសង្គមចាស់ បច្ចុប្បន្នត្រូវបានអាជ្ញាធរឃុំបានកសាងផ្លូវមួយខ្យែលើផ្លូវបរសេះចាស់តែមានតែផ្លូវរទេះតភ្ជាប់ពីចំណុចផ្លូវជាតិលេខ៥ ចំណុចមុខវត្តផ្សារទៅដល់ភូមិទួលរការ ឃុំមេលំ ស្រុកបរិបូរណ៌ បានរួចរាល់ហើយដែរ ។
តាមការបញ្ជាក់ពី លោក ប៊ិន សំផាន មេឃុំផ្សារថា ការកសាងផ្លូវនេះឡើង គឺដើម្បីសម្រួលដំណើររបស់ប្រជាពលរដ្ឋផង ក៏ដូចចង់រំឮក និងរក្សាទុកនៅផ្លូវបរសេះដែលជាទីកន្លែងប្រណាំងសេះរបស់បុព្វបុរសយើង កាលពីជាង៤៦ឆ្នាំមុនផងដែរ ៕
ចែករំលែកព័តមាននេះ