ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ស្តីពី ការចោទប្រកាន់លើអ្នក កាសែតអនឡាញម្នាក់ និងអ្នកបកប្រែភាសាថៃម្នាក់ ពាក់ពន្ធករណីយកមីនតោនមួយគ្រាប់ទៅដល់ស្នាក់ការនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមជម្រាបជូនសា ធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យ ការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៣៧ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណី(បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល) ដែលបង្កឡើងដោយជនសង្ស័យ១-ឈ្មោះ ទី ពិទូ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន នឹង២-ឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ជាអ្នកបកប្រែភាសាថៃ បាននាំគ្នាធ្វើសកម្មភាពទៅយកគ្រាប់មីនតោន នឹងដឹកគ្រាប់មីនតោនដែលជាវត្ថុងាយនឹងមានហានិភ័យខ្ពស់អាចផ្ទុះ ធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សដោយគ្មានការអនុញ្ញាត ចេញពីទីកន្លែងដែលបានដាក់បំរាម និងហាមឃាត់នៃតំបន់គ្រោះថ្នាក់ដោយមីន យកមកទុកចោលក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ជាទីសាធារណៈដែលអាចសាធារណជនចូលដល់ ។
វត្ថុនេះជាគ្រាប់មីនតោនដែលត្រូវបានអាជ្ញាធរប្រទះឃើញតាំងពីឆ្នាំ២០២១ ដោយអង្កភាពស៊ីម៉ាក់(CMAC)ដាក់ស្លាកបំរាម និងហាមឃាត់ នៃតំបន់គ្រោះថ្នាក់ដោយគ្រាប់មីន និងជាចំណុចតំបន់សព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយអង្គភាពស៊ីម៉ាក់(CMAC)កម្ពុជាមិនអាចដោះមីននៅចំណុចនោះបាននៅឡើយ ដោយពុំទាន់មានការឯកភាពពីភាគីប្រទេសថៃ ។
ក្រោយពីបានពិនិត្យទៅលើសំណុំរឿង និងសួរចម្លើយលើជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ១.ឈ្មោះ ទី ពិទូ ភេទប្រុស អាយុ៤៥ ឆ្នាំ និង២.ឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ ឆ្នាំ ពីបទ.បោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញតិផ្តន្ទាទោសតាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្នានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ០២២ ដសបស ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ស្តីពីការ ចោទប្រកាន់លើអ្នកកាសែនអនឡាញម្នាក់ និងអ្នកបកប្រែភាសាថៃម្នាក់ពីបទ.បោះ បង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល តាមបញ្ញតិមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ បានចែង បទបោះអាវុធក្នុងទីកន្លែងសាធារណៈ ៖ អំពើបោះបង់អាវុធ ឬវត្ថុដ៏ទៃទៀតដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់បុគ្គល នៅក្នុងទីសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូទៅបាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី១ លាន ទៅ៦ លានរៀល ។ នេះជាវាសនាអ្នកកាសែតអនឡាញម្នាក់ និងអ្នក បកប្រែភាសាថៃម្នាក់ អត់ការងារធ្វើរពិសដៃ(ផ្ទៃជាប់គុក)យកគ្រាប់មីនទៅដាក់ក្នុងស្នាក់ការនគរបាលប៉ុស្តិ៍ ឲ្យមានរឿងកើត ឡើងយ៉ាងដូច្នេះ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/98ea7f0a13d46ae2756fe3deaef2da24.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/dd339c1be20ce3a6ed4c1c1571b844ae.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2096cd86772a2863730e3d0b3c8f7609.jpg)
ចែករំលែកព័តមាននេះ