ខេត្តបន្ទាយមានជ័យ ៖ ប៉ាយតាមដងផ្លូវ និងម៉ូតូជាច្រើនគ្រឿងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតស្ទូច និងលើកដាក់រថយន្តយកទៅអធិការដ្ឋាននគរបាលក្រុង ខណៈឱសានវាទបានមកដល់ ។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លោក សាន ស៊ាន ហូអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារ និងកងកម្លាំងចុះពិនិត្យមើលប៉ាយយីហោផ្សេងៗ និងសណ្តាប់ធ្នាប់តាមដងផ្លូវចាប់ពីចំណុចរង្វង់មូលរហូតដល់គល់ស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ជាមួយគ្នានេះប៉ាយយីហោមួយចំនួនត្រូវបានស្ទូចចេញឯម៉ូតូជាច្រើនគ្រឿងដែលក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃទទួលបញ្ញើរដើម្បីប្រាក់ក្នុងបរិវេណផ្លូវចូលធ្វើការជាប់ និងអគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ត្រូវបានអាជ្ញាលើកដាក់រថយន្តផងដែរ ។
លោក សាន ស៊ាន ហូចៅហ្វាយក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា មុនវិធានការនេះចាប់ផ្តើមអនុវត្តន៍លោកបានចុះណែនាំផ្ទាល់ និងមានទាំងដាក់មេក្រូជូនដំណឹងជាច្រើនដងរួចហើយថា ដោយសារចំណុចខ្លះពុំអនុវត្តន៍តាមសេចក្តីជូនដំណឹង និងណែនាំម្យ៉ាងដល់ពេលកំណត់ឱសានវាទទើបលោកដឹកនាំក្រុមការងារចុះចាត់វិធានការតែម្តង ។
លោកបន្តថា ចំពោះម៉ូតូដែលលើកដាក់រថយន្តយកទៅអធិការនគរបាលក្រុងពុំមានយកប្រាក់សូម្បីតែ១០០រៀល គឺគ្រាន់តែឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទៅដាក់ផ្ញើរនៅមាត់ច្រកទ្វារអន្តរជាតិតទៅទៀតព្រោះវាប៉ះពាល់ដល់សោភ័ណភាព ។ ដោយឡែកម៉ូតូដែលអត់បានបង់ពន្ធបើករកឃើញ និងតម្រូវឲ្យបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ