ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បាន​សម្រេច​ប្រហារជីវិត​មាន់​ជល់​៩២​ក្បាល​ជា​ផ្លូវការ​ហើយ

6 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ម្សិលមិញ​នេះ​ មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បាន​រឹបអូស​ក្នុង​ការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​មាន​ឥទ្ធិពល​មួយ​ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ម្សិលមិញ​នេះ​ មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បាន​រឹបអូស​ក្នុង​ការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​មាន​ឥទ្ធិពល​មួយ​ នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់ ត្រូវ​បាន​កម្ទេច​ចោល​ទាំងអស់ គឺ​ធ្វើ​ពិធី​ជា​ផ្លូវការពិឃាត​ដោយ​អារ​.​ក​ត្រង​ឈាម​ដាក់​ចានដែក​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក ហុ​ក វ៉ា​ន់​ធី​ណា និង​មានការ​ឯកភាព​ពី​តំណាង​អយ្យការ លោក ឯក ស៊ុន​រស្មី ។

ក្នុង​សេចក្តីសម្រេច​របស់​លោក​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី​១៩ ធ្នូ បាន​លើក​ហេតុផល​ពី​ការ​សម្រេច​ឱ្យ​កម្ទេច​មាន់​ជល់​ទាំង​៩២​ក្បាល​នេះ ព្រោះ​យល់​ឃើញ​ថា ការ​ថែរក្សា​មាន់​ជល់​ចំនួន​៩២​ក្បាល មានការ​លំបាក ដោយ​ចំណាយ​សោហ៊ុយ​ផ្សេង​ៗ និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើត​មាន​ជា​ថ្មី ព្រមទាំង​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់រហ័ស​គប្បី​កម្ទេច​ចោល​មាន់​ជល់​ទាំង​៩២​ក្បាល​នេះ ។ការ​កម្ទេច​ចោល​អា​គក​ជិត​១០០​ក្បាល​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ និង​ជា​លើក​ដំបូង​ហើយ​ដែល​មានការ​ពិឃាត​ច្រើន​ក្បាល​បែប​នេះ ។

គួរ​រំលឹក​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ខេត្តកណ្ដាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ មានឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី​ជា​ម្ចាស់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត ។ រីឯ​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​៦៤​នាក់ ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​ភ្លាម​ៗ រួច​ផ្តន្ទាទោស​មួយ​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ព្យួរ ហើយ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ ។មន្ត្រី​តុលាការ​បញ្ជាក់​ថា ឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពី​បទ​«​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់​» តាម​មាត្រា​៥​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​» ។

គួរ​រំឭក​ឡើង​វិញ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​ចំនួន​ពីរ​កន្លែង ដែល​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ហ៊ាន​ប៉ះ ពាល់​រហូត​មាន​បទបញ្ជា​ក្តៅ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ទើប​មានការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​បាទី ហើយ​បន្ត​ទៅ​អរិយ​ក្សត្រ ជន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ បន្ទាប់​ពី​បាន​ចូល ប្រគល់​ខ្លួន​តាម​សម្រួល​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ។ចាប់​ភ្លាម​ៗ​នោះ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល បញ្ជាក់​ថា តាម​តួលេខ​ចុង​ក្រោយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​រង្វង់​ប្រតិបត្តិការ​ចុះ​បង្ក្រាប មាន​ចំនួន​៦៤​នាក់ ខណៈ​ដំបូង​មាន​មនុស្ស​ជាង​១៥០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ខ្លះ​ជា​ជាងសំណង់ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ ។

សម្រាប់​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស​វិញ លោកស្នងការ បាន​បញ្ជាក់​ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ដែល​រហូត​ដល់​ពេល​នេះ​ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ជា​បន្តបន្ទាប់ ឱ្យ​តែ​រថយន្ត​និង​ម៉ូតូ​ទាំងនោះ​មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ។ ចំណែក​រថយន្ត​និង​ម៉ូតូ​មួយ​ចំនួន​ទៀត​មិន​ទាន់​ប្រគល់​ឱ្យ​នោះ​ទេ ដោយសារ​តែ​អ្នក​អះអាង​ថា​ជា​ម្ចាស់​មិន​មាន​ឯកសារ បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ ឱ្យធ្វើ​លិខិតបញ្ជាក់​ពី​មូលដ្ឋាន​មក​សិន ទើប​អាច​ប្រគល់​ឱ្យ​បាន ។សូម​បញ្ជាក់​ថា ចំណាត់ការ​ដ៏​ក្តៅ​របស់​សមត្ថកិច្ច​នេះ បន្ទាប់​ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បញ្ជា​ឱ្យ​ម្ចាស់​សង្វៀន​បញ្ជល់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ​ឱ្យ​ប្រគល់​ខ្លួន​ដល់​កម្លាំង​សមត្ថកិច្ច ។ សម្តេច​តេ​ជោ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ជា​បន្ទាន់ ។ បើ​ពួក​គេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឱ្យ​ខាង​តែ​បាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬ​ក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏​ដោយ​» ។

គួរ​កត់​សម្គាល់ថា ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​នៅ​អរិយ​ក្សត្រ ស្នងការ​ខេត្ត​បាន​ប្រើប្រាស់ កម្លាំង​នគរបាល​ប្រមាណ​១៥០​នាក់ និង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ជាង​២០​នាក់​ទៀត​គឺ​បាន​ព័ទ្ធ​ក្រសោប​ចាប់​បាន​ទាំងអស់ ។ ចំណែក​មាន់​ជល់​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ​គឺជា​មាន់​ដែល​មាន​តម្លៃ​សម្រាប់​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់ រហូត​មាន់​ខ្លះ​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ខ្លះ​៥០០០​ដុល្លារ និង​ខ្លះ​រាប់​ពាន់​ឬ​រាប់រយ​ដុល្លារ​ផង​ដែរ ។ មន្ត្រី​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​ឱ្យ​ដឹង​ថា ពិធី​ពិឃាត​មាន់​ជល់​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​គណៈកម្មការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​លើ​ទីលាន​ប្រហារ​មាន​លោកស្នងការ​នគរបាល​ខេត្ត លោក​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម ។ ខ្មោច​មាន់​ដែល​ត្រូវ​បាន​ពិឃាត​ដោយ​អារ​.​ករួច​ហើយ​នោះ​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​កប់​ចោល តែ​មិនដឹង​ថា​កប់​នៅ​កន្លែង​ណា​នោះ​ទេ ។ អ្នកខ្លះ​និយាយ​បែប​កំប្លែង​ថា អា​គក​នេះ​គ្មាន​ជំងឺ​ទេ គួរតែ​យក​ទៅ​ងាំ​ង៉ូ​វ​វិញ ប្រសើរ​ជាង​កប់​ចោល ។

រឿងរ៉ាវ​ដែល​ត្រូវ​បាន​កត់សម្គាល់​ជុំវិញ​ការ​ចាប់​មាន់​ជល់​មក​ឃុំ​ទុក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នោះ មាន់​របស់​ថៅកែ​ជ្រូក​ខ្វៃ​នៅ​ច្បារ​អំពៅ ត្រូវ​បាន​អ្នកក្លាហាន​ម្នាក់​បាន​បន្លំ​ខ្លួន​ចូល​លួច​យក​ទៅ​ឱ្យ​ម្ចាស់ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​៥០០០​ដុល្លារ តែ​រំលង​បាន​១​ថ្ងៃ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​បុរស​រូប​នោះ​ហើយ​យក​បាន​មាន់​នោះ​មក​វិញ ដែល​ពេល​នេះ​អា​គក​ដ៏​មាន​តម្លៃ​នោះ​ត្រូវ​បាន​ប្រហារជីវិត​ដោយ​អារ​.​ករួច​ទៅ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ