រាជធានីភ្នំពេញ ៖ អាជ្ញាធរភ្នំពេញបានអះអាងថា អ្នកធ្លាប់ជាប់គុកបទល្មើសលួចឆក់ ពេលចេញមកវិញ ឡើងឋានៈដល់កម្រិតប្លន់តែម្តង សូមឲ្យអាជ្ញាធរមូលដ្ឋានមានការប្រុងប្រយ័ត្ន និងជំម្រុញផែនការអប់រំណែនាំឲ្យបានល្អ ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា អ្នកជាប់ទោសតែងតែឡើងថ្នាក់ បទល្មើសពីជាប់ទោសលួចតែពេលចេញពីគុកវិញ មកធ្វើសកម្មភាពប្លន់ដែលជាចំណុច មន្ត្រីអនុរក្សត្រូវយកចិត្តទុកដាក់ និងកែប្រែឲ្យបានល្អ ។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរពិតប្រាកដដល់ទណ្ឌិតធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកឧត្តម ។
លោកមានចាន់យ៉ាដា បានលើកឡើងទៀតថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់មន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរពិតប្រាកដដល់ជនជាប់ឃុំ នៅពេលពួកគេមានសេរីភាពនៅក្នុងសង្គម ។ ការស្នើសុំឲ្យរដ្ឋបាលរាជធានី និងមន្ទីរជំនាញពាក់ព័ន្ធចូលរួមគាំទ្រដល់ការបណ្តុះបណ្តាលមុខវិជ្ជាជីវៈទណ្ឌិតស្ថិតនៅជាប់ឃុំ ។ លោកបន្តថា ដើម្បីឲ្យទណ្ឌិតដែលបានចេញពីគុកវិញ បានកែប្រែនឹងយកវិជ្ជាជីវៈដែលបានហាត់រៀនពេលជាប់ទោសមកប្រកបមុខរបរនៅក្នុងសង្គមដោយសុចរិត មិនបន្តធ្វើសកម្មភាពល្មើសច្បាប់បន្តទៀតនោះ មន្ត្រីអនុរក្សត្រូវចេះអប់រំចិត្តសាស្ត្រដល់ទណ្ឌិតឲ្យបានល្អ ហើយពេលចេញមកវិញ អាជ្ញាធរមូលដ្ឋានត្រូវតាមដានមើលទណ្ឌិតនោះជាប់ជាប្រចាំ ថាតើពួកគេបានកែប្រែខ្លូនឬទេ ។ លោក បានចាត់ទុកការបើកវគ្គនេះ គឺការផ្តល់តម្លៃដល់អ្នកជាប់ទោសក្រោយ ពីបានអប់រំកែប្រែខ្លួន និងពួកគេបានធ្វើសមារណកម្មវិលចូលទៅក្នុងសហគមន៍ព្រមទាំងមានមូលដ្ឋានទៅប្រកបមុខរបរសុចរិតនៅក្នុងសង្គមវិញនោះ ។
លោកម៉ៅ សំបុណ្យ ឧត្តមអគ្គានុរក្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃមានប្រសាសន៍ថា អ្នកទោសមួយចំនួនបានកែប្រែខ្លួនបានយ៉ាងល្អ ដូច្នេះ លោកចង់ឲ្យក្រុមហ៊ុនដែលបានដេញថ្លៃពីស្ថាប័នរដ្ឋអាចបញ្ជូនការរងារមួយទៅដល់ទណ្ឌិតដែលបានបណ្តុះបណ្ដាលក្នុងពន្ឋធនាគារមានការងារធ្វើ និងទោះបីមានតម្លៃទាបជាង និងស្តង់ដារដូចអ្វីដែលក្រុមហ៊ុនធ្វើក៏ដោយ ដើម្បីឲ្យពួកគេទទួលបានកម្រៃខ្លះពីការងារនេះ ៕
ចែករំលែកព័តមាននេះ