រាជធានីភ្នំពេញ ៖ ក្រុមចោរស្ទាវ៦នាក់រួមជាមួយអ្នកទទួលផលចោរកម្មម្នាក់ផង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ធ្នូ ក្រោយពីក្រុមចោរទាំងនោះបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ១គ្រឿងពីយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ធ្នូ នៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ក្រុមចោរបានយកម៉ូតូដែលប្លន់បាននោះទៅលក់ឲ្យជនម្នាក់ដែលជាអ្នកទទួលបញ្ចាំ ក្រោយមកត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការនគរបាលខណ្ឌក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ និងចុះទៅបង្ក្រាបផ្ទះទទួលផលចោរកម្ម និងជាជាងជួសជុលទិញលក់ម៉ូតូ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបាននិយាយថា ជនសង្ស័យដែលជាមុខសញ្ញាចោរកាប់ប្លន់ម៉ូតូត្រូវចាប់ខ្លួននោះ ១-ឈ្មោះ ផល ចារ៉ាន់ អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះ វ៉ាន់ សុខនីត អាយុ១៧ឆ្នាំ មានទីលំក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ៣-ឈ្មោះ អេង លីហុ័ងអាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ៤-ឈ្មោះ ប៊ុត ជាលីនុ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ។ ៥-ឈ្មោះ ភាព មករា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ ស្រែរាជ្ជះ សង្កាត់សំរោងក្រោម ។ ៦-ឈ្មោះ លី សុគន្ធបញ្ញា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និង៧-គឺជាមុខសញ្ញាទទួលផលចោរកម្មឈ្មោះ ហួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងទិញលក់ម៉ូតូផងដែរ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកម៉ូតូដែលពួកគេប្លន់ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-9384 រកឃើញនៅផ្ទះទទួលផលចោរកម្មរបស់ឈ្មោះហួន វិចិត្រ ហើយម៉ូតូខាងលើនោះគឺជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះឈាង ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ម៉ូតូស្គូពីនោះត្រូវបានអ្នកទទួលផលចោរកម្មខាងលើ ដោះបំបែកចេញអស់ហើយក្នុងបំណងលក់គ្រឿងកាប់សាច់ ។ ក្រោយពេលកើតហេតុម៉ូតូខាងលើរួមជាមួយម៉ូតូជាច្រើនគ្រឿងទៀតត្រូវបាននគរបាលដកហូតយកចេញពីទីតាំងទទួលបញ្ចាំខាងលើទៅរក្សាទុកនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមច្បាប់ ។
ជនរងគ្រោះនិយាយថា នៅមុនពេលកើតហេតុនាយប់ថ្ងៃទី១៩ ធ្នូ ខ្លួនបានខ្ចីម៉ូតូបងជិះទៅលេងសង្សារនៅក្នុងបុរីពិភពថ្មី(កំបូល)លុះជិះម៉ូតូត្រឡប់ទៅផ្ទះវិញដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមចោរប្លន់មានគ្នាប្រមាណជិត២០នាក់ជិះម៉ូតូជាង១០គ្រឿងតាមពីក្រោយនិងស្ទាក់ផ្លូវឲ្យឈប់ រួចបានធ្វើសកម្មភាពកាប់ប្រហារមកលើខ្លួនទាំងកំរោល ។ ពេលនោះខ្លួនបានស្រែកអង្វរនិងលើកដៃសំពះសុំការអត់ឱនដែរតែជនទាំងនោះនៅតែកាប់មកលើខ្លួនគ្មានប្រណី ។ ទោះបីខ្លួនខំប្រឹងរត់គេចក៏ជនទាំងនោះនៅតែតាមដេញកាប់សម្លាប់ដដែលប៉ុន្តែសំណាងល្អខ្លួនបានរត់រួចទាំងការឈឺចាប់ ទើបក្រុមចោរទាំងនោះលើកយកម៉ូតូជិះរត់គេចខ្លួនបាត់អស់ ហើយខ្លួនបានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយស្រាវជ្រាវទើបចាប់ខ្លួនបានជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ