ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេបូមខ្សាច់លុបព្រៃកោងកាងរាប់សឹបហិកតាទើបមន្ត្រីជើង១០ដឹង

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បន្ទាប់​ពី កោះសន្តិភាព បាន​ចុះ​ផ្សាយ​រឿងអាស្រូវ​ការ​លួច​បូម​ខ្សាច់​លុប​យក​ដី​ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មណ្ឌល​សីមា មួយ​ចំណែក​និង​ស្ថិត​ក្នុង​ក្រុង​ខេមរៈភូមិន្ទ នៃ​ខេត្តកោះកុង មួយ​ចំណែក និង​មាន​ផ្ទៃដី​ច្រើន​ហិ​កតា​ដែល​បាន​បូម​ខ្សាច់​ពេញ​រួច​ហើយ ។…

ខេត្តកោះកុង ៖ បន្ទាប់​ពី កោះសន្តិភាព បាន​ចុះ​ផ្សាយ​រឿងអាស្រូវ​ការ​លួច​បូម​ខ្សាច់​លុប​យក​ដី​ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មណ្ឌល​សីមា មួយ​ចំណែក​និង​ស្ថិត​ក្នុង​ក្រុង​ខេមរៈភូមិន្ទ នៃ​ខេត្តកោះកុង មួយ​ចំណែក និង​មាន​ផ្ទៃដី​ច្រើន​ហិ​កតា​ដែល​បាន​បូម​ខ្សាច់​ពេញ​រួច​ហើយ ។ ចំណែក​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​មិន​បានដឹង និង​ត្រូវ​ទទួល​រង​ប្រតិកម្ម​ពី​ថ្នាក់លើ​របស់​ខ្លួន​បន្តបន្ទាប់ ហើយ​ត្រូវ​ចាត់​វិធាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​របាយការណ៍​អំពី​លទ្ធ​ផល​នៃ​សកម្មភាព​ល្មើសច្បាប់​ជា​បន្ទាន់​ដើម្បី​ចាត់វិធានការ​បង្ក្រាប​តាម​ផ្លូវច្បាប់ ។

លោក ស្រេង ហុង អភិបាលរង​ខេត្តកោះកុង​បាន​ប្រាប់ កោះសន្តិភាព នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ តាម​ទូរស័ព្ទ​ថា លោក​បាន​ទទួល​របាយការណ៍​របស់​មន្ទីរ​រ៉ែ និង​ថាមពល​រួច​ហើយ​អំពី​ការ​ចុះ​ពិនិត្យ​សកម្មភាព​ល្មើស​ខាងលើ​នេះ​ហើយ​មន្ទីរ​បាន​សុំ​គោលការណ៍​ចុះ​វាស់វែង​រក​បរិមាណ​ខ្សាច់​ដែល​បាន​លួច​បូម​រួច​ហើយ​ដើម្បី​ផាក​វិន័យ​ថ្លៃ​សួយ​សារ​ចូល​ថវិការដ្ឋ ហើយ​ខេត្ត​ក៏​បាន​ឯកភាព​តាម​គោលការណ៍​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​មន្ទីរ​ពាកព័ន្ធ​ផ្សេង​ទៀត​នៅឡើយ​ទេ ។

លោក រស់ វី​រ៉ា​វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ដែរ​ថា លោក​បាន​ចាត់​មន្ត្រី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​រួច​ហើយ​ប៉ុន្តែ​ជន​បង្ក​បទល្មើស​បាន​គេចខ្លួន​អស់ ។ លោក​កំពុង​វែក​រកមុខ​ថា តើ​បុគ្គល​ណាមួយ​ជា​ម្ចាស់​ដី​បើ​កន្លង​មក​ជំនាញ​របស់​លោក​មិន​ដែល​បាន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិសំរាប់​ដី​ក្នុង​តំបន់​នេះ​ម្តងណា​ឡើយ ព្រោះ​វា​ជា​តំបន់​ការពារ​ដោយ​បរិស្ថាន ។

ចំណែក​លោក ម៉​ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១០​នឹង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ថា​លោក​ក៏​បាន​ចាត់តាំង​មន្ត្រី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​បូម​ខ្សាច់​ល្មើសច្បាប់​ខាងលើ​នេះ​ដែរ ប៉ុន្តែ​ជន​បង្ក​បាន​រើ​ម៉ាស៊ីន​ទុយោ​បូម​ចេញ​អស់​មុន​ពេល​មន្ត្រី​របស់​លោក​ទៅ​ដល់ ។ លោក​បាន​សង្កត់ធ្ងន់​ថា ផ្ទៃដី​ខាងលើ​នេះ​ត្រូវ​បាន​កាត់​ចេញ​ជា​ដី​សហគមន៍​ដោយ​ព្រះរាជ​ក្រិ​ត្យ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​អាស្រ័យ​ផល​ក្នុង​លក្ខណៈ​គ្រួសារ ។

ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កម្មសិទ្ធិ​កាន់កាប់​លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​ក្រសួងបរិស្ថាន​ជា​មុន​សិន ទើប​អាច​ធ្វើ​ទៅ​បាន ។ ចំពោះ​ទីតាំង​ល្មើសច្បាប់​ខាងលើ​នេះ​គឺ​ពុំ​មាន​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​ដល់​ការ​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យទៅ​បុគ្គល​ណា​ម្នាក់​ឡើយ ។

ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​សហការ​គ្នា​ស្វែងរក​ជន​ប្រព្រឹត្តិ​សកម្មភាព​ល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ។ មិនតែប៉ុណ្ណោះ​គួរ​មាន​វិធានការ​ចំពោះ​ជន​ប្រព្រឹត្តិ​សកម្មភាព​ល្មើស​បូម​ខ្សាច់​លុប​យក​ដី​ឱ្យ​បូម​ដី​ចេញ​វិញ ដើម្បី​រំដោះ​ព្រៃកោងកាង​ដែល​កំពុង​រង​ការ​ខូចខាត​រាប់​សិប​ហិ​កតា​មក​វិញ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ