ខេត្តកំពង់ធំ ៖ ផ្ទះរបស់ប្រជាពលរដ្ឋធ្វើអំពីឈើប្រក់ក្បឿងចំនួន៣ខ្នង រួមនិងទ្រព្យសម្បត្តិជាច្រើនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ មានចំនួន៣ខ្នង ដែលធ្វើអំពីឈើជញ្ជាំងក្តាប្រក់ក្បឿងរួមមាន ផ្ទះទី១.ម្ចាស់ឈ្មោះ ចាន់ ឃីម ភេទស្រី អាយុ៧៨ឆ្នាំ មានទំហំ៩ម៉ែត្រគុណបឹង៩ម៉ែត្រ ផ្ទះទី២.ម្ចាស់ឈ្មោះ សួស គៃ ភេទស្រី អាយុ៦០ឆ្នាំ មានទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ និងផ្ទះទី៣.ម្ចាស់ឈ្មោះ ឌី ខេន ភេទស្រី អាយុ៥៥ឆ្នាំ ដែលមានទំហំ៧ម៉ែត្រគុណនឹង៩ម៉ែត្រ ។
នៅក្នុងឧប្បទ្ទវហេតុអគ្គិសភ័យខាងលើនេះ ជាបឋមសមត្ថកិច្ចបានសន្និដ្ឋានថា អាចបង្កឡើយមកពីការដុតទានធូប ព្រោះថា បើយោងតាមការឲ្យដឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឲ្យដឹងថា វាកើតឡើងចំថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ម្សិលមិញនេះ ត្រូវនឹងថ្ងៃខែដាច់ ថ្ងៃសីល ហើយម្ចាស់ផ្ទះឈ្មោះ ចាន់ ឃីម អាយុ៧៨ឆ្នាំ លោកយាយបានអុជធូបទានដោតនៅលើកំប៉ុងជើងធូបច្រនៀងផ្ទះដែលនៅជាប់ជញ្ជាំង ដើម្បីបួងសួងសុំសេចក្តីសុខ រួចក៏បានចុះដើរទៅលេងផ្ទះកូនចៅនៅក្បែនោះបាត់ មួយសន្ទុះក្រោយមកគេក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះរបស់គាត់ រួចហើយក៏ឆាបឆេះរៀលដាលទៅដល់ផ្ទះដែលនៅជិតគ្នាជាបន្តបន្ទាប់រហូតដល់៣ខ្នង ទម្រាំតែរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកបារាយណ៍ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានមកជួយបាញ់ពន្លត់កុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋដទៃទៀត ក៏ប៉ន្តែមិនអាចជួយដល់ផ្ទះដែលកំពុងតែឆេះនោះបានទេ ដោយផ្លូវសារឆ្ងាយពេកទម្រាំតែរថយន្តពន្លត់អគ្គិភ័យមកដល់ ប្រើរយៈពេលយូរ ហើយការឆេះមានរយៈវេលាខ្លី ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ។
លោក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ បានបន្តឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួនបីរថយន្ត ក្នុងនោះរថយន្តរបស់អធិការដ្ឋានស្រុកបារាយណ៍១គ្រឿង និងរថយន្តស្នងការដ្ឋានខេត្តកំពង់ធំ២គ្រឿង ព្រមទាំងប្រើម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង ដោយមានចូលរួមពីប្រជាពលរដ្ឋ និងកម្លាំងបញ្ជាការពារភូមិ ជាពិសេសលោកស្នងការខេត្តបានចុះបញ្ជាផ្ទាល់ និងលោកអភិបាលស្រុកបារាយណ៍ ។ នៅក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួងឡើយ គ្រាន់ឆេះអស់ផ្ទះចំនួនបីខ្នង និងទ្រព្យសម្បត្តិគ្មានសល់ នៅមិនទាន់ដឹកថាសរុបអស់ប៉ុន្មាននៅឡើយនោះទេ ៕
ចែករំលែកព័តមាននេះ