រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានប្រតិកម្មទៅនឹងមនុស្សមួយក្រុមដែលមានចេតនាមិនល្អ ក្នុងការស្នើឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីក្រោយពេលអស់តំណែង។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបានសរសេរថា៖ «ចេតនា និងការប៉ុនប៉ងបែបនេះ មិនមែនទើបតែកើតឡើងនៅពេលថ្មីៗនេះទេ តែវាមានចេតនានេះយូរមកហើយ។ នេះជាចេតនាទុច្ចរិតបំភាន់មតិសាធារណៈឲ្យយល់ច្រឡំថា នាយករដ្ឋមន្ត្រីនៅក្នុងតំណែងបច្ចុប្បន្នបានធ្វើឲ្យមានកំហុសធ្ងន់ធ្ងរចំពោះប្រទេសជាតិ ហើយមានការភ័យខ្លាច ក្នុងពេលដែលបាននិងកំពុងមានគុណសម្បត្តិដ៏ធំធេង មិនអាចប្រកួតបាន»។
លោក សុខ ឥសាន្តបានបន្ថែមទៀតថា៖ «នេះអាចនិយាយថា ជាក្បួនយកឈ្នះគណបក្សប្រជាជនកម្ពុជា ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យជាធរមាននៅកម្ពុជា។ បញ្ហាសាមញ្ញសោះ មូលហេតុអ្វី បានជាចង់បង្កើតឲ្យមានការស្មុគ្រស្មាញម្ល៉េះ? ច្បាប់មានរួចហើយ ម៉េចមិនអនុវត្ត?
លោកបានថ្លែងថា អ្នកណាចង់បានច្បាប់បែបដែលចង់បាននោះ គួរតែនាំគ្នាបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងនយោបាយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទៅ នៅពេលណាឈ្នះឆ្នោតហើយ ធ្វើច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ឬច្បាប់ការពារនាយករដ្ឋមន្ត្រីអស់តំណែងនោះទៅជាការស្រេចទៅហើយ មិនចាំបាច់ចំណាយពេលជជែកផ្សាយតាមវិទ្យុដោយឥតប្រយោជន៍នោះទេ ។
លោកបានចំអកថា៖ «ដូច្នេះអស់លោកអ្នកមានវោហាទាំងឡាយ គួរបង្កើតគណបក្សនយោបាយទៅខិតខំឲ្យបានឈ្នះឆ្នោតទៅ អស់លោកចង់បានស្អី អស់លោកអាចធ្វើបានតាមចិត្តចង់ទៅហើយ»។
នេះមិនមែនជាលើកទីមួយទេ ដែលមានប្រតិកម្មតបយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាលើបញ្ហានេះ។ សូមរម្លឹកថា ថ្មីៗនេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៊ិច លោក លី ឡាយស្រេង បានស្នើគាំទ្រឲ្យមានការព្រៀងច្បាប់ការពារនាយករដ្ឋមន្ត្រីក្រោយពេលអស់តំណែង៕
ចែករំលែកព័តមាននេះ