រាជធានីភ្នំពេញ៖ ឆ្លើយតបនឹងការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនសីនហ្សូអាបេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅតូក្យូ ប្រទសជប៉ុនហើយ។
ក្នុងអំឡុងស្នាក់នៅប្រទសជប៉ុនរបស់សម្តេចតេជោ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយលោក សីន ហ្សូអាបេ នឹងធ្វើការប្រកាសព័ត៌មានរួមគ្នាក្រោយពេលនាយករដ្ឋមន្ត្រីទាំងពីរអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជាមាន ៖
ទី១-ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគំរោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុប ៣.៩៤៨លានយ៉េន ស្មើប្រមាណជា៣៥លានដុល្លារអាមេរិក។
ទី២- ឥណទានសម្បទានសម្រាប់គំរោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុប២៣.៥០២លានយ៉េន ស្មើប្រមាណ ២០៩លានដុល្លារអាមេរិក។
នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនោះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីឱកាសវិនិយោគនៅកម្ពុជា រៀបចំដោយសមាគមជប៉ុន-កម្ពុជា៕
ចែករំលែកព័តមាននេះ