ការថែរក្សាហ្វ្រាំងរថយន្តឲ្យបានល្អ គឺជាកត្តាមួយយ៉ាងសំខាន់ដើម្បីសុវត្ថិភាពក្នុងការបើកបរលើដងផ្លូវ តែវាត្រូវបានម្ចាស់រថយន្តភាគច្រើនមិនយកចិត្តទុកដាក់នោះទេ ។ ជាការពិតណាស់ ការថែរក្សាហ្វ្រាំងរថយន្ត អាចធ្វើឲ្យយើងចំណេញថវិកាក្នុងការចំណាយទៅលើការប្តូរស្បែកហ្វ្រាំងញឹកញាប់ និងអាចការពារមិនឲ្យរថយន្តងាយនឹងបើកក្រឡាប់ទៀតផង ។
ដើម្បីថែរក្សាហ្វ្រាំងរថយន្តឲ្យបានល្អ យើងត្រូវយកចិត្តទុកដាក់លើការសឹករេចរឹលនៃស្បែកហ្វ្រាំង ។ ជាធម្មតាទេ ប្រសិនបើយើងបើកបររថយន្តនោះជាញឹកញាប់ ហើយទៅផ្លូវឆ្ងាយៗទៀតនោះ ស្បែកហ្វ្រាំងនឹងឆាប់សឹក ។
តាមវេបសាយ Patchway Autoparts បានឲ្យដឹងថា គេមានសញ្ញា៤យ៉ាង (នៅខាងក្រោម) ដើម្បីដឹងថា ដល់ពេលដែលត្រូវប្តូរស្បែកហ្វ្រាំងរថយន្ត ។
១.មានអារម្មណ៍ថាញ័រជើងនៅពេលជាន់ហ្វ្រាំង ៖
នៅពេលដែលស្បែកហ្វ្រាំងដល់ពេលត្រូវប្តូរថ្មី គឺយើងអាចដឹងបានដោយសារតែមានការញ័រនៅឈ្នាន់ជាន់ហ្វ្រាំង ។ វាកើតឡើងដោយសារតែការសឹក ឬការកើនកម្តៅនៃស្បែកហ្វ្រាំង ។ យើងអាចប្តូរវាចេញ ដើម្បីកុំឲ្យប៉ះពាល់ដល់បន្ទះហ្វ្រាំងទាន់ ។
២.ស្បែកហ្វ្រាំងស្តើងខ្លាំង
វាអាចឃើញបាននៅពេលយើងឱនមើលតាមរយៈប្រឡោះកង់រថយន្ត ។ ប្រសិនបើបន្ទះស្បែកហ្វ្រាំងស្តើងខុសពីធម្មតា (ស្តើងជាង០.៦៣សង់ទីម៉ែត្រ) មានន័យថា ដល់ពេលដែលយើងត្រូវប្តូរថ្មីហើយ ។
៣.ហ្វ្រាំងលាន់សំឡេងពេលជាន់
នៅពេលយើងជាន់ហ្វ្រាំង វានឹងលាន់លឺសំឡេងនៅពេលវាសឹកខូច ។ នេះដោយសារតែ ស្បែកហ្វ្រាំងសឹក ហើយដូចជាយកដែកទៅគៀបនឹងដែកផ្ទាល់ ទើបបង្កជាសំឡេងបែបនេះ។ ពេលឃើញមានសញ្ញានេះ មានន័យថា យើងត្រូវអស់លុយប្តូរស្បែកហ្វ្រាំងថ្មីហើយ ។
៤. រថយន្តទាញទៅម្ខាង ៖
ការដែលរថយន្តទាញទៅម្ខាង អាចមកពីកត្តាជាច្រើន ដែលក្នុងនោះក៏មានកត្តាសម្បកកង់ និងកត្តាហ្វ្រាំងរថយន្តផងដែរ ។ តើធ្វើយ៉ាងណាទើបដឹងថា មកពីកត្តាមួយណា?
វាងាយស្រួលក្នុងការបែងចែក ដោយសារតែការសឹកស្បែកហ្វ្រាំងធ្វើឲ្យរថយន្តទាញទៅម្ខាងនៅពេលយើងជាន់ហ្វ្រាំង ។ ប្រសិនបើបើកទៅមុខសុខៗ ហើយទាញទៅម្ខាងនោះ គឺវាមកពីកត្តាផ្សេងហើយ ។
ដើម្បីរក្សាសុវត្ថិភាព និងអាយុកាលរបស់ហ្វ្រាំងរថយន្ត យើងគ្រប់គ្នាមិនគួរមើលរំលងចំណុចទាំង៤ខាងលើនោះទេ ៕
ចែករំលែកព័តមាននេះ