រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេចនៅតែមានសុខភាពរឹងមាំល្អធម្មតា ហើយសម្តេចនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅស្តាតអូឡាំពិកនៅថ្ងៃច័ន្ទទី ១៧ ខែកក្កដា ឆ្នាំ២០១៧នេះផងដែរ។
សម្តេចបានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចថា កាលពីថ្ងៃសៅរ៍ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជិះរថយន្តពិនិត្យមើលការរីកចម្រើនក្នុងរាជធានីភ្នំពេញ «ទន្ទឹមនឹងព័ត៌មានដែលបំពុលដោយពួកអគតិមួយចំនួនបានប្រឌិតថា សម្តេចតេជោ ត្រូវបានដឹកទៅព្យាបាលជំងឺនៅប្រទេសបារាំង ឬថាបញ្ជូនពីសាំហ្គាពួរ ទៅហុងកុង»។
សម្តេចតេជោ ហ៊ុន សែនបានសរសេរថា៖ «នេះគឺសុទ្ធសឹងតែជាពាក្យកុហកបោកប្រាស បំភ្លៃការពិតទាំងស្រុងដោយពួកអគតិជ្រុលនិយម។ សូមមបងប្អូនពិនិត្យមើល អ្នកដែលបំផុសព័ត៌មាននេះ តើពួកគេមានចេតនាអ្វីពិតប្រាកដ? សម្តេចតេជោ នាយករដ្ឋមន្ត្រីមានសុខភាពល្អរឹងមាំជាធម្មតា ហើយកាលពីម្សិលមិញក៏បានចេញផ្សាយ Video clip បំភ្លឺជូនសាធារណៈរួចហើយ ក្នុងពេលដែលសម្តេចតេជោ អញ្ជើញធ្វើដំណើរតាមផ្លូវក្នុងរាជ ធានីភ្នំពេញ ក្បែរសណ្ឋាគារភ្នំពេញ»។
សម្តេចបញ្ជាក់ ៖ «នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅស្តាតអូឡាំពិក។ សូមបងប្អូនចូល រួមទាំងអស់គ្នាឱ្យបានច្រើនកុះករ ដើម្បីមោទនៈភាពជាតិយើងទាំងអស់គ្នា»។
តាមរយៈវីដេអូខ្លីបបង្ហោះក្នុងហ្វេសប៊ុកសម្តេចកាលពីព្រឹកថ្ងៃសោរ៍នោះ គឺឃើញវត្តមានរបស់សម្តេចជិះក្នុងរថយន្តក្នុងក្រុងភ្នំពេញ ហើយសម្តេចក៏បានបញ្ជាក់សារថាមានការទាក់ទងមកតាម WhatsApp តេឡេក្រាម និងតាមការនិយាយតៗគ្នាថា «ខ្ញុំកំពុងឈឺធ្ងន់ ហើយប្អូន ក្មួយបង្កើតរបស់ខ្ញុំក៏បែរជាយល់ថា ខ្ញុំកំពុងត្រូវបញ្ជួនទៅប្រទេសបារាំង មួយចំនួនទៀតថា ខ្ញុំកំពុងតែបញ្ជូនពីសាំងហ្គាពួរទទៅហុងកុង។ តែថ្ងៃនេះកំពុងស្ថិតនៅខាងមុខសណ្ឋាគារភ្នំពេញ បានសេចក្តីថា ខ្ញុំកំពុងតែជិះសង្កេតមើលក្រុងភ្នំពេញនេះតែម្តង»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដូច្នេះពាក្យចចាមអារាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត់ចោលតាមរយៈនៃក្លីបវីដេអូរបស់ខ្ញុំដែលកំពុងតែផ្សាយនៅលើផ្លូវដែលខ្ញុំចេញដំណើររបៀបធម្មតា ហើយកំពុងតែស្ទះចរាចរណ៍ដូចគេដូចឯងអញ្ចឹងដែរ»។
ការបង្ហាញវត្តមានរបស់សម្តេចចុងសប្តាហ៍នេះ ជាការឆ្លើយតបទៅអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ឆាម ឆានី ដែលមាននិន្នាការទៅរកបក្សប្រឆាំងដែលបានបង្ហោះសារថា សម្តេចមានជំងីធ្ងន់ធ្ងរ ហើយចាកចេញពីប្រទេសកម្ពុជាស្ងាត់ៗ ដោយមិនផ្ទេរសិទ្ធជានាយករដ្ឋមន្ត្រីស្តីទីទៅ លោក ស ខេង ដោយមិនការមិនទុកចិត្ត៕
ចែករំលែកព័តមាននេះ