រាជធានីភ្នំពេញ ៖ ការលក់រថយន្តថ្មីនៅកម្ពុជា នៅតែរក្សាបានកំណើនទីផ្សារល្អ បើទោះជារាជរដ្ឋាភិបាលបានដំឡើងពន្ធដែលធ្វើឲ្យតម្លៃកើនឡើងមួយកម្រិតក្តី ។ យ៉ាងណាក៏ដោយ ទីផ្សារមួយនេះកំពុងប្រកួតប្រជែងយ៉ាងក្ដៅគគុកជាមួយរថយន្ដមួយទឹក ដែលគ្រប់គ្រងចំណែកទីផ្សារប្រមាណជាង៧០%នាពេលបច្ចុប្បន្ន ។
លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Precision Car (Cambodia) Ltd ដែលបាននាំចូលរថយន្តប្រណីតម៉ាក Porsche មកកាន់ទីផ្សារកម្ពុជា បានសម្តែងសុទិដ្ឋិនិយមអំពីទីផ្សារដោយសារការលក់រថយន្តរបស់ក្រុមហ៊ុនបានកើនឡើង៤៨% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោកបន្តថា ៖« ខ្ញុំនៅតែមានជំនឿចិត្តចំពោះទីផ្សារនេះ ដោយសារការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជា»។ លោកបន្តថា ៖« ដោយសារកម្ពុជាជាទីផ្សារដែលកាន់តែមានសក្តានុពលបែបនេះ ទើបក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា » ។
បើតាមការបញ្ជាក់ពីអគ្គនាយករូបនេះ រថយន្តម៉ាកPorsche មានតម្លៃចាប់ពីជាង១២ម៉ឺនដល់ជាង៣០ម៉ឺនដុល្លារអាមេរិកក្នុង១គ្រឿង ។
ចំណែកលោក Akira Odagaki ប្រធានក្រុមហ៊ុនទ្រី ផេដ អីុស៊ូហ្ស៊ុ ខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយរថយន្ដអីុស៊ូហ្ស៊ុ Pickups និងSUV ផ្ដាច់មុខនៅកម្ពុជា បានថ្លែងថា ការលក់រថយន្ដរបស់ក្រុមហ៊ុនសម្រេចបានកំណើន៩០% បើធៀបនឹងឆ្នាំមុន ហើយបច្ចុប្បន្ន ក្រុមហ៊ុនទទួលបានចំណែកទីផ្សារ៣០%នៃប្រភេទរថយន្ដPick Ups ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។
លោកមានសុទិដ្ឋិនិយមថា ៖« ការលក់នឹងមានកំណើនថេរក្នុងរង្វង់១០%នាឆ្នាំនេះ និងឆ្នាំបន្ដបន្ទាប់ ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានកំណើនរឹងមាំក្នុងរង្វង់៧% និងមានស្ថិរភាពល្អ ។ ក្នុងនោះប្រភេទដែលលក់ដាច់ជាងគេ គឺរថយន្ដ Isuzu D-Max Blue Power និង Isuzu MU-X Blue Power ដោយមានតម្លៃចាប់ពី៤៨.៩០០ដុល្លារអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X» ។
ការលើកឡើងស្រដៀងគ្នានេះដែរ លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន Great Wall បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ មិថុនាកន្លងមកថា លោកបាននាំចូលរថយន្តថ្មីប្រមាណ២០០គ្រឿងនៅឆ្នាំនេះ ដែលជាចំនួនច្រើនជាងឆ្នាំមុនពី១០ទៅ២០% ដោយសារការលក់របស់ក្រុមហ៊ុនរក្សាបានកំណើនដូចគ្នានេះ ។ លោកបន្តថា រថយន្តដែលនាំចូលជាប្រភេទរថយន្តប្រភេទSUV ជារថយន្តដែលកំពុងពេញនិយមនៅកម្ពុជា ព្រោះវាសមស្របនឹងស្ថានភាពផ្លូវ និងមានតម្លៃសមរម្យ ។
ចំពោះតម្លៃរថយន្តប្រភេទ SUV Great Wall មានចាប់ពីជាង៣ម៉ឺនដល់ជាង៤,៦ម៉ឺនដុល្លារក្នុង១គ្រឿង ដែលជាតម្លៃសមរម្យ មានគុណភាពល្អ និងរូបរាងស្អាត ធៀបនឹងរថយន្តនាំចូលដទៃទៀត។
បើទោះបីជាការលក់រថយន្ដថ្មីដំណើរការល្អ និងមានសញ្ញាវិជ្ជមានក៏ដោយ ក៏ក្រុមហ៊ុននាំចូលរថយន្ដថ្មីទាំងនោះ នៅតែមានឧបសគ្គផងដែរ ពិសេសការប្រកួតប្រជែងដ៏ក្ដៅគគុកជាមួយទីផ្សាររថយន្ដមួយទឹក គ្រាដែលពន្ធរថយន្ដថ្មីត្រូវបានរាជរដ្ឋាភិបាលដំឡើងបន្ថែមទៀតនោះ ។
លោក ពាង ម៉ាន់ និយាយថា ៖« យើងជួបឧបសគ្គមួយចំនួនទាក់ទងនឹងរថយន្តថ្មី ដូចជាការដំឡើងពន្ធបន្ថែមរបស់រាជរដ្ឋាភិបាល ការនាំចូលរថយន្តជជុះកាន់តែច្រើន និងប្រព័ន្ធហិរញ្ញវត្ថុដែលផ្តល់ឥណទានដល់អ្នកទិញរថយន្ត មានអត្រាការប្រាក់ខ្ពស់ និងមានរយៈពេលខ្លី » ។
បើតាមតួលេខគយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កំណើននាំរថយន្តចូលមកទីផ្សារកម្ពុជា គិតជាមធ្យមកើនឡើង១៦៤% ៕
ចែករំលែកព័តមាននេះ