រាជធានីភ្នំពេញ ៖ ទីផ្សារក្រពើរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យម្ចាស់កសិដ្ឋានទាំងតូចទាំងធំបោះបង់មុខរបរនេះចោលមួយចំនួន ខណៈមួយចំនួនទៀតកំពុងដេកព្រួយបារម្ភរាល់ថ្ងៃអំពីទីផ្សារធ្លាក់ងើបមិនរួចមួយនេះ ហើយបានដង្ហោយសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ ដែលភាគច្រើននៃអ្នកចិញ្ចឹមក្រពើទាំងនោះនៅខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង និងពោធិ៍សាត់ ។ ចំណែកខេត្តមួយចំនួនទៀតបានបោះបង់របរនេះស្ទើរអស់ទៅហើយ ដោយភូមិខ្លះឃើញមានចិញ្ចឹមដាក់ច្រវាក់តែ១ក្បាល ឬ២ក្បាលនៅក្នុងផ្ទះដូចចិញ្ចឹមជ្រូកប៉ុណ្ណោះ ។
កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តបាត់ដំបង
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង លោក ហេង ឆេង បាននិយាយថា ទីផ្សារសត្វក្រពើហាក់ដាំក្បាលចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកថា ៖ « ម្សិលមិញ (ថ្ងៃទី១១ មិថុនា ២០១៧) ខ្ញុំលក់កូនក្រពើ១ក្បាលបានត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ។ តម្លៃធ្លាក់ចុះរហូត មិនដូចប៉ុន្មានឆ្នាំមុនសោះ » ។
ថៅកែកសិដ្ឋានក្រពើរូបនេះឲ្យដឹងទៀតថា កាលពី៣ឆ្នាំមុន តម្លៃកូនក្រពើឡើងខ្ពស់ដល់ជាង៤០ដុល្លារក្នុង១ក្បាល តែក្រោយមកតម្លៃបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ពេលនេះ សល់តែ១២ដុល្លារក្នុង១ក្បាល ។
លោក ហេង ឆេង និយាយថា សព្វថ្ងៃនេះ តម្លៃកូនក្រពើមិនទៀងទាត់ទេ ពេលខ្លះឈ្មួញហ៊ានទិញក្នុងតម្លៃពី១៥ទៅ១៦ដុល្លារក្នុង១ក្បាល តែពេលខ្លះធ្លាក់មកនៅត្រឹម១២ដុល្លារ ប៉ុណ្ណោះ ។ ម្ចាស់កសិដ្ឋានដែលចិញ្ចឹមក្រពើជាង១ពាន់ក្បាល និងមានប្រវត្តិចិញ្ចឹមជាង៣០ឆ្នាំរូបនេះបញ្ជាក់ថា ៖ « ពិតមែនតែទីផ្សារកូនក្រពើធ្លាក់ចុះ តែឈ្មួញកណ្ដាលចូលមកពពាក់ពពូនគ្នាចាំទទួលទិញ ។
លោកថា គ្រាន់តែកូនក្រពើញាស់ភ្លាម មានម៉ូយរង់ចាំទិញជាស្រេច មិនចេះសល់ទេ » ។ ប៉ុន្តែលោកក៏បានប្រាប់ដែរថា ដោយសារតែតម្លៃទីផ្សារក្រពើធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះងើបមិនរួច ធ្វើឲ្យអ្នកចិញ្ចឹមក្រពើខ្នាតតូចមួយចំនួនបោះបង់មុខរបរនេះ ព្រោះគ្មានទុនសម្រាប់ទប់ទល់នឹងការឲ្យចំណី ។
អ្នកចិញ្ចឹមក្រពើមួយរូបទៀត លោក អុឹម អង្សា បាននិយាយថា នៅខេត្តបាត់ដំបងនេះ មានអ្នកចិញ្ចឹមក្រពើច្រើនកន្លែង តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារកូនក្រពើធ្លាក់ចុះ ទើបធ្វើឲ្យអ្នកចិញ្ចឹមក្រពើតូចតាចមួយចំនួនត្រូវបង្ខំចិត្តបោះបង់ ។ លោកបន្តថា បច្ចុប្បន្ន មានតែអ្នកចិញ្ចឹមជាកសិដ្ឋានធំៗទេ ដែលចិញ្ចឹមចាប់ពី១០០ក្បាលឡើងទៅ រីឯអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារ ក្រោម១០០ក្បាល បានបង្ខំចិត្តលក់ចេញអស់ហើយ ដោយសារមិនអាចធានានឹងចំណីបាន ព្រោះកូនក្រពើគ្មានទីផ្សារ រីឯចំណីក្រពើមានតម្លៃខ្ពស់ ហើយពិបាករកទិញទៀត ។
សម្រាប់ការនាំចេញកូនក្រពើរបស់ឈ្មួញកណ្ដាល បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនានានិយាយថា ពិតមែនតែគ្មានទីផ្សារ តែមានឈ្មួញជាច្រើនបានចូលមកទិញនៅខេត្តបាត់ដំបងនេះ។ ប្រភពដដែលបញ្ជាក់ថា ទីផ្សារនាំចេញកូនក្រពើបច្ចុប្បន្ន ត្រូវគេដឹងថា ស្ទើរ៩០% ឈ្មួញនាំចេញទៅកាន់ប្រទេសវៀតណាម ហើយឈ្មួញវៀតណាមក៏បាននាំចេញបន្តទៅកាន់ប្រទេសដទៃទៀត ។ យ៉ាងណាក៏ដោយ មិនមានថៅកែក្រពើណាម្នាក់បានដឹងអំពីមូលហេតុនៃការធ្លាក់ថ្លៃនេះទេ ។
អ្នកចិញ្ចឹមភាគច្រើនកំពុងព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្លៃកូនក្រពើនេះ ។ ពួកគេបានលើកឡើងដូច្នេះថា បើទីផ្សារសត្វក្រពើនៅតែអាក្រក់ មិនអាចល្អប្រសើរឡើងវិញខ្លះទេ អ្នកចិញ្ចឹមមួយចំនួនអាចនឹងបង្ខំចិត្តបោះបង់មុខរបរនេះជាមិនខាន ព្រោះគ្មានទុនសម្រាប់ផ្ដត់ផ្គង់ចំណី ។ ម្ចាស់កសិដ្ឋាននីមួយៗត្អូញត្អែរថា ចំណីក្រពើសព្វថ្ងៃភាគច្រើនទិញចូលពីប្រទេសថៃ ដែលមានត្រី និងក្បាលត្រី តែក្នុងតម្លៃខ្ពស់គួរសម។ ដូច្នេះ នេះជាបញ្ហាប្រឈមបំផុតរបស់អ្នកចិញ្ចឹម ។
បើតាមការកត់សម្គាល់ នៅខេត្តបាត់ដំបង កសិករដែលនិយមចិញ្ចឹមក្រពើច្រើនជាងគេ គឺមាននៅក្នុងក្រុងបាត់ដំបង និងនៅស្រុកឯកភ្នំ ជាពិសេស គឺស្រុកឯកភ្នំនេះតែម្ដង ដែលភាគច្រើនគេចិញ្ចឹមនៅតំបន់ទន្លេសាប ព្រោះតំបន់នោះសម្បូរកូនត្រីសម្រាប់យកធ្វើចំណី ។ យ៉ាងណាក៏ដោយ មិនទាន់មានតួលេខពិតប្រាកដពីមន្ត្រីជំនាញនៅឡើយទេ អំពីចំនួនកសិដ្ឋានចិញ្ចឹមក្រពើនេះ ខណៈដែលភ្នាក់ងារសារព័ត៌មានកោះសន្ដិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ តែពុំមានអ្នកទទួល ហើយថែមទាំងចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទថែមទៀត ។
ចំនួនក្រពើដែលមាននៅកសិដ្ឋានខេត្តសៀមរាប
ចំណែកក្រពើដែលកំពុងចិញ្ចឹមនៅខេត្តសៀមរាបវិញ ក៏មានវាសនាដូចគ្នាដែរ ។ បើតាមរបាយការណ៍ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមរយៈពេល៦ខែដើមឆ្នាំនេះ កសិករចិញ្ចឹមក្រពើមានចំនួន២៩២គ្រួសារ ទាំងមានច្បាប់ និងអត់ច្បាប់ ក្នុងនោះមានក្រពើចំនួន៣៧ម៉ឺនក្បាល ហើយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន កើនឡើង៣០% ។ អ្នកចិញ្ចឹមក្រពើទាំងនោះកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែទីផ្សារក្រពើធ្លាក់ថ្លៃ ជាងឆ្នាំ២០១៦ទៅទៀត ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ក្រពើចំនួន៣៧០.៦៥៦ក្បាលដែលគេចិញ្ចឹមនោះរួមមាន ក្រពើមេចំនួន២៤.៨៦៨ក្បាល, ឈ្មោល ចំនួន៩.៦០៩ក្បាល, មេជំទង់ចំនួន១០.០៤៣ក្បាល, ឈ្មោលជំទង់ចំនួន២.៣០០ក្បាល និងកូនចំនួន៣២៣.៨៣៦ក្បាល ។
ម្ចាស់កសិដ្ឋាននិយាយថា តម្លៃកូនក្រពើកាលពីឆ្នាំ២០១៥ ក្នុង១ក្បាលតម្លៃ១៨ទៅ២០ដុល្លារ ខណៈនៅឆ្នាំ២០១៦ និង២០១៧នេះធ្លាក់មកនៅត្រឹមតែ១០ទៅ១២ដុល្លារ ។ ពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សារឱ្យពួកគាត់ផង ។
កសិដ្ឋានក្រពើនៅខេត្តពោធិ៍សាត់
ពាក់ព័ន្ធនឹងការសំណូមពរជួយរកទីផ្សារក្រពើនេះដែរ អ្នកចិញ្ចឹមក្រពើនៅខេត្តពោធិ៍សាត់ដែលនៅសេសសល់តែ៤ឬ៥កសិដ្ឋាននោះ បានលើកឡើងស្រដៀងគ្នាថា ខណៈដែលនៅទូទាំងប្រទេសកំពុងរអ៊ូរទាំរឿងស្រូវ ដំឡូងមី ម្រេច កៅស៊ូ និងជ្រូកចុះថ្លៃមិនទាន់នឹងដោះស្រាយផង ឥឡូវនេះ ទីផ្សារក្រពើបានធ្លាក់ថ្លៃទៀត ។
លោក ជិន លាងគី ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា នៅខេត្តពោធិ៍សាត់មានអ្នកចិញ្ចឹមក្រពើបួនប្រាំកន្លែងប៉ុណ្ណោះ ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ មិនបើកជាកសិដ្ឋានទ្រង់ទ្រាយធំដូចលោកនោះទេ ។ លោកថា ៖ « ពីមុន ខ្ញុំបើកកសិដ្ឋានចិញ្ចឹមជ្រូក ប៉ុន្តែដោយសាររាជរដ្ឋាភិបាលបើកឲ្យនាំជ្រូកចូលពីបរទេស ធ្វើឲ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះ ទើបខ្ញុំបោះបង់ការចិញ្ចឹមជ្រូកចោល ងាកមកចិញ្ចឹមក្រពើវិញ ដោយកាលណោះ ទីផ្សារក្រពើលក់បានថ្លៃ តែឥឡូវនេះបែរជាមានវាសនាដូចទីផ្សារជ្រូក និងផលិតផលកសិកម្មដដែល » ។
លោក ជិន លាងគី បានចាប់ផ្ដើមចិញ្ចឹមក្រពើក្នុងឆ្នាំ២០០៧ ដើម្បីយកកូនលក់ ។ ក្នុងកសិដ្ឋានមានក្រពើមេចំនួន២២០ក្បាល និងឈ្មោល៨០ក្បាល ។ ក្រោយមក លោកមានកូនក្រពើរាប់ពាន់ក្បាលដែលត្រូវទិញចំណីក្នុង១គីឡូក្រាមតម្លៃ១.៥០០រៀល ដោយរយៈពេលពី៧ទៅ១០ថ្ងៃឲ្យវាស៊ីម្ដង ក្នុងនោះក្រពើធំ១ក្បាលស៊ីម្ដង៣គីឡូក្រាម ហើយក្នុង១ឆ្នាំ ក្រពើពងតែម្ដងទេ គឺក្នុងអំឡុងខែកុម្ភៈ និងខែមីនា ដែលមេខ្លះមួយក្បាលពងបាន៤០និងខ្លះ៣០ ប៉ុន្តែពេលវាញាស់ គឺមិនបានគ្រប់ចំនួនទាំងអស់នោះទេ ។
លោកបន្ដថា ក្រពើមេចាប់ផ្ដើមពងដំបូងក្នុង១ក្បាលតម្លៃពី៥០០ទៅ៦០០ដុល្លារ និងអាយុលើសពី១០ឆ្នាំឡើងទៅតម្លៃ១.២០០ដុល្លារ ។ ចំណែកកូនក្រពើពីមុន១ក្បាលតម្លៃពី២៧ទៅ៣០ដុល្លារ ។ លុះនៅឆ្នាំ២០១៦ ធ្លាក់មកនៅត្រឹម១៧ដុល្លារ, ដើមឆ្នាំ២០១៧ នៅសល់១៥ដុល្លារ និងមកដល់ខែមិថុនានេះ ធ្លាក់មកដល់១២ដុល្លារប៉ុណ្ណោះ ។
លោកបានសំណូមពរដល់រាជរដ្ឋាភិបាលជួយរកទីផ្សារ ឬបង្កើតជាសមាគមអ្នកចិញ្ចឹមក្រពើដើម្បីលក់បានថ្លៃឡើងវិញ បើមិនដូច្នេះទេ ពួកគាត់អាចនឹងបោះបង់ការចិញ្ចឹមក្រពើនេះទៀតជាមិនខាន ។
សំឡេងថ្ងូរអ្នកចិញ្ចឹមក្រពើខេត្តកំពង់ធំ
ស្របពេលដំណាលគ្នានេះដែរ អ្នកចិញ្ចឹមក្រពើនៅខេត្តកំពង់ធំ បានសំណូមពរសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ ខណៈសត្វក្រពើរបស់ពួកគាត់កំពុងធ្លាក់ថ្លៃងើបមិនរួច ។ ទីតាំងចិញ្ចឹមក្រពើនៅខេត្តនេះមានចំនួនជាង៦០កន្លែង ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារក្រពើធ្លាក់ថ្លៃយ៉ាងគំហុក ធ្វើឲ្យពួកគាត់ជួបបញ្ហា និងសូមសំណូមពរដល់មន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេស រាជរដ្ឋាភិបាលជួយរកទីផ្សាដល់ពួកគាត់ ។
អ្នកចិញ្ចឹមក្រពើម្នាក់ឈ្មោះ លឹម តឹចអ៊ាវ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន បានរៀបរាប់ថា លោកចិញ្ចឹមក្រពើជាង២០០ក្បាល ។ កាលពី២ឬ៣ឆ្នាំមុន កូនក្រពើទើបនឹងញាស់ ១ក្បាលតម្លៃជាង២០ដុល្លារ។ នៅឆ្នាំ២០១៦ កូនក្រពើថ្លៃ១៧ដុល្លារ ហើយឆ្នាំ២០១៧នេះធ្លាក់ថ្លៃមកនៅ១៤ដុល្លារ ។ ចំណែកក្រពើប្រវែង១,៣ម៉ែត្រឡើងទៅ ឬហៅថាក្រពើពេញវ័យនោះ ពីមុន១ក្បាលថ្លៃចាប់ពី៧០ដុល្លារឡើងទៅ តែឥឡូវនៅសល់តែ៤៥ដុល្លារ ហើយគ្មានអ្នកទិញទៀត ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនជាមានអ្នកទិញក្នុងតម្លៃនេះ ក៏មិនអាចលក់បានដែរ ពីព្រោះវាខាតច្រើនពេក មិនគ្រប់ថ្លៃទិញចំណីឲ្យក្រពើស៊ីនោះទេ ។ លោកក៏បានសុំឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយរកទីផ្សារជូនពួកគាត់ និងសូមឲ្យជួយអន្តរាគមន៍ផងនៅពេលក្រពើមានជំងឺ ។
លោក ចាន់ ភី អាយុ៦៥ឆ្នាំ ជាអ្នកចិញ្ចឹមក្រពើជាង១ពាន់ក្បាលនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ក៏កំពុងព្រួយបារម្ភពីវាសនាទីផ្សារក្រពើនេះដែរ ហើយបានសំណូមពរសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារដល់ពួកគាត់ និងសំណូមពរសុំឲ្យអង្គការសាយតេស ប្រចាំប្រទេសកម្ពុជា ជួយបញ្ចូលសត្វក្រពើខ្មែរចូលទៅក្នុងប្រភេទឧបសម្ព័ន្ធទី២វិញ ព្រោះថា ប្រសិនបើចូលក្នុងឧបសម្ព័ន្ធទី១នោះ គឺជាប្រភេទសត្វកម្រជិតផុតពូជដែលនៅលើទីផ្សារអន្តរជាតិមានប្រទេសធំៗមួយចំនួនពួកគេអត់ទិញទេ ដូចជានៅអាមេរិកជាដើម ។
លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៧ មិថុនា ថា ខេត្តកំពង់ធំមានទីតាំងចិញ្ចឹមក្រពើចំនួន៦១កន្លែង ដែលមានក្រពើធំៗសរុបចំនួន១៦.៣០០ក្បាល និងក្រពើតូចៗរាប់សែនក្បាលទៀត ហើយកំពុងភ្ញាស់ពងជាបន្តបន្ទាប់ ក្នុងនោះនៅក្នុងក្រុងស្ទឹងសែនមានចំនួន៧កន្លែង និងស្រុកស្ទោងចំនួន៥៧កន្លែង។ លោកបន្ដថា កន្លងមក ខាងជលផលថ្នាក់កណ្តាលធ្លាប់បានចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីបច្ចេកទេសក្នុងការចិញ្ចឹម ការថែទាំ និងការធ្វើអាងយ៉ាងម៉េចកុំឲ្យប៉ះពាល់ដល់ស្បែកក្រពើ កាលណាក្រពើមានដំបៅ នឹងធ្វើឲ្យធ្លាក់តម្លៃ ។ ចំណែកបញ្ហានៅពេលដែលក្រពើមានជំងឺ សូមបងប្អូនរាយការណ៍មកខណ្ឌ លោកនឹងចាត់មន្ត្រីឲ្យចុះទៅជួយអន្តរាគមន៍បញ្ហានេះ ។
លោក ស៊ុន ហេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក៏បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា ចំពោះបញ្ហាបងប្អូនប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារនេះពិតជាជួបការលំបាក ដោយសារពួកគាត់មិនបានបង្កើតជាសហគមន៍សម្រាប់នាំចេញ ដែលជាហេតុធ្វើឲ្យក្រពើគ្មានហាងឆេងនៅលើទីផ្សារ។ កន្លងមក មន្ទីរក៏ធ្លាប់បានធ្វើរបាយការណ៍ជូនទៅក្រសួងអំពីផលិតផលដើមកំណើតពីសត្វ ដើម្បីឲ្យក្រសួងផ្សព្វផ្សាយរកទីផ្សារអន្តរជាតិសម្រាប់កសិផលពួកគាត់ដែរ ហើយលោកក៏បានសំណូមពរសុំឲ្យម្ចាស់អាជីវកម្មចិញ្ចឹមក្រពើនៅក្នុងខេត្ត នាំគ្នាចងក្រងជាសហគមន៍មក លោកនឹងនាំយកសំណើនេះទៅក្រសួងដើម្បីជួយរកទីផ្សារជូនពួកគាត់បន្ថែមទៀត ។
កសិដ្ឋានចិញ្ចឹមក្រពើ តាមការកត់សម្គាល់ មានតែខេត្តនៅតាមដងទន្លេសាបប៉ុណ្ណោះ ។ ចំណែកខេត្តភាគឦសានពុំមានចិញ្ចឹមទេ ។ ដោយឡែក ខេត្តកំពង់ឆ្នាំង ដោយសារព័ត៌មានពុំទាន់ច្បាស់ការណ៍ យើងនឹងផ្សាយជូនបន្ថែមទៀតនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ