ខេត្តសៀមរាប ៖ ចម្ការបឹងឈូកជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅតំបន់ភ្នំក្រោម ទើបតែបើកបានរយៈពេល៥ខែកន្លងមក ស្ថិតនៅក្បែរភ្នំក្រោម ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ។ ចម្ការបឹងឈូកមានចម្ងាយពីទីរួមខេត្តប្រមាណ១៥គីឡូម៉ែត្រ លើផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ៣០០ហិកតា ។ មានខ្យូសចំនួន៦០សម្រាប់ទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សម្រាកលម្ហែកាយ ។
បឹងឈូកបើកទ្វារស្វាគមន៍ភ្ញៀវតាំងពីព្រឹកម៉ោង៨រហូតដល់ម៉ោង៩យប់ ដោយមានម្ហូបអាហារ មានខ្យូសសម្រាកលម្ហែកាយ សួនផ្កា សួនកុមារ ទាទឹក និងស្ទូចត្រីកម្សាន្ត ។ ការធ្វើដំណើរតាមរថយន្ត ឬម៉ូតូទៅទស្សនាកម្សាន្តនៅភ្នំក្រោម ខណៈទៅជិតដល់ក្រឡេកមើលទៅខាងស្តាំដៃ ប្រមាណជិត២គីឡូម៉ែត្រ ឃើញរមណីយដ្ឋានបឹងឈូកបណ្តាលឱ្យមានអារម្មណ៍ស្រស់ស្រាយ ។
ទីនោះមានម្លប់ឈើខ្យល់បក់រំភើយ មានសួនកម្សាន្តរបស់កុមារ ខ្យូសគូស្នេហ៍ និងខ្យូសគ្រួសារ-មិត្តភក្តិសង់ពីលើស្រះឈូកបន្តពីស្ពានឈើសម្រាប់គយគន់សួនផ្កាចម្រុះពណ៌នៅចំកណ្តាលទីធ្លា រួចបន្តទៅស្រះធំសម្រាប់ភ្ញៀវជិះទាទឹកកម្សាន្ត ។
ចំពោះការចូលទស្សនា និងថតរូបភ្ញៀវត្រូវទិញសំបុត្រ១០០០រៀល និងរថយន្តតម្លៃ២០០០ ។ រមណីយដ្ឋានផ្តល់អាទិភាពជូនភ្ញៀវទទួលទានអាហារ ដោយអាចប្រើវិក័យបត្រទូទាត់ប្រាក់ប្តូរប្រាក់ថ្លៃសំបុត្រវិញ ពោលគឺភ្ញៀវទទួលទានអាហារមិនត្រូវគិតប្រាក់ថ្លៃសំបុត្រចូលរីសតទេ ។
ក្រោមបរិយាកាសដ៏ស្រស់ត្រកាលនៃខ្យូសសង់លើស្រះឈូក អមដោយសួនផ្កាចម្រុះពណ៌និងសួនដំណាំហូបផ្លែដ៏ធំល្វឹងល្វើយ រួមទាំងតម្លៃម្ហូបអាហារសមរម្យ បើធៀបនឹងបណ្តាភោជនីយដ្ឋានផ្សេងក្នុងខេត្តសៀមរាប ទាក់ទាញភ្ញៀវច្រើនទៅកម្សាន្ត ។
ផ្លូវទៅភ្នំក្រោមនេះទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅកម្សាន្តលើបឹងទន្លេសាប ដោយសារផ្លូវនេះជាផ្លូវវាង ដែលពួកគេអាចវិលចូលក្រុងសៀមរាប ដើម្បីទទួលទានអាហារថ្ងៃត្រង់វិញ ។
ក្រៅពីមុខម្ហូបបញ្ជាតាមការពេញចិត្ត មានបន្ថែមមុខម្ហូបប៊ូហ្វេបែបខ្មែរទៀត សម្រាប់បំពេញសេចក្តីត្រូវការរបស់ភ្ញៀវ ភ្លាមៗទាន់ចិត្ត ។
សម្រាប់ការរៀបចំពិធីជប់លៀងនាពេលល្ងាចវិញកាន់តែរីករាយជាមួយទិដ្ឋភាពថ្ងៃលិចអែបភ្នំក្រោម ខណៈសួនផ្ការំលេចសម្រស់គួបនឹងភ្លើងពណ៌ពេលរាត្រី ៕
ចែករំលែកព័តមាននេះ