ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទតាមាន់ តាក្របីៈ ដួងព្រលឹងខ្មែរ សឹងគ្មានខ្មែរទៅដល់

1 ខែ មុន

តា​មាន់ និង​តា​ក្របី ជា​ប្រាសាទបុរាណ​របស់​កម្ពុជា​ពីរ ដែល​កំពុង​តែ​រង់ចាំ​វត្តមាន​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​ថៃ នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​ឧត្ត​មាន​ជ័យ ។ អ្នក​អភិរក្ស​សម្បត្តិ​វប្បធម៌ នៅ​តាម​បណ្តោយ​ព្រំដែន…

តា​មាន់ និង​តា​ក្របី ជា​ប្រាសាទបុរាណ​របស់​កម្ពុជា​ពីរ ដែល​កំពុង​តែ​រង់ចាំ​វត្តមាន​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​ថៃ នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​ឧត្ត​មាន​ជ័យ ។

អ្នក​អភិរក្ស​សម្បត្តិ​វប្បធម៌ នៅ​តាម​បណ្តោយ​ព្រំដែន កំពុង​ដង្ហោយ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ដែល​ពាក់ព័ន្ធ​កុំ​បំភ្លេច​ប្រាសាទបុរាណ នៅ​តាម​តំបន់​ព្រំដែន​ថៃ ជា​ពិសេស គឺ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី ។

អ្នក​អភិរក្ស​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ប្រាសាទ​ទាំង​ពីរ​នោះ គឺ​មាន​តែ​អ្នកទេសចរ​ថៃ ប៉ុន្តែ​សម្រាប់​អ្នកទេសចរ​ខ្មែរ​យើង​សឹងតែ​មិន​មាន ទោះបីជា​ប្រាសាទ​នោះ​ស្រស់​ស្អាត និង​មាន​ស្ថាបត្យកម្ម​ក៏​ដូច​ជា​រចនា​បទ​មិន​ចាញ់​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​ក៏​ដោយ ។

លោក​បាន​បញ្ជាក់​ថា យុវជន​គួរតែ​នាំ​គ្នា​ទៅ​លេង ឬ​ក៏​បង្កើត​កម្មវិធី​ផ្សេង​ៗ​នៅ​ទីនោះ ដើម្បី​បាន​ស្គាល់​ប្រាសាទ​ផង ស្គាល់​ភូមិសាស្ត្រ និង​ស្គាល់​ទីតាំង ហើយ​ដឹង​ស្ថានភាព​ពិត​នៅ​តាម​បណ្តោយ​ព្រំដែន​មិនមែន​ស្រលាញ់​ចូល​ចិត្ត​តាមតែ​ទូរស័ព្ទ តាមតែ​បណ្តាញ​សង្គម​ដែល​គេ​ផ្សព្វផ្សាយ គេ​ចែករំលែក​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហុង យឿ​ន ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តឧត្តរមានជ័យ បាន​ប្រាប់​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​១១ ខែកក្កដា​ថា ចំពោះ​ប្រាសាទ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ និង​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ទាក់ទង និង​ការងារ​អភិរក្ស យើង​ពុំ​ទាន់​អាច​ធ្វើ​អី​បាន​ធំដុំ​នោះ​ទេ ក្រៅពី​ការ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ទុក ។

ដោយឡែក​ប្រាសាទ​ផ្សេង​ទៀត ដែល​នៅ​ក្រៅពី​បន្ទាត់​ព្រំដែន​ក្រៅ​តំបន់​មួយ​ចំនួន​ធំ មន្ទីរ​បាន​ដាក់​ឆ្មាំ ដើម្បី​សម្អាត​ជា​ប្រចាំ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ភ្ញៀវ​ទេសចរ គឺ​មាន​តិចតួច​ចំពោះ​ភ្ញៀវ​ខាង​ខ្មែរ តែ​ខាង​ថៃ គឺ​មាន​ច្រើន​គួរ​អោយ​កត់សម្គាល់ ។ ដោយសារ​តំបន់​ប្រាសាទ​នេះ ធ្លាប់​មានការ​ផ្ទុះអាវុធ​កន្លង​មករ​វាង​ខ្មែរ និង​ថៃ ហើយ​ជា​តំបន់​ប្រទាញប្រទង់ ដូចនេះ​ការ​ទាក់ទាញ​ទេសចរ​អោយមក​ទស្សនា​ពិតជា​រឿង​មួយ​ពិបាក ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា «​ស្ថានភាព​របស់​ប្រាសាទ គឺ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ជា​ពិសេស​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី គឺ​មាន​កងទ័ព​ប្រទេស​ទាំង​នៅ​យាម សម្អាត​ជា​ប្រចាំ​» ។ មក​ដល់​ពេល​នេះ​ប្រាសាទតាមាន់ធំ និង ប្រាសាទ​តា​ក្របី គឺជា​ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង ស្ថានភាព​ប្រទាញប្រទង់​រវាង​កម្ពុជា និង​ថៃ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​កងទ័ព​កម្ពុជា​បាន​កំពុង​តែ​ថែរក្សា និង​ការពារ​នៅ​ទីនោះ ។

ប្រាសាទតាមាន់ធំ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គូ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ តាម​ផ្លូវជាតិ​លេខ ៥៦ ដែល​មាន​ចម្ងាយ ពី​ទី​រួម​ក្រុង​សំរោង ៤៨​គីឡូម៉ែត្រ ។ ពី​ប្រាសាទតាមាន់ធំ​ទៅ​ប្រាសាទតាមាន់តូច​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ។ ប្រាសាទតាមាន់ធំ​មាន​ទំហំ ៦០​ម​X៦០​ម សាងសង់ អំពី​ថ្មភក់ ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ដោយ​ប្រាសាទ​នេះ បាន​ធ្វើការ​ចុះបញ្ជី​សារពើ​ភ​ណ្ឌ័​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​ហើយ ។

តាម​ការ​វាយតម្លៃ​របស់​អ្នក បុរាណវិទ្យា​បាន​បញ្ជាក់​ថា សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​នេះ​បាន​សាងសង់​រួច​ហើយ ប៉ុន្តែ​ផ្នែក​ចម្លាក់​រចនា​វិញ​យើង​ស​ងេ្ក​ត​ឃើញ​ថា នៅ​សល់​ផ្ទៃ​ច្រើន​នៃ​ប្រាសាទ​ដែល​មិន​ទាន់​ឆ្លាក់ ។ នៅ​ក្នុង​ទីតាំង​ប្រាសាទ​នេះ គឺជា​ទីកន្លែង​អាស្រម​មួយ​កាលពី​សម័យ​មុន​អង្គរ​នេះ នេះ​បើ​តាម​អ្នក​ស្រាវជ្រាវ​បកស្រាយ​យោង​ទៅ​តាម​សិលាចារឹក​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ។

ប្រការ​គួរ​អោយ​ចាប់អារម្មណ៍​មួយទៀត របស់​ប្រាសាទ គឺ​គេ​ពុំ​បាន​ពង្រាបដី​ឱ្យ​ស្មើ ដើម្បី​សាងសង់​ឡើយ គឺ​គេ​សាងសង់​ផ្ទាល់​លើ​ថ្មភ្នំ ដោយ​គ្រាន់តែ​ដាប់​ឱ្យ​ស្មើ​ល្មម​ៗ តែ​ប៉ុណ្ណោះ ហើយ​ប្រហែលជា​យក​ថ្ម​នៅ​ទីនោះ​តែ​ម្តង​មក​សង់​ប្រាសាទ ។ ចំពោះ​បដិមា​វិញ យើង​ពុំ​ទាន់​ឃើញ​មាន​អ្វី​ទាំងអស់ លើកលែងតែ​នៅ​ក្នុង​បន្ទប់​មួយ​មាន​បដិមា​ធម្មជាតិ​ស្រាប់ ។ នេះ គឺជា​សាច់​ថ្មដុះ​មក​លើ​ត្រង់​ហើយ ដែល​ខ្មែរ​បុរាណ​ចាត់​ទុក​ថា ជា​លិង្គ ។

សូមជ្រាប​ថា លិង្គ​មាន​ពីរ​បែប ។ លិង្គ​ដែល​មនុស្ស​ឆ្លាក់​ហើយ​អាច​ប្តូរ​ទីកន្លែង​បាន​ដែល​គេ​តែង​យក​ទៅ​តម្កល់​បញ្ចុះ​ក្នុង​យោនី​នោះ​គេ​ហៅ​ថា​«​ស្ថា​បិត​លិង្គ​» ។ រីឯ​ថ្ម​ដែល​ជាប់​នឹង​ផ្ទាំង​នៅ​ក្នុង​ដី ហើយ​ដែល​មាន​រូបរាង​លេច​ចេញ​មក​លើ​ល្មម​អាច​ឱ្យ​គេ​ចាត់​ទុក​ថា ជា​លិង្គ​បាន​គេ​ហៅ​ថា «​ស្វ័​យ​ម្ភូ​វ​លិង្គ » ន័យ​ថា លិង្គ​ដែល​កើតឡើង​ដោយ​ឯកឯង ។ ចំពោះ​ការ​គោរព​សក្ការៈ​នៃ​លិង្គ​ទាំង​ពីរ គឺ​មាន​ដូច​គ្នា ប៉ុន្តែ​ស្វ័​យ​ម្ភូ​វ​លិង្គ​នៅ​ទី​នេះ ភ្ជាប់​នៅ​ក្រៅ​បរិវេណ ប្រាសាទ​តាម​ចង្អូរ​ថ្ម ឬ​ទរ​បង្ហូរ​ទឹកមន្ត «​សោម​សូទ្រ​» ដែល​គេ​រៀបចំ​សម្រាប់​ទឹកមន្ត​ស្រោចស្រព​ក្នុង​ពិធី​លើ​លិង្គ​នោះ​ហូរ​ទៅ​ក្រៅ ដើម្បី​សាសនិក​នានា​ត្រង​យក​ទៅ​ប្រើ​ក្នុង​ជំនឿ​ផ្សេង​ៗ​រៀង​ៗ​ខ្លួន ។

ដោយឡែក​ប្រាសាទ​តា​ក្របី មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ឈើ​ស្លា​.​ប់ ឃុំ​គោក​ខ្ពស់ ប៉ុន្តែ​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​ដែរ ។ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​បាន​ពីរ​ផ្លូវ គឺ​ផ្លូវ​លេខ​៥៦ និង​លេខ​៥៨ ដែល​មាន​ចម្ងាយ​ប្រមាណ ៥៧​គីឡូម៉ែត្រ ពី​ក្រុង​សំរោង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ