រាជធានីភ្នំពេញ ៖ គេបានកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៥ឆ្នាំកន្លងមក មានវត្ថុយក្សកម្រិតជាតិ និងពិភពលោកប្លែកៗចំនួន១០ប្រភេទរួមមាន ៖ នំអន្សមយក្ស រាំម៉ាឌីហ្សុនយក្ស មួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស ទាញព្រ័ត្រយក្ស អង្រុតយក្ស កន្ត្រងប្រហុកយក្ស អុកចត្រង្គយក្ស សំបុកពងមាន់យក្ស និងចាប៉ីដងវែងខ្នាតយក្ស ។ តែសម្រាប់ឆ្នាំ២០១៧នេះជាខួបទី៥នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅលើទឹកដីខេត្តសៀមរាប ដោយរៀបចំឲ្យមានវត្ថុយក្សកម្រិតជាតិ២ប្រភេទដែលបានដាក់តាំងបង្ហាញគឺចាប៉ីដងវែងខ្នាតយក្ស និងសំបកពងមាន់យក្សដែលមានទំហំធំជាងវត្ថុប្រើប្រាស់ធម្មតារាប់រយដង ។
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះចាប៉ីដងវែងខ្នាតយក្សបានទទួលវិញ្ញាបនបត្រចំនួនពីររួមមាន វិញ្ញាបនបត្ររបស់អង្គការយូណេស្កូ ទទួលស្គាល់ចាប៉ីដងវែងខ្មែរជាសម្បត្តិបេតិកភណ្ឌរូបិយ និងវិញ្ញាបនបត្រទីពីរគឺប្រគល់ជូនក្រុមការងារដំឡើងចាប៉ីដងវែងខ្នាតយក្សដែលវិញ្ញាបនបត្រទាំងពីរនេះ ប្រគល់ដោយលោកស្រី ភឿក សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្តង ។
គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៣ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារួមជាមួយស្ថាប័នពាក់ព័ន្ធដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្តប្រមាណ៣ពាន់នាក់ផងដែរ ។ កាលពីឆ្នាំ២០១៥កន្លងមកវត្ថុយក្សកម្រិតពិភពលោកបានបំបែកកំណត់ត្រាពិភពលោកគឺ នំអន្សមយក្សទម្ងន់៤០៤០គីឡូក្រាម និងរាំម៉ាឌីហ្សុនយក្សដែលមានមនុស្សចូលរួមចំនួន២០១៥នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ