រាជធានីភ្នំពេញ ៖ បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌកំបូលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបញ្ជាទិញសត្វព្រៃពីប្រជាពលរដ្ឋយកមកហូបអស់ហើយចាប់ស្ត្រីដែលជាអ្នកលក់សត្វព្រៃគំរាមទារប្រាក់ចំនួន៥លានរៀល។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e6f6fb20d54b8cc1b6a5df845d2c326a.jpg)
តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ០៥នាក់ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
តាមកងរាជអាវុធហត្ថបានឱ្យដឹងទៀតថា អាវុធហត្ថរាជធានីភ្នំពេញបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថា មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/deb6ee5a216ecb9dd26c9ec086d44ac1.jpg)
បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ជាបន្តបន្ទាប់ ។
ជនសង្ស័យរូបនោះរួមមាន ១-ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ, ២-ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ ៥១ឆ្នាំ, ៣-ឈ្មោះ ប៉ាក សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ, ៤-ឈ្មោះ គាន សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ, ៥-ឈ្មោះ ខៀវ
ហុន ភេទប្រុស អាយុ៤៩ឆ្នាំ ។ បុគ្គលទាំង០៤នាក់នេះ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/9d48e1728d2ef7801f65ff4dc084ff3e.jpg)
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក០៥ក្បាល ពស់វែក០១ក្បាល និងពស់ចាន់ល្មម ០២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន០៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅឋានវិញប្រាកដមែន ហើយប្រាក់ចំនួន៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះយកទៅចែកគ្នាហូបអស់ហើយ។
ជនសង្ស័យបានភាពឱ្យដឹងទៀតថា កន្លងមក មានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ ។ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/539befb7d40d66d508093ba26f2e2825.jpg)
ចែករំលែកព័តមាននេះ