រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបោះពុម្ពប័ណ្ណព័ត៌មានសម្រាប់ចែកជូនដល់អ្នកបោះឆ្នោតស្មើនឹងចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ។ នេះបើតាមការឲ្យដឹងពីសមាជិក គ.ជ.ប ។
លោក រ៉ុង ឈុន សមាជិក គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបេក្ខជន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ-សប) និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ-សង្កាត់ នាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីស្តីការ គ.ជ.ប ថា «ប័ណ្ណព័ត៌មានបោះទៅតាមចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។ ទាក់ទងនឹងប័ណ្ណនេះដែរ គ.ជ.ប បានសម្រេចរៀបចំការបែងចែកប័ណ្ណព័ត៌មាននេះមានលក្ខណៈជាក្រុម ដើម្បីចែកជូនឲ្យដល់ដៃប្រជាពលរដ្ឋ ។ ក្រុមនោះមានប្រធានឃុំ-សង្កាត់ រៀបចំការបោះឆ្នោតជាប្រធាន ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសមាជិក និងអង្គការសង្គមស៊ីវិល ជាសមាជិក និងមេភូមិជាសមាជិក» ។
លោក រ៉ុង ឈុន ថ្លែងទៀតថា សម្រាប់ការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនេះ ក៏បានផ្តល់ឱកាសដល់ភ្នាក់ងារគណបក្សនយោបាយនីមួយៗចូលរួមសង្កេតការណ៍ផងដែរ ។ លោកស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីទទួលបានប័ណ្ណព័ត៌មានឲ្យបានគ្រប់ៗគ្នា ពោលគឺអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។
លោក រ៉ុង ឈុន គូសបញ្ជាក់ថា «ប័ណ្ណព័ត៌មាននេះមិនអាចជំនួសអត្តសញ្ញាណប័ណ្ណយក ទៅបោះឆ្នោតបានទេ ប៉ុន្តែវាមានន័យសម្រាប់ឲ្យគាត់ត្រៀមលក្ខណៈ ឲ្យគាត់បានដឹងអំពីលេខរៀង និងលេខកូដ ទីកន្លែងបោះឆ្នោត ។ សុំឲ្យគាត់កាន់ប័ណ្ណនេះទៅជាមួយអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលដល់មន្ត្រីស្វែងរកឈ្មោះជូនគាត់» ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានសង្កត់ធ្ងន់ថា ចំនួនប័ណ្ណព័ត៌មានស្មើនឹងចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាផ្លូវការ ។ ប័ណ្ណព័ត៌មាននេះ មិនអាចជំនួសឯកសារសម្រាប់ការបោះឆ្នោតបានទេ ។ ប័ណ្ណនេះចែកជូនចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយធ្វើសកម្មភាពចែកតាមផ្ទះនៅក្នុងភូមិនីមួយៗ ។ ប៉ុន្តែបន្ទាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ប័ណ្ណព័ត៌មាននឹងប្រមូលទៅសាលាឃុំសង្កាត់ ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ភាពដែលអាចបោះឆ្នោតបានរបស់ប្រជាពលរដ្ឋ គឺមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ករណីអត់មានអត្តសញ្ញាណប័ណ្ណត្រូវប្រើឯកសារបម្រើឲ្យការបោះឆ្នោត) ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ការចែកជូនប័ណ្ណព័ត៌មានស្តីពីការបោះឆ្នោតនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋព្រោះថា នៅក្នុងប័ណ្ណនោះមានទាំងលេខរៀង ឈ្មោះការិយាល័យបោះឆ្នោតត្រឹមត្រូវ ។
ទោះជាយ៉ាងណាក្តី ការចែកប័ណ្ណព័ត៌មានក៏មានការជំទាស់ពីការតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ ។ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា ការចែកប័ណ្ណនេះធ្វើឲ្យខាតបង់ថវិកាជាតិឥតប្រយោជន៍ ព្រោះថាការបោះឆ្នោតត្រូវការតែអត្តសញ្ញាណប័ណ្ណមួយគ្រប់គ្រាន់ហើយ ។
ដោយឡែក តំណាងគណបក្សសង្គ្រោះជាតិវិញបានលើកឡើងថា ការចែកប័ណ្ណបោះឆ្នោតមានភាពមិនប្រក្រតី និងជាការផ្តល់ដល់អាជ្ញាធរមានឱកាសធ្វើការផ្សព្វផ្សាយព័ត៌មានផ្សេងបាន ។ ជាងនេះទៀត តំណាងគណបក្សប្រឆាំងក៏បានលើកឡើងពីភាពមិនប្រក្រតីនៃការចែកប័ណ្ណព័ត៌មាននេះ គឺមានការចែកនៅទីកន្លែងដែលមានស្លាកគណបក្សនយោបាយ ពិសេសនោះគណបក្សប្រជាជនកម្ពុជាតែម្តង ។
ការប្រកាសចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនេះ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដោយមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ជាង៧លាន៨សែននាក់ (៧.៨៦៤.០៣៣នាក់) ក្នុងចំណោមពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតសរុបជាង៩លាន៦សែននាក់(៩.៦៦៤.២១៦នាក់) ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានគណបក្សនយោបាយចំនួន១២ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការ សរុបទាំងអស់៩៤.៥៩៥ នាក់(ស្រី្ត២៥.៧៨៨នាក់) ៕
ចែករំលែកព័តមាននេះ