ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បា.ញ់

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឲ្យ​សិក្សា​ពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ យក​ធ្វើ​ជាទី​តាំង​ចុះ​ចត​យន្តហោះ ពេល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​បញ្ហា ឬ ពេល​មាន​គ្រាអាសន្ន​ណា​កើតឡើង​ជាយថាហេតុ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លើក​ឡើង​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា ២០១៧ ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ “​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន​” ហៅ​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​ផ្លូវ​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ ។ មហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក​និង​បឹង​ទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ដោយ​ចំណាយ​ថវិកា ៧៦ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​សាងសង់​នេះ ។ ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល និង​កាត់​បន្ថយ​ការ​កក់​ស្ទះចរាចរណ៍​នៅ​តំបន់​ចាក់​អង្រែ​លើ ចាក់​អង្រែ​ក្រោម ក៏​ដូច​ជា​ក្នុង​ក្រុង​តា​ខ្មៅ​ផង​ដែរ ហើយ​អ្នក​រាជធានី​ភ្នំពេញ​ក៏​អាច​ធ្វើ​ដំណើរ​កាត់​មហាវិថី​នេះ ឆ្ពោះទៅ​ផ្លូវ​ចំការ​ដូង ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ បាន​ដោយ​ងាយស្រួល​៕