ខេត្តព្រះសីហនុ ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានឆេះស្លាប់ក្នុងភ្នក់ភ្លើង ពេលភ្លើងកំពុងឆេះផ្ទះមួយខ្នង កាលពីយប់ម៉ោង១០ និង២៥នាទីយប់ថ្ងៃទី២១ កុម្ភៈ ស្ថិតត្រង់ចំណុចអ៊ីសែង (CI5) ក្នុងភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ។
ប្រភពពីកន្លែងកើតហេតុថា ក្មេងរងគ្រោះឈ្មោះម៉េង តុង អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវឆេះស្លាប់ខ្លោចខ្លួនមើលលែងយល់។ រីឯផ្ទះដែលសង់ឡើងពីឈើប្រក់ស័ង្កសី ទំហំ5×6ម៉ែត្រ ក៏ត្រូវឆេះដែរ ។ ប្រភពដដែលបន្តថា ចំពោះករណីនេះ ត្រូវបានសមត្តិកិច្ចធ្វើការចុះស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ព្រោះការឆេះផ្ទះធ្វើឱ្យមានមនុស្សស្លាប់យ៉ាងអាណោចអាធ័មដោយមិនដឹងពីមូលហេតុនេះ ។ មានការសង្ស័យថា ជាករណីដែលបង្កឡើងដោយមនុស្ស មិនមែនករណីឆេះផ្ទះដោយឯកឯងនោះទេ ។
ទោះបីយ៉ាងណា ចំពោះសមត្ថកិច្ចដែលកំពុងចុះអង្កេតនេះ សង្ស័យថា អាចជាករណីភ្លើងឆេះផ្ទះធម្មតាប៉ុណ្ណោះ ស្របពេលដែលហើយក៏មិនទាន់រកឃើញដើមហេតុឆេះដែរ ។ ករណីដែលនាំឱ្យសង្ស័យជាករណីភ្លើងឆេះផ្ទះធម្មតានេះ គឺនៅមុនកើតហេតុ ផ្ទះកើតហេតុជាផ្ទះចាំចំការ មានការផឹកស៊ីចំនួន៧នាក់ និងចាក់ធុងបាស់សើចរាំលេងយ៉ាងសប្បាយ។ រហូតដល់យប់បន្តិច ទើបនាំគ្នាឈប់ផឹកស៊ី ហើយបែកផ្លូវគ្នាចេញទៅមើលទូរស្សន៍ និងបុកប៊ីយែនៅចម្ងាយពីផ្ទះកើតហេតុប្រហែល300ម៉ែត្រ ដោយនៅផ្ទះនោះ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ។
បន្ទាប់មក គេក៏បានឃើញភ្លើងឆាបឆេះផ្ទះនោះពេញទំហឹង ដោយមិនអាចជួយសង្គ្រោះបាន រហូតជនរងគ្រោះស្លាប់នៅក្នុងភ្នក់ភ្លើងតែម្តង ។
ភ្នាក់ងាកោះសន្តិភាពបានព្យាមទំនាក់តាមទូរស័ព្វទៅខាងប៉ូលិសស្រុក ដើម្បីសុំព័ត៌មានលម្អិត តែបានត្រឹមតែឆ្លើយដាក់គ្នាទៅវិញទៅមក រវាងលោកអធិការងផ្នែកឆ្លើយសួរលោកអធិការ សួរលោកអធិការឱ្យបន្តទៅសួរលោកមេប៉ុស្តិ៍ ចំណែកសួរលោកមេប៉ុស្តិ៍ ឆ្លើយថា របាយការណ៍ឱ្យទៅលោកអធិការងផ្នែករួចហើយ ។
ចែករំលែកព័តមាននេះ