ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «ម៉ារីមានជ័យ» ដែលមានទីតាំងនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ។
បើតាមសំដីអ្នកបម្រើក្នុងផ្ទះសំណាក់ បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ហើយអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដល់ម៉ោងកំណត់ត្រូវចេញ និងបោសសំអាតបន្ទប់ អ្នកបម្រើក៏ឡើងទៅគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប និងបើទ្វារ ទើបមានការសង្ស័យនាំគ្នាគាស់ទ្វារបន្ទប់មើល ស្រាប់តែឃើញស្ត្រីរងគ្រោះបានដេកស្លាប់នៅលើគ្រែទៅហើយ ក៏នាំគ្នាប្រាប់ម្ចាស់ផ្ទះសំណាក់ និងរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យតែម្តង ។
សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ មុខរបរលក់ចាប់ហួយ និងជាគ្រូទាយសន្លឹកបៀ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចរូបនោះបានឲ្យដឹងទៀតថា ក្រោយពេលទទួលដំណឹងថា មានស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «ម៉ារីមានជ័យ» បន្ទប់លេខ២ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ក ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូកនៅលើគ្រែ ។
តាមសំដីសាច់ញាតិស្ត្រីរងគ្រោះបានឲ្យដឹងថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះត្រូវសង្សារនាំទៅសម្លាប់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិដែលនៅជាប់និងខ្លួន រួចរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ក្រោយពេលពិនិត្យសពស្ត្រីរងគ្រោះ និងសាក្សីសាច់ញាតិផ្តល់ព័ត៌មាន កម្លាំងសមត្ថកិច្ចអាចកំណត់មុខសញ្ញាបានខ្លះហើយ ហើយកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ