រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងខ្ញុងខ្វល់តែរឿងតម្លៃខ្លួនប៉ុណ្ណោះ គឺមិនខ្វល់រឿងផលិតករឱ្យសម្ដែងតួអ្វីទេ ។ នេះជាជំហរមួយខុសប្លែកពីតារាភាគច្រើនដែលទាល់តែឱ្យសម្ដែងតួសំខាន់ទើបព្រម ។
នាងខ្ញុងនិយាយថា នាងតែងតែឮថា តារាមួយចំនួនប្រកាន់ខ្លួនអត់ថតទេ បើផលិតករមិនឱ្យតួឯក ឬមិនឱ្យសម្ដែងជាតួសំខាន់ ។ បើ ម្នាក់ៗគិតតែចង់សម្ដែងតួឯក នោះការរួមសម្ដែងជាតួបន្ទាប់បន្សំនឹងក្លាយជាភាពស្មុគស្មាញ ។ តារាមួយចំនួនតែងមានទស្សនៈថាធ្លាប់សម្ដែងតួធំ បើទម្លាក់ខ្លួនទៅសម្ដែងតួតូចនឹងធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងខូចក្រេឌីត ប៉ុន្តែសម្រាប់នាងយល់ខុសពីនោះ គឺថាបើគេឱ្យសម្ដែងច្រើនរឿងនឹងកាន់តែល្បីទៅវិញទេ ។
ខ្ញុងនិយាយថា «អត់ប្រកាន់នោះឡើយ សំខាន់ឱ្យតែមានអ្នកជួល គឺឱ្យសម្ដែងតួអីក៏នាងទទួលយក ។ តារាសម្ដែងគ្រប់រូបគួរយល់ពីស្ថានភាពនេះពេលខ្លះការសម្ដែងជាតួកំប៉ិកកំប្ល៉ុក អាចនឹងទទួលបានការចាប់អារម្មណ៍ច្រើនជាងការសម្ដែងជាតួឯកផង គឺប្រៀបដូចជានាងខ្ញុំបានទទួលសម្ដែងជាតួខ្មោចមួយ ប្លង់ៗក្នុងរឿងមួយចំនួននោះអុីចឹង ។
ក្នុងរឿង «ខ្មោចម៉ាំមី» នាងខ្ញុំគ្រាន់តែជាតួអង្គមួយក្នុងចំណោមតួក្នុងរឿងប៉ុណ្ណោះ ប៉ុន្តែបើជាតួឯក គឺមិនមាននោះទេ ហើយខ្ញុំរមែងពេញចិត្តចំពោះឈុតដែលផលិតករឱ្យសម្ដែងជានិច្ច ដោយអត់សំខាន់ថាឈុតនោះសម្ដែងហើយអាចស៊យ ឬសម្ដែងហើយមិនល្អសម្រាប់ខ្លួនឯងនោះទេ ។
ក្នុងនាមជាអ្នកបម្រើសិល្បៈ នាងខ្ញុំអត់ប្រកាន់ តួឬប្រកាន់ថាទាល់តែផលិតកម្មធំទើបលេងនោះទេ សំខាន់ឱ្យតែត្រូវថ្លៃគ្នា គឺសម្ដែងបែបណាក៏ខ្ញុំពេញចិត្ត ។ សម្រាប់គេប្រកាន់ តែសម្រាប់ខ្ញុំថាឱ្យតែគេហៅ គឺតួអីក៏លេងទោះផលិតកម្មថ្មីលេងហើយមិនល្បីក៏លេងដែរ សំខាន់តម្លៃមួយប្លង់ក៏លេង ២ប្លង់ក៏លេងថាឱ្យតែជួល» ។
នាងខ្ញុងឱ្យដឹងថា តម្លៃសម្ដែងរបស់នាងគិតជាថ្ងៃ ដោយតម្លៃចន្លោះពី៣៥០ដុល្លារទៅ៥០០ដុល្លារ ក្នុងមួយថ្ងៃ អាស្រ័យលើការចរចាគ្នា ។ អីុចឹងហើយទើបនាងយល់ថាឱ្យតែផលិតករហ៊ានជួលក្នុងតម្លៃនេះ គឺនាងទទួលយក។ ទោះជាយ៉ាងណាក្តី កម្រមានផលិតករឱ្យនាងសម្ដែងត្រឹមមួយប្លង់ ឬជាតួកំប៉ិកកំប៉ុកណាស់ ដែលអាចមកពីនាងកំណត់តម្លៃខ្ពស់ ហើយផលិតករមិនចង់ខាតលុយ។
នាងខ្ញុងនិយាយថា «តម្លៃថតខ្ញុំទារតាមជិតតាមឆ្ងាយ តែកន្លងមកបើទោះជាគេចង់បានខ្ញុំសម្ដែងត្រឹមតែមួយប្លង់ ក៏គាត់ត្រូវតែសាច់រឿងឱ្យខ្ញុំសម្ដែងបានច្រើនប្លង់ដែរ ព្រោះបើគាត់យកខ្ញុំមួយប្លង់ក៏ខ្ញុំគិតមួយថ្ងៃដែរហ្នឹង អីុចឹងគាត់ឱ្យសម្ដែងច្រើនប្លង់ដដែល !» ។
នាងខ្ញុងត្រៀមខ្លួនចូលនៅគេហដ្ឋានថ្មីកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនគឺឈប់រស់នៅផ្ទះរបស់បងធម៌ទៀតហើយ ។ បែបនេះហើយទើបនាងខំដើរច្រៀងភ្លេងការរហូតបង្កើតក្រុមការងារទទួលកាត់សក់ផ្ទាល់ខ្លួន ។ ខ្ញុងនិយាយថា នាងបានប្រកាសលេខទូរស័ព្ទតាមហ្វេសប៊ុកសម្រាប់ឱ្យគេជួល ព្រោះរៀនបោះមេម្តងអាចចំណេញច្រើនដើម្បីចិញ្ចឹមកូន ។ បើក្រុមរបស់នាងអ្នកណាមានកម្មវិធីមិនមែនជារបស់នាងចាត់ចែងក៏នាងទទួលដែរ ៕
ចែករំលែកព័តមាននេះ