រាជធានីភ្នំពេញ ៖ ពេលនិយាយដល់ឈ្មោះម៉ៅ ស៊ីណាត របររកស៊ីស្ងាត់ដូចចោរលួចសេះ ប្រិយមិត្តអាចនឹងនៅចាំរូបអ្នកម្ចាស់ តាមរយៈបទចម្រៀងល្បីមួយដែលមានចំណងជើងថា «ទឹកភ្នែកជីដូនកាកី» ។ ច្រើនឆ្នាំមកហើយដែលតារាចម្រៀងស្រីល្បីឈ្មោះមួយដួងនេះ បានចាកចេញពីពិភពសិល្បៈទៅសំងំប្រកបរបរមួយធ្វើអោយអ្នកគាំទ្រនៅតែទន្ទឹងចាំមើលផ្លូវថា តើតារាចម្រៀងស្រីដែលពូកែលេងទឹកមុខ និងមានចង្កេះរាងរាវតូចច្រឡឹងអាចនឹងវិលមកពិភពសិល្បៈវិញ ឬយ៉ាងណានោះ ?
ខណៈអ្នកគាំទ្រកំពុងរង់ចាំមើលផ្លូវថា តើអាយដលរបស់គាត់នឹងមកកាន់ក្បាលមេក្រូបង្ហើរទឹកដមសម្លេងពីរោះរណ្តំបំពេរអារម្មណ៍អ្នកស្តាប់បន្តទៀត ឬយ៉ាងណានោះ ស្រាប់តែថ្មីៗនេះ អ្នកនាងម៉ៅ ស៊ីណាត បានធ្វើអោយអ្នកគាំទ្រសើចស្រស់ជាមួយនឹងការបង្ហើរសម្លេងថ្មីរបស់អ្នកនាង ។ ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» អ្នកនាងម៉ៅ ស៊ីណាត នៅតែមានសម្លេងផ្អែម និងសម្រស់នៅតែក្មេងជាវ័យ។ អ្នកនាងម៉ៅ ស៊ីណាត បានបង្ហើរសំនៀង ធ្វើអោយមហាជននៅតែចាប់អារម្មណ៍លើបទ«ទឹកភ្នែកជីដូនកាកី» ដែលធ្វើអោយគេមើលឃើញថា ប្រជាប្រិយភាពអ្នកនាង នៅតែខ្លាំងដដែល។
តើបងប្អូនដឹងទេ តារាស្រីរូបនេះ ហេតុអ្វីបានជាល្បីៗសុខ ហើយបានបាត់មុខទៅវិញនោះ? ហើយសំខាន់បំផុតនោះ អ្នកនាងបានត្អូញត្អែរថា ស្ថានភាពមុខរបរស្ងាត់ដូចចោរលូចសេះ ខណៈកូនប្រុសតែម្នាក់របស់អ្នកនាង ក៏មិនមានដុង ឬនិស្ស័យសិល្បៈដូចអ្នកម្តាយនោះទេ។
ជាការពិត បើទោះបីជា អ្នកនាងហាក់បាត់មុខ បាត់សម្លេងពីវិស័យចម្រៀងក្តី តែបទចម្រៀងជាច្រើនបទរបស់អ្នកនាងនៅតែទទួលបានការគាំទ្រ។ ប្រាកដណាស់ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន តែអ្នកនាងនៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេង ហើយអ្នកគាំទ្រក៏ចង់ដឹងពីសុខទុក្ខអ្នកនាងផងដែរ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព អ្នកនាង ម៉ៅ ស៊ី
ណាត បានឱ្យដឹងថា បច្ចុប្បន្ន ពេលនេះ គឺអ្នកនាងមានសុខទុក្ខធម្មតា តែតារាចម្រៀងស្រីរូបនេះពោលថា អ្នកនាងពិតជាមានក្តីនឹករលឹកអ្នកគាំទ្រជាខ្លាំងផងដែរ។ តារាស្រីវ័យ៤៤រូបនេះ បានបន្តថា អ្នកនាងបានឃ្លាតឆ្ងាយពីដែនសិល្បៈក៏ពិតមែន ក៏ប៉ុន្តែអ្នកនាងនៅតែនឹករលឹកអ្នកគាំទ្រជាពន់ពេកកន្លង ទើបអ្នកស្រីបង្ហើរសំនៀងជាថ្មី ដោយហាក់ដូចជាគាស់អារម្មណ៍របស់អ្នកគាំទ្រតាមរយៈបទ «ទឹកភ្នែកជីដូនកាកី» អោយបានងើបឡើងវិញ និងបានស្តាប់នូវបទមួយនេះម្តងទៀត។
ជាការពិតណាស់ អ្នកនាង ម៉ៅ ស៊ីណាត ដែលមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ បានបន្តថា កាលចូលសិល្បៈរបស់អ្នកស្រី គិតចាប់មកដល់ពេលបច្ចុប្បន្ននេះ គឺរយៈពេលខ្ទង់២០ឆ្នាំហើយ ដែលអ្នកស្រីបានប្រឡូងក្នុងសិល្បៈ។ ចំណែកមូលហេតុដែលអ្នកស្រីបានបាត់មុខពីវិថីសិល្បៈអស់រយៈពេលយូរឆ្នាំនេះ គឺដោយសារអ្នកស្រីបានចាប់យកអាជីពជាអ្នកលក់សម្លៀកបំពាក់នៅផ្សារអូឡាំពិក រយៈពេល៤ឆ្នាំមកហើយ។
នៅពេលមានការចាទសួរថា តើបងការលក់ដាច់ឬទេ ចំពោះសម្លៀកបំពាក់បែបជាហូលផាមួង ឬរ៉ូបរាត្រីស្រមោល.សផ្សេងៗនោះ? តារាចម្រៀងអ្នកនាងម៉ៅ ស៊ីណាតថា « លក់មិនដាច់ទេ ស្ងាត់ណាស់ ស្ងាត់ដូចចោរលួចសេះ » ពោលទោះលក់មិនដាច់ក្តីប៉ុន្មានឆ្នាំមកនេះ អ្នកនាងម៉ៅ ស៊ីណាត មិនដែលបោះបង់អាជីពជាអ្នកលក់សម្លៀកបំពាក់នៅក្នុងផ្សារនោះឡើយ ។ តែបើចំពោះអាជីពជាអ្នកសិល្បៈវិញ តារាស្រីរូបនេះថា សិល្បៈក៏មិនបោះបង់នោះដែរ ពោលបើមានការអញ្ជើញពីសំណាក់បងប្អូនអោយច្រៀងតាមកម្មវិធី ហើយអ្នកនាងមានពេលនោះ ខ្លួននឹងសម្តែងមប្រើអារម្មណ៍ដូចធម្មតា ។
ជាការពិត អ្នកស្នងសិល្បៈពីតារាស្រីរូបនេះអាចថា គ្មានទេមើលទៅ ព្រោះអ្នកនាងថា កូនប្រុសច្បងអ្នកនាង គាត់ជាអ្នកអត្ថាធិប្បាយបាល់ទាត់កីឡានោះ។
បើងាកមកការសម្តែងកាលពីកន្លងទៅវិញ អាចថា តារាស្រីស្រុកខ្មែរលេខមួយបានទៅលើ អ្នកស្រី ម៉ៅ ស៊ីណាតហើយ ដែលមានស្ទាយកាយវិការខុសគេ ហើយក៏មានមហាជនជាច្រើនដែលស្រឡាញ់ និងចូលចិត្តអ្នកស្រីជាខ្លាំងតាមរយៈកាយវិការមួយនេះផងដែរ។ គួរបញ្ជាក់ដែរថា អ្នកស្រី ម៉ៅ ស៊ីណាត ក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់មហាជនមួយចំនួន តាមរយៈពេលកាយវិការនេះផងដែរ។
តែក្រោយមហាជន និងសិល្បៈបែរជាចូលចិត្តនឹងកាយវិការអ្នកនាងទៅវិញ ដោយពួកគេយល់ថា កាយវិការអ្នកនាងរស់រវើកហើយកម្រមានអ្នកសិល្បៈណាធ្វើដូចនោះ។ តើប្រិយមិត្តគាំទ្រអោយអ្នកនាង ម៉ៅ ស៊ីណាត វិលមកឆាកចម្រៀងវិញ ឬយ៉ាងណាដែរ?
ចែករំលែកព័តមាននេះ