ទំនាស់ដីធ្លីរ៉ាំរ៉ៃ ពលរដ្ឋលើកគ្នាមកតវ៉ាមុខក្រសួងរៀបចំដែនដី
ខេត្តកណ្ដាល ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត១០ឆ្នាំមិនឃើញអាជ្ញាធរដោះស្រាយ ផ្តល់យុត្តិធម៌ជូនពួកគាត់ ប្រជាពលរដ្ឋក្នុងចំណោម៧១គ្រួសាររស់នៅឃុំឈ្វាំង …
ខេត្តកណ្ដាល ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត១០ឆ្នាំមិនឃើញអាជ្ញាធរដោះស្រាយ ផ្តល់យុត្តិធម៌ជូនពួកគាត់ ប្រជាពលរដ្ឋក្នុងចំណោម៧១គ្រួសាររស់នៅឃុំឈ្វាំង …
ខេត្តកណ្ដាល ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត១០ឆ្នាំមិនឃើញអាជ្ញាធរដោះស្រាយ ផ្តល់យុត្តិធម៌ជូនពួកគាត់ ប្រជាពលរដ្ឋក្នុងចំណោម៧១គ្រួសាររស់នៅឃុំឈ្វាំង និងឃុំជ្រៃលាស់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បាននាំគ្នាឡើងមកតវ៉ាសុំអន្តរាគមន៍សាជាថ្មីនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដោះស្រាយដីធ្លី ផ្តល់យុត្តិធម៌ដល់ពួកគាត់ឱ្យបានឆាប់រហ័ស បន្ទាប់ពីរកអន្តរាគមន៍ពីអាជ្ញាធរខេត្តច្រើនលើកច្រើនសារមិនទទួលបានលទ្ធផល ។
លោកស្រី ជា សារិន តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៧១គ្រួសារ បានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីនេះៗ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកក្រសួងរៀបចំដែនដីរួចម្តងហើយ ហើយដោយរង់ចាំមិនឃើញមានដំណោះស្រាយ ទើបពួកគាត់ឡើងមកតវ៉ាសាជាថ្មីទៀតនៅព្រឹកថ្ងៃទី២៨ ធ្នូ ក្នុងបំណងស្នើសុំលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ ជួយដោះស្រាយផ្តល់យុត្តិធម៌ជូនពួកគាត់ឱ្យបានឆាប់ ។
លោកយាយ ហុំ កង ពលរដ្ឋរងគ្រោះម្នាក់ទៀតបានឱ្យដឹងថា ដីស្រែប្រាំងរបស់ពលរដ្ឋទាំងពីរឃុំខាងលើមានទំហំសរុបប្រមាណជា៥០ហិកតា បានកាន់កាប់ និងអាស្រ័យផលតពីដូនតាមក ប៉ុន្តែមកទល់ឆ្នាំ២០១៤កន្លងទៅ លោកស្រី លឹម គា ដែលជាអ្នកទិញដីជំនួសមុខឱ្យលោកស្រី ឡៃ ហ៊ាង ប្រធានក្រុមហ៊ុន SKD បានប្តឹងប្រជាពលរដ្ឋដាក់គុក និងបានបង្ខំឱ្យតំណាងរបស់ពួកគាត់យកដីនោះប្រគល់ជូនក្រុមហ៊ុន ទើបបង្កជាការតវ៉ាក្នុងជម្លោះដីធ្លីនេះកើតឡើងជាបន្តបន្ទាប់ ។
លោកយាយបន្តថា បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ គេឃើញអាជ្ញាធរខេត្តចុះទៅដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរហាក់មានការលម្អៀងទៅខាងក្រុមហ៊ុន ដោយពេលថ្មីៗនេះ លោក នៃ ចារីយ អភិបាលរងខេត្តកណ្តាល បានទៅលួងលោមប្រជាពលរដ្ឋដោយព្រមផ្តល់សំណងជូនពួកគាត់តែ១ម៉ឺនដុល្លារ យកទៅចែកពលរដ្ឋ ជាថ្នូរនឹងការបញ្ចប់រឿងក្តីដែលអូសបន្លាយជាយូរឆ្នាំមកនេះ ។ ហើយដោយសារមិនយល់ព្រម ទើបពលរដ្ឋឡើងមកតវ៉ាជាថ្មីទៀតនេះ ដើម្បីស្នើសុំដោះស្រាយផ្តល់ដីជូនពួកគាត់វិញឱ្យបានឆាប់រហ័ស ។
តាមការឱ្យដឹងពីពលរដ្ឋបានលើកឡើងពីសាវតានៃជម្លោះនេះថា ពួកគាត់បានកាន់កាប់ដីនេះតាំងពីក្រោយឆ្នាំ១៩៧៩មក ដែលជាដីកេរ្តិ៍ដូនតា ហើយរហូតដល់ឆ្នាំ២០០៧ ក្រុមហ៊ុន SKD បានចុះទិញដីនោះដោយបានកក់ប្រាក់មួយចំនួនទៅប្រជាពលរដ្ឋ ប៉ុន្តែមិនបានឱ្យគ្រប់ចំនួននោះទេ ហើយក៏បានដាក់គ្រឿងចក្រមកឈូសឆាយព័ទ្ធយកដីនោះ នាំឱ្យមានការតវ៉ាផ្ទុះឡើង ។ ក្រោយពីតវ៉ាក៏មានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចតេជោបានប្រគល់ដីនោះដល់ពលរដ្ឋវិញ ដោយមានឯកសារជាលាយលក្ខណ៍អក្សរ ប្រគល់ជូនពលរដ្ឋពីលោកស្រី ឡៃ ហៀង ប្រធានក្រុមហ៊ុន SKD ទៀតផងនៅឆ្នាំ២០០៨ ។ ប៉ុន្តែមិនដឹងជាយ៉ាងណារហូតដល់ឆ្នាំ២០១៤ ស្រាប់តែលេចមុខអ្នកស្រី លឹម គា តំណាងអ្នកទិញដីឱ្យក្រុមហ៊ុន SKD ចេញមុខប្តឹងពលរដ្ឋដាក់គុកគំរាមយកដីនោះ រហូតមកទល់បច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយបាន ទើបនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់ ។ ករណីនេះពលរដ្ឋទាំង៧១គ្រួសារខាងលើស្នើសុំអាជ្ញាធរពាក់ព័ន្ធ និងក្រសួងរៀបចំដែនដី មេត្តាពន្លឿនដោះស្រាយរឿងដីធ្លីឲ្យពួកគាត់ឱ្យបានឆាប់ផង ដោយសារបច្ចុប្បន្នពួកគាត់កំពុងរងគ្រោះ គ្មានដីធ្វើស្រែចិញ្ចឹមគ្រួសារនោះទេ ។
តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា សំណើរបស់ប្រជាពលរដ្ឋត្រូវបានមន្ត្រីក្រសួងទទួលយក ដើម្បីរង់ចាំធ្វើការ ដោះស្រាយបន្តទៀត ។
លោកស្រី លឹម គា តំណាងក្រុមហ៊ុន SKD មិនអាចសុំការអធិប្បាយបានទេភ្លាមៗនេះ ប៉ុន្តែតាមការអះអាងរបស់លោកស្រីកាលពីពេលកន្លងទៅបញ្ជាក់ថា លោកស្រីបានទិញដីពីប្រជាពលរដ្ឋស្របច្បាប់ មានទាំងស្នាមមេដៃទិញ-លក់ និងការទទួលស្គាល់ពីអាជ្ញាធរទៀតផង ៕
ចែករំលែកព័តមាននេះ