ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី ផ្តន្ទាទោស​លោក អ៊ុំ សំ​អាន ដាក់​ពន្ធនាគារ​2​ឆ្នាំ​6​ខែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ចៅក្រម​សាលាឧទ្ធរណ៍ លោក សេង ស៊ី​វុ​ត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើកយក​សំណុំ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ចៅក្រម​សាលាឧទ្ធរណ៍ លោក សេង ស៊ី​វុ​ត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើកយក​សំណុំរឿង​ការ​ប្តឹង​ទាស់​របស់​ជនជាប់ចោទ​លោក អ៊ុំ សំ​អានតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ជំនុំជម្រះ​ដោយ​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ដដែល ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក អ៊ុំ សំ​អាន បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ចេតនា​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មានការ​រើសអើង​ជាតិ​សាសន៍ តាម​រយៈ​ការ​សរសេរ​និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម ។

សាលដីកា​សា​សា​ឧទ្ធរណ៍​បាន​សម្រេច​ក្រោយ​ពី​ធ្វើការ​ជំនុំជម្រះ​ទៅ​លើ​សំណុំ​លោក អ៊ុំ សំ​អាន ចៅក្រម​សាលាឧទ្ធរណ៍​លោក សេង ស៊ី​វុ​ត្ថាប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​គឺ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ​និង​ពិន័យ​៤​លាន​រៀល ។ សវនាការ​នេះ​មិន​មាន​វត្តមាន​លោក អ៊ុំ សំ​អាន ទេ​គឺ​មាន​តែ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក​ចំនួន​៤​រូប ។

គួរ​រំឭក​ផង​ដែរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា បាន​ផ្ដន្ទាទោស​លោក អ៊ុំ សំ​អាន ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​៤​លាន​រៀល​ក្រោម​ការ​ចោទប្រកាន់​ពីរ​បទល្មើស​គឺ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ ។

លោក ហែម សុ​ជាតិ មេធាវី​ការពារ​លោក​អ៊ុំ សំ​អាន បាន​និយាយ​ថា ក្នុង​ពេល​សវនាការ​លោក​បាន​លើក​ឡើង​ចំនួន​៤​ចំណុច ដែល​ក្នុង​នោះ​បញ្ហា​រិះគន់​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​ច្បាប់ព្រហ្មទណ្ឌ​មិន​បាន​កំណត់​ថា​មានទោស​ទេ​។ ព្រោះ​ការ​បញ្ចេញមតិ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​មួយ ។
លោក​មេធាវី​បាន​លើក​ឡើង​ថា ជន​ជាប់ចោទ​លោក អ៊ុំ សំ​អាន ជា​អ្នកតំណាង​រាស្ត្រ​ដូច្នេះ​គាត់​អាច​ធ្វើការ​រិះគន់​តាម​គ្រប់​មធ្យោបាយ ។

អ្វី​ដែល​លោក អ៊ុំ សំ​អាន បាន​ធ្វើ​គឺ​ដើម្បី​ប្រទេស​ជាតិ ការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កូនក្តី​លោក​គឺ​ក្នុង​ន័យ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ស្ថាបនា​ដែល​ច្បាប់​មិន​បាន​កំណត់​ថា​ជា​បទល្មើស​នោះ​ឡើយ ។

លោក​មេធាវី បាន​អះអាង​ថា បើ​មិន​មាន​បទល្មើស តុលាការ​មិន​អាច​ចោទប្រកាន់​កូនក្តី​របស់​លោក​បាន​ទេ ។ ដោយឡែក​នៅ​ក្នុង​មាត្រ​៨៦​នៃ​ច្បាប់ព្រហ្មទណ្ឌ​វិញ​លោក​បាន​ពន្យល់​ក្នុង​អង្គ​សវនាការ​ថា​ចំពោះ​បទល្មើស​ជាក់ស្តែង​មាន​ដូច​ជា ការ​ដេញចាប់ និង​មាន​ធាតុ​ផ្សំ​មួយ​ចំនួន​ទៀត ។

តែ​សកម្មភាព​របស់​កូនក្តី​លោក​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ទេ ។ បើ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ទេ​ទាមទារ​ឲ្យ​តុលាការ​ស្នើ​ទៅ​សភា​ដើម្បី​ដក​អភ័យឯកសិទ្ធិ​នៅ​ពេល​នេះ ព្រោះ​គាត់​នៅ​តែ​ជា​តំណាងរាស្ត្រ​មិន​ត្រូវ​បាន​ដក​អភ័យឯកសិទ្ធិ​នៅឡើយ ៕