ខេត្តព្រះសីហនុ ៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តស៊ីនទ្រីកិនស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកកែងស្ថានីយប្រេងឥន្ធនៈ តាវណ្ណា មុខក្រុមហ៊ុនសំណង់ផ្ទះល្វែង ឆឹង សុខា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សាក្សីនៅកន្លែងកើតហេតុជាច្រើននាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូ១គ្រឿងជាមួយបងស្រីរបស់ខ្លួនក្នុងទិសដៅពីជើងទៅត្បូង (ឡើងចំណោត) លុះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានវ៉ាក់អឺជាមួយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី១គ្រឿងបើកបរមកពីមុខទិសដៅបញ្ច្រាសទិសគ្នា ពេលនោះម៉ូតូជនរងគ្រោះក៏បានកាច់ចង្កូតគេចចេញពីរថយន្តដឹកសំរាម ប៉ុន្តែអកុសលនៅពេលកាច់ ចង្កូតគេចចេញពីរថយន្តដឹកសំរាមនោះ ជនរងគ្រោះដែលជិះពីក្រោយស្រាប់តែធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវរថយន្តដឹកសំរាមនោះកិនស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ភ្លាមៗនោះអ្នកបើកបររថយន្តដឹកសំរាមបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ័ក្ត្រ រតនៈឈួយ ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា បានបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ភ័ក្ត្រ សុខកុមារី អាយុ១៥ឆ្នាំ ជាសិស្សសាលាដូចគ្នា រងរបួសតិចតួច ។ អ្នកទាំងពីរមានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពង់ផែទំនប់រលក) រីឯម៉ូតូម៉ាកស្កុបពីរបស់ជនរងគ្រោះរងការខូចខាតជាមធ្យម ។
ក្រោយពេលកើតហេតុ សពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានសមត្ថកិច្ចប៉ូលីសចរាចរណ៍ផ្លូវគោក នាំយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ