រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ខណៈដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានសន្ទុះខ្លាំង ជាពិសេស នៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង ក៏បានធ្វើឲ្យទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តមានសក្ដានុពលមួយចំនួនស្ទុះងើបតាមដែរ ប៉ុន្តែបើធៀបនឹងភ្នំពេញ គឺមានកម្រិតទាបនៅឡើយ។ សម្រាប់ខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយក្នុងប្រទេសកម្ពុជា ហើយក៏សម្បូរទៅដោយតំបន់ទេសចរណ៍ផងនោះ មួយរយៈនេះ សកម្មភាពទិញលក់ដីធ្លីមានការមមាញឹកច្រើនជាងមុន ខណៈតម្លៃដីក៏បានឡើងថ្លៃជាបន្តបន្ទាប់ដែរ ។
លោក សុខ កែន អ្នកគ្រប់គ្រងក្រុមហ៊ុន Kampot Property ជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប្រចាំខេត្តកំពត បានឲ្យដឹងថា សកម្មភាព និងតម្លៃដីធ្លីនៅក្នុងខេត្តកំពតមិនមមាញឹកដូចនៅទីក្រុងភ្នំពេញទេ ព្រោះវាជាខេត្តឆ្ងាយ និងមិនទាន់មានសកម្មភាពខាងពាណិជ្ជកម្ម អាជីវកម្មខ្លាំងទេ ។ លោកនិយាយថា ៖ « ភ្ញៀវដែលមករកទិញដីធ្លីនៅក្នុងខេត្តកំពត មិនសំដៅទៅលើដីធ្វើអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ភាគច្រើនមករកទិញដីសម្រាប់សង់ជាតំបន់លំហែកាយ ដោយសារតែទីរួមខេត្តកំពត ជាតំបន់នៅជាប់មាត់សមុទ្រ និងមានតំបន់រមណីយដ្ឋានច្រើន ។ ដូចនេះ ពួកគាត់មករកទិញដីណាដែលអាចសង់ជាបឹងហ្កាឡូ (ផ្ទះសម្រាកលំហែ) ឬជារីសត ជាដើម » ។
លោកបន្តថា បើចំពោះសកម្មភាពទិញដីសម្រាប់សង់ជាអគារ ឬលំនៅឋានធំៗនោះមិនសូវមានប៉ុន្មានទេ គឺតិចតួចបំផុត ។ បើសកម្មភាពពុះដីឡូត៍លក់មានជាហូរហែ តែក៏មានទៅតាមតំបន់ដែរ គឺតំបន់ណាដែលគិតជាតំបន់មានសក្ដានុពលសម្រាប់នៅពេលអនាគត ដូចជា នៅក្បែរៗមាត់ទឹក ឬមាត់ទឹកជាដើម ។
លោក កែន បន្ថែមថា បើនិយាយពីតម្លៃដីធ្លីនៅក្នុងខេត្តកំពតវិញ គឺយើងនិយាយតែនៅតំបន់ដែលមានសក្ដានុពលប៉ុណ្ណោះ គឺនៅជុំវិញទីរួមខេត្តកំពតឃើញថា មានកំណើនខ្ពស់បើធៀបនឹងរយៈពេលមុនៗ ហើយដីដែលមានតម្លៃជាងគេក្នុងចំណោមដីក្នុងខេត្តកំពតនោះ គឺដីនៅតាមមាត់ទឹកតែម្ដង ហើយតំបន់ឆ្ងាយពីមាត់ទឹកក៏មានកំណើនដែរ គ្រាន់តែមិនខ្ពស់ដូចនៅតំបន់ក្បែរមាត់ទឹក ។ លោកនិយាយថា ៖ « យើងមិនអាចវាយតម្លៃដីធ្លីមួយជាក់លាក់បានទេ តម្លៃដីអាស្រ័យលើទីតាំង និងទំហំដី ។ ជាក់ស្ដែង ដីនៅតាមមាត់ព្រែកកំពត ដែលនៅជិតក្រុងតម្លៃមួយផ្សេងខ្ពស់បន្តិច ហើយបើទីតាំងដីនោះនៅឆ្ងាយពីទីរួមខេត្តបន្តិចទៅ តម្លៃវាក៏ខុសគ្នាពីនេះដែរ » ។
ទោះជាយ៉ាងណា តម្លៃដីធ្លីនៅខេត្តកំពតត្រូវបានលោក សុខ កែន បញ្ជាក់ថា ទីតាំងល្អនៅជាប់មាត់ព្រែក ដីទំនេរ អាចមានតម្លៃចន្លោះពី២៥ដុល្លារ ទៅ៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដីនៅឆ្ងាយពីមាត់ព្រែកបន្តិច មានតម្លៃចន្លោះពី៣០ដុល្លារ ទៅ៣៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ ប៉ុន្តែបើសិនជាដីធ្លីនៅកណ្ដាលក្រុងតែម្ដង ដែលមានផ្ទះ មានអគារនិងសំណង់ស្រាប់ គឺតម្លៃខ្ពស់ជាងនេះទៀត ទៅតាមទីតាំងទំហំ និងសណ្ឋានដី ។
គួរបញ្ជាក់ផងដែរថា កំពត ក៏ជាខេត្តគោលដៅមួយសម្រាប់ការអភិវឌ្ឍដ៏អស្ចារ្យនៅថ្ងៃអនាគតផងដែរ ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានបង្ហាញត្រួសៗពីគម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅក្នុងខេត្តកំពត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង២៣ពាន់លានដុល្លារអាមេរិក ។ ដូចនេះ បើសិនជាគម្រោងនេះចាប់ផ្ដើមពេលណានោះ ទីផ្សារអចលនទ្រព្យ ជាពិសេស ដីធ្លីនឹងកាន់តែមានហាងឆេងខ្ពស់ថែមទៀត ៕
ចែករំលែកព័តមាននេះ