រាជធានីភ្នំពេញ ៖ លោកនាយរងប៉ុស្តិ៍នគរបាលទឹកល្អក់២ និងមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ ត្រូវបានរងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ក៏ត្រូវរថយន្តមួយគ្រឿងបុក និងកិនម៉ូតូអូសជាប់ក្រោមរថយន្ត ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៨ វិច្ឆិកា ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៦១ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ធនៈ TOTAL ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
សាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា លោកនាយរងប៉ុស្តិ៍ទឹកល្អក់២ និងមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ម្នាក់ កំពុងតែល្បាតក្នុងមូលដ្ឋាន ដោយជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 15238 បើកបរតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុគាត់ជិះឆ្លងផ្លូវ ក៏ស្រាប់តែរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-8370 បើកបរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបែកជាបួនមិនបានបន្ថយល្បឿននោះទេ ជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យម៉ូតូគៀបជាប់នៅក្រោមរថយន្តទៅមុខលែងរួច ។ ចំណែកលោកនាយរងប៉ុស្តិ៍វិញរងរបួសធ្ងន់បាក់ជើងស្តាំ និងមន្ត្រីនគរបាលដែលអង្គុយពីក្រោយរងរបួសធ្ងន់ដូចគ្នា បែកក្បាលនិងបែកមុខបែកមាត់ ។
បើតាមសំដីអ្នកបើករថយន្តហាយឡែនឌ័របានឱ្យដឹងថា គាត់មិនបានផឹកស្រាអីនោះទេ ហើយគាត់ដឹកបងស្រីគាត់ត្រឡប់ទៅផ្ទះនៅម្តុំផ្សារដេប៉ូ ។ លុះគាត់បើកមកដល់កន្លែងកើតហេតុ គាត់ឃើញភ្លើងរបស់គាត់ពណ៌ខៀវ ហើយភ្លើងរបស់ខាងគេ ពណ៌ក្រហម ទើបគាត់បើកលឿន ក៏ជ្រុលបុកគាត់តែម្តង ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិក ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយគ្នា នៅអធិការដ្ឋានខណ្ឌទួលគោក ។
ចែករំលែកព័តមាននេះ