រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា លោកជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកោះហៅប្រជាពលរដ្ឋដែលមានលំនៅក្នុងអគារប៊ូឌីញ ត្រូវជួបពិភាក្សាលើគម្រោងអភិវឌ្ឍអគារ ដែលការជួប នេះ ធ្វើឡើងនៅក្នុងក្រសួង នៅរសៀលម៉ោង០២ ថ្ងៃទី០៨ វិច្ឆិកា នេះ ។
ទោះបីជាយ៉ាងណា បើតាមគោលបំណងរបស់ប្រជាពលរដ្ឋ គឺពួកគាត់នៅតែចង់បានការផ្តល់ជាប្រាក់ច្រើនជាង ។
គួររំលឹកថា បើតាមសេចក្ដីប្រកាសរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានជួបពិភាក្សាជាមួយពលរដ្ឋ ដែលជាតំណាងឲ្យសហគមន៍ប៊ូឌីញ ដោយបង្ហាញពីគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងលើទីតាំងអគារប៊ូឌីញ ដែលកំពុងតែមានសភាពទ្រុឌទ្រោមខ្លាំង។ សេចក្ដីប្រកាសរបស់ក្រសួងឲ្យដឹងថា ក្នុងជំនួបនេះ លោក ជា សុផារ៉ា ថ្លែងថា ការអភិវឌ្ឍន៍នៅទីតាំងនោះ គឺជាការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និងសុខុមាលភាព ។
បើតាមសេចក្ដីប្រកាសខាងលើ គម្រោងអភិវឌ្ឍន៍ដែលក្រសួងរៀបចំដែនដី និងក្រុមហ៊ុន Arakawa កំពុងសិក្សានេះ ត្រូវបានវាយតម្លៃថា នឹងចំណាយថវិកា៧០លានដុល្លារ ទៅ ៨០លានដុល្លារ។ គម្រោងនេះ មានការសាងសង់ទីតាំងស្នាក់នៅបណ្ដោះ អាសន្ន និងការសង់អគារថ្មីកម្ពស់២១ជាន់ ដោយរួមមានទីតាំងចំណត៣ជាន់, កន្លែងលក់ដូរ១ជាន់, កន្លែងស្នាក់នៅ៥ជាន់ ហើយចាប់ពីជាន់ទី៩ឡើងទៅនឹងក្លាយជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa ។
សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា ក្រសួងនឹងសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងនេះ ។ ទន្ទឹមនឹងនេះ សេចក្ដីប្រកាស ក៏បានស្រង់ប្រសាសន៍លោក ជា សុផារ៉ា ដែលលោករំពឹងថា អគារថ្មីនេះ នឹងលេចរូបរាងរបស់ខ្លួនក្នុងរយៈពេលប្រមាណ៤ឆ្នាំទៀត។ សូមបញ្ជាក់ថា អគារប៊ូឌីញ ត្រូវបានស្ថាបនាក្នុងឆ្នាំ១៩៦៣ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមអ្នករស់នៅទីតាំងអគារប៊ូឌីញមួយចំនួនធំបានលើកឡើងថា បើក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុនដៃគូដ៏ល្អខាងលើនេះ ពួកគាត់ចង់ឲ្យក្រសួង និងរដ្ឋាភិបាលជួយលក់ទីតាំងអគារប៊ូឌិញផ្តាច់ ហើយយកប្រាក់មកគុណគូរ ជាមួយប្រជាពលរដ្ឋទៅតាមទីផ្សារសមរម្យវាប្រសើរជាងមានការជម្លៀសពួកគាត់ចេញ ហើយឲ្យពួកគាត់ត្រឡប់ចូលវិញក្នុងរយៈពេលយូររហូតដល់ទៅ៤ឆ្នាំ គឺពួកប្រាកដជាជួបការលំបាកខ្លាំងជាមិនខានឡើយ។ ដោយឡែកអ្នកខ្លះទៀតសប្បាយរីករាយជាមួយគម្រោងខាងលើខ្លាំងណាស់។ បញ្ហាសំខាន់មួយទៀត ពលរដ្ឋបាននាំគ្នាស្នើសុំមើលប្លង់សិនមុនមានការព្រមព្រៀងដែលឈានដល់ការជ្រើសរើសយកផ្លូវណាមួយមកដោះស្រាយ។
អ្នករស់នៅអគារប៊ូឌិញបានថ្លែងថា ពួកគាត់ស្នើឲ្យក្រសួងបង្កើតគណៈកម្មការជំនាញចុះសិក្សាជាមួយប្រជាពលរដ្ឋនៅលើទីតាំងផ្ទាល់តែម្តង កុំជឿទៅលើតំណាងសហគមន៍ដែលពួកគាត់មិនមែនកើតឡើងពីឆន្ទះពលរដ្ឋចាត់តាំងឡើយ។ ម្យ៉ាងទៀតក្រុមតំណាងសហគមន៍កន្លងមក អនុវត្តគោលការមិនបានល្អជូនពួកគាត់ទេ ដូចជាករណីតំបន់ដីក្រហម និងតំបន់ផ្សេងៗទៀតជាច្រើននៅក្នុងប្លុកសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ចែករំលែកព័តមាននេះ