រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា លោក ប៉ែន សុវណ្ណ ត្រូវបានវៀតណាមចាប់ដាក់ពន្ធនាគារ១០ឆ្នាំ ព្រោះគាត់បានប្រឆាំងនឹងវៀតណាម និងការរស់រានមានជីវិតឡើងវិញនៃប្រជាជនកម្ពុជាពីរបបខ្មែរក្រហម ក្រោយពេលដែលប្រទេសបានរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
លោកបានលើកឡើងថា បើមិនមានថ្ងៃ៧ មករា ១៩៧៩ ទេ ប្រជាជនរដ្ឋកម្ពុជាមិនអាចរស់បានទេ។ការរំដោះប្រទេស និងប្រជាជនកម្ពុជា មិនអាចធ្វើឡើងដោយសារកម្លាំងកងទ័ពកម្ពុជាតែឯងបានទេ ត្រូវបានកម្លាំងពីកងទ័ពស្ម័គ្រចិត្តវៀតណាម គេមកជួយយើងដែរ។ តែបែរជាលោក ប៉ែន សុវណ្ណ ប្រឆាំងនឹងវៀតណាម និងគោលនយោបាយ «ក៥» ទៅវិញ គឺមានន័យថា គាត់គាំទ្រខ្មែរក្រហមវិលមកកាន់អំណាច និងកាប់សម្លាប់ប្រជាជនកម្ពុជាវិញ។
លោកបានបញ្ជាក់ថា របបខ្មែរក្រហមបានត្រូវផ្តួលរំលំមែន ក្រោយថ្ងៃ៧ មករា ១៩៧៩ តែសេណារីយោកងទ័ពរបស់ខ្មែរក្រហម បានទៅប្រមូលផ្តុំនៅតាមព្រំដែនខ្មែរ-សៀម ដើម្បីប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងគោលបំណងឡើងកាន់អំណាច និងសម្លាប់ប្រជាជនកម្ពុជា។ ក្នុងកំឡុងពេលនោះគ្មានប្រទេសលោកខាងលិចរាប់ទាំងសហរដ្ឋអាមរិកផង មិនបានជួយយើងទេ ថែមដាក់គំនាបមកលើរដ្ឋាភិបាល និងគាំទ្រខ្មែរក្រហមទៀតផង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក ប៉ែន សុវណ្ណ ដែលមានទស្សនៈនយោបាយផ្ទុយពីគណបក្សប្រជាជនកម្ពុជាបែបនេះ ទើបពេលត្រឡប់ពីជាប់ពន្ធនាគារនៅវៀតណាមវិញ គណបក្សប្រជាជនកម្ពុជាមិនប្រគល់តួនាទីអ្វីឲ្យ ព្រោះគាត់មានគំនិតប្រឆាំង។ លោកបានអះអាងថា លោក ប៉ែន សុវណ្ណ បានកាន់តួនាទីជានាយករដ្ឋមន្ត្រីប្រហែលជិត៣ខែ ក៏ត្រូវចាប់ខ្លួន និងបានអួតអាងពីអតីតភាពតស៊ូ។ តែមានអ្នកតស៊ូច្រើនជាង (ប៉ែន សុវណ្ណ) ទៀត ក្នុងរំដោះជាតិរួមជាមួយកងទ័ពវៀតណាម ទើបមានថ្ងៃនេះ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសពលោក ប៉ែន សុវណ្ណ នៅក្រោមដំណក់ទឹកភ្លៀងនាវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ត្រូបានគេហែចេញពីវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅកាន់ឈាបនដ្ឋានក្នុងវត្តឫស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីបូជាតាមការរៀបចំរបស់គណៈកម្មការបុណ្យសពដែលមានសមាសភាពពីមន្ត្រីរដ្ឋសភា និងមន្ត្រីគណបក្សសង្គ្រោះជាតិ។
ចែករំលែកព័តមាននេះ