ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ចាស់​ចង់ស៊ី​ស្មៅ​ខ្ចី ! អ្នកស្រុក​ដេញចាប់​ផ្អើល​ភូមិ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​អ្នកស្រុក​ដេញ​ព័ទ្ធ​រហូត​ចាប់​បាន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ បន្ទាប់​ពី​បុរស​ចំណាស់​ …

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​អ្នកស្រុក​ដេញ​ព័ទ្ធ​រហូត​ចាប់​បាន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ បន្ទាប់​ពី​បុរស​ចំណាស់​រូប​នោះ​ប៉ុនប៉ង​លូកលាន់​ក្មេង​ស្រី​២​នាក់​តាម​ដងផ្លូវ​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

បុរស​វ័យ​ចំណាស់​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ន​ង ធម្ម​នី អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​គ្រួសារ​២​ដែល​បាន​ប្តឹង​ថា បុរស​ចំណាស់​នោះ​បាន​លូកលាន់​កូនស្រី​ពួក​គាត់​តាម​ដងផ្លូវ ។ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ជា​អ្នក​ភូមិ​ព្រៃ​ព្រិច​ដូច​គ្នា​ដោយ​ម្នាក់​ឈ្មោះ ន​.​ស​.​អ អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឈ​.​ម​.​ល អាយុ​៩​ឆ្នាំ ។

ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ដំបូង​នាង​កំពុង​ឈរ​លេង​តាម​ដងផ្លូវ ពេល​នោះ​ស្រាប់តែ​តា​ចាស់​នោះ​បាន​ជិះ​កង់​ទៅ​ឈប់​ក្បែរ​ហើយ​ចាប់ដៃ​នាង ដោយ​និយាយ​លែបខាយ​ថា ទៅ​ជាមួយ​តា​ម្តងម្កាល​ស្រួល​ទាំងអស់​គ្នា ។ ដោយ​ឃើញ​សភាព​មិនល្អ នាង​ក៏​រើបម្រះ និង​បាន​រត់​បណ្ដើរ​យំ​បណ្ដើរ​ទៅ​ប្រាប់​គេឯង​តែ​ម្តង ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៩​ឆ្នាំ​ក៏​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ដែរ​ថា ខណៈ​នាង​កំពុង​ឈរ​ឃ្វាលគោ ស្រាប់តែ​បុរស​វ័យ​ចំណាស់​រូប​នោះ​ទៅ​ចាប់​ឱប​នាង ហើយ​លូកលាន់​នាង នាង​ស្រែកយំ​ខ្លាំង​ៗ លុះ​អ្នកស្រុក​ឃើញ​ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​តែ​ម្តង ។

អ្នក​ភូមិ​ព្រៃ​ព្រិច​មួយ​ក្រុម​ជិត​១០​នាក់ រួម​ទាំង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ផង បាន​លើកគ្នា​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ដាក់​ពាក្យ​ប្តឹង​បុរស​វ័យ​ចំណាស់​ខាងលើ និង​ទាមទារ​សុំ​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​ជនសង្ស័យ​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទំនងជា​ស្រវឹង​ធ្លាក់​ភ្នែក​ផង និយាយ​ទាំង​សឿង​បឿ​ង​ថា គាត់​ជា​អាចារ្យវត្ត​បា​លិ​លេ​យ្យ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​សារភាព​ថា គាត់​បាន​ស្ទាបអង្អែល​ក្មេង​ស្រី​ទាំង​២​នាក់​មែន តែ​ថា ការ​អង្អែល​នោះ​ជា​របៀប​លេងសើច​តែ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ​ជនសង្ស័យ​រូប​នេះ​ត្រូវ​ប្រភព​ពី​អ្នកស្រុក​ភាគច្រើន​និយាយ​ថា ជា​មនុស្ស​មិនសូវ​គ្រប់ ហើយ​ថា បើ​មិន​ស្រវឹងស្រា​ជន​នេះ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​បើ​ស្រវឹង​ហើយ​ឃើញ​ស្រី​ក្មេង​មិន​បាន​ទេ យ៉ាង​ហោច​វាយ​ចិញ្ចើម​ដាក់ ឬ​និយាយ​ឡែបខាយ​ដែរ រហូត​មាន​ពេល​ខ្លះ​ដើរ​លូកលាន់​គេឯង​ដូច​ករណី​ខាងលើ​អ៊ីចឹង ។

ជួប​ជាមួយ​អាចារ្យ និង​គណៈកម្មការ​វត្ត​បា​លិ​លេ​យ្យ ពួក​គាត់​បដិសេធ​ថា ជនសង្ស័យ​ខាងលើ​មិនមែន​ជា​អាចារ្យវត្ត​បា​លិ​លេ​យ្យ​ទេ ។ គណៈកម្មការ និង​អាចារ្យវត្ត​បា​លិ​លេ​យ្យ​និយាយ​ថា ជនសង្ស័យ​ខាងលើ​កន្លង​មក​ក៏​ធ្លាប់​ចូល​ទៅ​រំខាន​ព្រះសង្ឃ​ក្នុង​វត្ត​ដោយ​អះអាង​ថា ខ្លួន​ជា​អាចារ្យ​ផង​ដែរ ហើយ​ពួក​គាត់​ថា ឲ្យ​តែ​ពេល​ស្រវឹង គឺ​យ៉ាប់ ។

លោក ព្រំ ពិសិដ្ឋ អធិការរង ទទួល​បន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ទំនងជា​មនុស្ស​មិនសូវ​គ្រប់ ដោយ​ប្រាប់​សមត្ថកិច្ច​ថា បាន​ស្ទាប​លូកលាន់​ក្មេង​ស្រី​ទាំង​២​មែន ។ លោក​អធិការរង​បន្ត​ថា ផ្អែក​លើ​ពាក្យបណ្តឹង​របស់​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ខាង​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​៦​វិច្ឆិកា​នេះ ៕