ផ្អាកសវនាការលើសំណុំរឿងមេឃុំ ស៊ាង ចែត សូកប៉ាន់សាក្សី ដោយខ្វះសាក្សី
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងមេឃុំស្រក ស្រុកកំពង់សៀម ឈ្មោះ ស៊ាង ចែត …
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងមេឃុំស្រក ស្រុកកំពង់សៀម ឈ្មោះ ស៊ាង ចែត …
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងមេឃុំស្រក ស្រុកកំពង់សៀម ឈ្មោះ ស៊ាង ចែត មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនត្រូវចោទ ប៉ុន្តែសវនាការនោះត្រូវបានចៅក្រមជំនុំជម្រះប្រកាសផ្អាកបណ្តោះអាសន្ន និងបានលើកពេលទៅថ្ងៃទី១១ ខែវិច្ឆិកា បន្តសវនាការលើសំណុំរឿងនេះទៀត ដែលការផ្អាកសវនាការនេះគឺមូលហេតុខ្វះសាក្សី ។
សវនាការក្នុងសំណុំរឿងនេះមានលោក កោ វណ្ណី ចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ព្រះរាជអាជ្ញារង តំណាងអយ្យការ ការសាកសួរដេញដោលបានធ្វើឡើងនាព្រឹកនោះ ប៉ុន្តែដោយពិនិត្យឃើញថាខ្វះសាក្សី ចៅក្រមជំនុំជម្រះបានសម្រេចផ្អាកសវនាការ ។
សំណុំរឿងសូកប៉ាន់សាក្សីដែលមានជនជាប់ចោទឈ្មោះ ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ីពាក់ព័ន្ធលុយចំនួន៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីជួយលួងលោមឱ្យស្រីមុំនិយាយពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាងនាង និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។ តែសវនាការនេះត្រូវបានផ្អាកសិន ដោយលោកមេធាវី សំ សុគង់ បានស្នើសុំឲ្យកោះហៅសាក្សី ១-ឈ្មោះ សៀង លន ម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ២-ឈ្មោះ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ៣-ឈ្មោះ លូ សុធារ៉ា ត្រូវជាបងថ្លៃរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឲ្យចូលរួមសវនាការ ។ ចំណែកជនជាប់ចោទឈ្មោះ ស៊ាង ចែត ជាមេឃុំស្រក ក៏បានស្នើសូមលើកពេលដែរ ដោយសូមឲ្យតុលាការកោះហៅអ្នកទាំង៣មកចូលរួមសវនាការ ។
សូមជម្រាបថា ចៅក្រមជំនុំជម្រះលោក កោ វណ្ណី ប្រធានក្រុមប្រឹក្សា បានសម្រេចផ្អាកសវនាការសិន ដើម្បីចេញដីកាកោះហៅសាក្សី៣នាក់ខាងលើមកចូលរួមសវនាកានៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។ លោកបានបញ្ជាក់ថា សវនាការមិនបានលើកទេ តែសូមផ្អាកសិនដើម្បីចេញដីការកោះហៅសាក្សី ។
គួររំឮថា លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅនៅក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោក ស៊ាង ចែត មានជាប់ពាក់ព័ន្ធនឹងរឿងសូកប៉ាន់ជាលុយចំនួន៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីលួងលោមស្រីមុំនិយាយកុហក់រឿងទំនាក់ទំនងស្នេហារវាងនាង និង លោក កឹម សុខា ដែលត្រូវគេទម្លាយតាមរយៈខ្សែអាត់សម្លេងជាច្រើនភាគតាមបណ្តាញសារព័ត៌ មាន និងបណ្តាញសង្គមហ្វេសប៊ុក ៕
ចែករំលែកព័តមាននេះ