រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់មកពីភូមិព្រែកតាគង់១ និងភូមិខ្វា បាននាំគ្នាកាន់បដា ស្រែកតវ៉ា ទាមទារជួបលោករដ្ឋមន្ត្រី ជា សុផារ៉ា កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពពីប្រជាពលរដ្ឋដែលមកធ្វើការតវ៉ាបានឲ្យដឹងថា ពួកគាត់មកតវ៉ានេះគឺទាមទារជួបលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ព្រោះថាពួកគាត់បានដាក់ញាតិ តែគ្មានដំណោះស្រាយទាល់តែសោះ ។
ប្រភពបានឲ្យដឹងទៀតថា ដោយសារពួកគាត់ទាំង២ភូមិ មានភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី ING ហើយពួកគាត់បានដាក់ញត្តិទាមទាររកដំណោះស្រាយចំនួន៣លើកហើយ តែគ្មានដំណោះស្រាយទាល់តែសោះ ដូច្នេះហើយទើបធ្វើការទាមទារជួបលោករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីសំណូមពរ ១-ឆ្វៀលដីភូមិរបស់ពួកគាត់ចេញពីដីតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ING និង ២-សុំចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យពួកគាត់ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលកំពុងធ្វើការតវ៉ានោះ ខាងក្រសួងបានហៅតំណាងពលរដ្ឋចូលទៅក្នុងក្រសួងដើម្បីពិភាក្សារកដំណោះស្រាយដែរ តែពួកគាត់មិនព្រមចូលទេ ពោលគឺពួកគាត់ទាមទារជួបលោករដ្ឋមន្ត្រី ជា សុផារ៉ា តែម្នាក់គត់ ព្រោះពួកគាត់បានដាក់ញាតិ៣ដងហើយ ហើយប្រហែលជាមិនបានដល់ដៃលោករដ្ឋមន្ត្រីទេ បានជារហូតមកដល់ពេលនេះគ្មានដំណោះស្រាយអ្វីសូម្បីតែបន្តិច ៕
ចែករំលែកព័តមាននេះ