ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៨​ព្រឹក​នេះ ដឹង​លទ្ធផល​រឿង​អភ័យឯកសិទ្ធិ​លោកស្រី ថា​ក់ ឡា​នី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​សម្រេច​លើកយក​ករណី​លើក​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រ​ង្ស៊ី គឺ​លោកស្រី ថា​ក់ ឡា​នី

រាជធានី​ភ្នំពេញ ៖ ទីបំផុត​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​សម្រេច​លើកយក​ករណី​លើក​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រ​ង្ស៊ី គឺ​លោកស្រី ថា​ក់ ឡា​នី បញ្ចូល​ទៅ​ក្នុង​សម័យប្រជុំ​ព្រឹ​ទ្ឋ​សភា​ពេញអង្គ​ដើម្បី​ពិភាក្សា និង​អនុម័ត​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉​ម ប៊ុ​ន​នាង បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិកា​អចិន្ត្រៃយ៍​ព្រឹ​ទ្ឋ​សភា​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ ។

បើ​តាម​អ្នកនាំពាក្យ​ដដែល នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹក​ម្សិលមិញ ក៏​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សម រ​ង្ស៊ី គឺ ទាវ វ​ណ្ណុ​ល បាន​ស្នើ​សុំ​កុំ​ឲ្យ​ព្រឹទ្ធសភា​លើក​អភ័យ​ឯក​សិ​ទ្ឋិ​លោកស្រី ថា​ក់ ឡា​នី  គឺ​គ្រាន់តែ​លោកស្រី​សុំ​ទោស​បាន​ហើយ ។
លោក​ម៉​ម ប៊ុ​ន​នាង បន្ត​ថា បើ​តាម​តម្រុយ​របស់​អគ្គ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ បាន​រក​ឃើញ​ពិរុទ្ធភាព​របស់​លោកស្រី ថា​ក់ ឡា​នី​ហើយ ដូច្នេះ​តុលាការ​នឹង​ចាត់វិធានការ​តាម​នី​វិធី​ច្បាប់​។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា « អ៊ីចឹង​បើ​ការ​ចង់បាន​ត្រឹមតែ​សុំ​ទោស សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​អាច​កើត​ទេ ព្រោះថា មុន​ពេល​សម្តេច​នាយក​ប្តឹង លោកស្រី ថា​ក់ ឡា​នី បែរជា​បដិសេធ​តាម​វិទ្យុ VOA ថា គាត់​អត់​បាន​និយាយ​បែប​នេះ​ទេ ហើយ​គឺ​គេ​កាត់​សម្លេង​ទេ ។ ដូច្នេះ​តាម​ការ​វែកញែក​ទៅ​គាត់​មិន​បាន​ទទួលកំហុស​របស់​គាត់​ទេ ។

លោក ម៉​ម ប៊ុ​ន​នាង បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​បាន​សម្រេច​ដាក់​សំណើ​លើក​អភ័យឯកសិទ្ធិ​របស់​លោកស្រី ថា​ក់ ឡា​នី ក្នុង​សម័យប្រជុំ​សម្ងាត់​នៅ​ថ្ងៃ​ទី​០១ កញ្ញា វេលា​ម៉ោង​៨​ព្រឹក ។ លោក​ថា សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដើម្បី​សម្រេច​ថា តើ​លើក​អភ័យឯកសិទ្ធិ ឬ​ក៏​បន្ត​នីតិវិធី​យ៉ាងណា​ទៀត ត្រូវ​តែ​ជជែក​គ្នា​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៣ ។ ចំពោះ​សមាជិក​ព្រឹទ្ធសភា​ដែល​អាច​លើក​អភ័យឯកសិទ្ធិ​យើង​មិន​ខ្វះ​ទេ ព្រោះថា សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី​មាន​១១​រូប  ចំណែក​ខាងយើង​មាន​៥០​រូប ទាំង​តំណាង​ព្រះ​បរមរាជវាំង​២​រូប និង​តំណាង​រដ្ឋសភា​២​រូប ។ អ៊ីចឹង​៤៦​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ទោះបី​២​ភាគ​៣ ឬ​៣​ភាគ​៤ យើង​គ្មាន​បញ្ហា​ដែរ ។

បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​លោកស្រី ថា​ក់ ឡា​នី យោង​តាម​មាត្រា​១០៤​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៧ និង ៨ នៃ​លក្ខន្តិកៈ​របស់​ព្រឹទ្ធសភា អាច​លើក​អភ័យឯកសិទ្ធិ និង​ផ្តល់​ឲ្យ​តុលាការ​អនុវត្តន៍​តាម​នីតិវិធី ។ ដូច្នេះ​យើង​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី​០១​កញ្ញា ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ ពិភាក្សា​ដេញដោល​គ្នា ដើម្បី​ផ្តល់​ឲ្យ​តុលាការ​បន្ត​នី​វិធី​របស់​ខ្លួន​លើ​ករណី​លោក ស្រី ថា​ក់ឡា​នី​។

គួរ​បញ្ជាក់​ថា លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាល​ថ្ងៃ​ទី​០១ សីហា បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ចំពោះ លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័​ន្ឋ​នឹង​ការ​ចោទ​ថា រដ្ឋអំណាច​និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​រៀល​ប៉ុណ្ណោះ​៕