ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ច្រាន​ចោលការ​ចោទ​ថា​រារាំង​សេចក្តី​ប្រកាស​រួម​រឿង​សមុទ្រ​ចិន​ខាងត្បូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហ​ប្រតប​ត្តិ​ការ​អន្តរជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា មានការ​ចោទប្រកាន់​ថា កម្ពុជា​បាន​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហ​ប្រតប​ត្តិ​ការ​អន្តរជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា មានការ​ចោទប្រកាន់​ថា កម្ពុជា​បាន​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ក្នុង​ការ​សម្រេច​នៃ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៩​នៅ​ប្រទេស​ឡាវ ដែល​រាល់​ការ​លើក​ឡើង​នេះ មិនមែន​ជា​ការ​ពិត​នោះ​ទេ តែ​កម្ពុជា​បាន​ប្រកាស​មុន​ពេល​សេចក្តីសម្រេច​របស់​សាលដីកា​ម​ជ្ឈ​ត្ត​កម្ម​ក្រុង​ឡា​អេ និង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទៅ​ទៀត​ថា «​កម្ពុជា​ស្ថិត​នៅ​ជា​អព្យាក្រឹត​មិន​កាន់ជើង​ខាង​ណា​ទេ លើ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វ៊ី​លី​ពី​ន​» ។

លោក ប្រាក់ សុ​ខុន បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ទីស្តីការ​ក្រសួងការបរទេស​ថា ចំពោះ​ការ​ផ្សាយ​ថា​មានការ​រាំងស្ទះ​នោះ​មិន​ពិត​ទេ​ព្រោះថា សេចក្តី​ប្រកាស​រួម​នេះ​វា​ចេញ​រួច​ទៅ​ហើយ ។ អ្វី​ដែល​យើង​ចង់​ដឹង​នោះ​ថា រាំងស្ទះ​ឬ​មិន​រាំង​នោះ វា​បណ្តាល​មក​ពី​អ្វី​ដែល​យើង​ត្រូវ​ដឹង​ថា អាស៊ាន​ធ្វើ​ការងារ​យ៉ាង​មេច គឺ​អាស៊ាន​ធ្វើ​ការងារ​ដោយ​ពិគ្រោះ​យោបល់​រួម​គ្នា និង​សម្រេច​កិច្ច​អី​តាម​កុង​សង់​សិស​(​សមាជិក​ទាំងអស់​យល់ព្រម បានការ​សម្រេច​យក​ជា​ការ​បាន​) ។

លោក​រដ្ឋ​ម​មន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នីមួយ​ៗ បាន​លើក​ឡើង​ស្រប​តាម​មតិយោបល់ ជំហរ​នានា ដែល​រដ្ឋមន្ត្រី​តំណាង​ប្រទេស​នីមួយ​ៗ បាន​បញ្ចេញ​មតិស្រប​តាម​ហេតុផល ស្រប​តាម​ផលប្រយោជន៍​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ។ នយោបាយ​ការទូត​ជា​នយោបាយ​ដែល​សំដៅ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​នីមួយ​ៗ និង​របស់​ប្រទេស​នីមួយ​ៗ ។ ប្រទេស​នីមួយ​ៗ​មាន​ផលប្រយោជន៍​ខុស​ៗ​គ្នា និង​មាន​ជំហរ​ក៏​ខុស​ៗ​គ្នា​ដែរ ។ ការ​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​នោះ​មាន​លក្ខណៈ​ចំហ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​មានការ​ប្រជុំ​ជា​ចំហ និង​ប្រជុំ​បិទទ្វារ​(​ចង្អៀត​)​ដែល​ផ្តល់​ឱកាស​ដល់​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​ជជែក​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​។ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង មាន​ជំហរ​ខុស​គ្នា​មិនមែន​ទើបតែ​មាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះ​ទេ គឺ​វា​មាន​តាំងពី​យូរ​រាប់​ឆ្នាំ​មក​ហើយ ។ ចំណែក​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ មាន​កើត​មាន​យូរ​មក​ហើយ​ដែរ ។

លោក ប្រាក់ សុ​ខុន បាន​បញ្ជាក់​ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ បាន​ចេញផ្សាយ​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ជជែក​គ្នា​ផង គេ គួរ​ចាំ​មើល​ពី​លទ្ធផល​នៃ​ការ​ជជែក​គ្នា​សិន ។ គេ​បាន​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​ធ្វើ​ឲ្យ​មានការ​រាំ​ស្ទះ​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​រួម​ទៅ​វិញ ។ ការ​ចោទ​នេះ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ទេ​ចំពោះ​កម្ពុជា ។ ការ​មិន​យុត្តិធម៌​នោះ ព្រោះថា​ប្រទេស​នីមួយ​ៗ​មានការ​បញ្ចេញមតិ​ខុស​គ្នា គេ​បញ្ចេញមតិ​របស់​គេ យើង​បញ្ចេញមតិ​របស់​យើង ។

លោក​ថា គេ​មិន​គួរ​ប្រកាន់​ជំហរ​ថា មតិ​របស់​ប្រទេស​កម្ពុជា​លើក​ឡើង​សុទ្ធតែ​ខុស​ហើយ​មតិ​របស់​គេ​លើក​ឡើង​សុទ្ធ​ត្រូវ គេ​មិន​គួរ​ប្រកាន់​ជំហរ​បែប​នេះ​ទេ ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ស្ថាន​ការ​កាន់តែ​ដុនដាប​ទៅ​ៗ ជា​ពិសេស​ចាប់តាំងពី​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុង​ឡា​អេ​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​១២ កក្កដា​កន្លង​មក ។ ប្រទេស​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ជោគជ័យ​របស់​ខ្លួន និង​ភាគី​មួយ​ចំនួន​ស្រែក​បដិសេធ​ចំពោះ​ការ​សម្រេច​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា យើង​បានដឹង​ជំហរ​ទាំងអស់​គ្នា​ថា ចាប់តាំងពី​ថ្ងៃ​ដែល​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ​ម​ជ្ឈ​ត្ត​កម្មនេះ​ខាង​ភាគី​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ជា​ស្រេច​ទៅ​ហើយ ផ្អែក​តាម​ឯកសារ​នានាប្រទេស​ចិន​មិន​ទទួលយក​នូវ​ការ​ធ្វើ​ម​ជ្ឈ​ត្ត​កម្ម តាម​លក្ខណៈ​បង្ខំ​មក​លើ​ខ្លួន​ទេ ។ វា​មាន​ន័យ​ថា បើ​ខ្លួន​មិន​ទទួលយក ឬ​ទទួលស្គាល់​ការ​កាត់សេចក្តី​របស់​តុលាការ​នេះ គឺ​តុលាការ​នេះ​គ្មាន​ន័យ​អ្វី​សម្រាប់​ខ្លួន​នោះ​ទេ ។

លោក ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា តាំងពី​ពេល​នោះ​មក សាធារណរដ្ឋ​ប្រជាមា​និ​ត​ចិន​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន និង​នៅ​ពេល​ចេញ​សេចក្តីសម្រេច​របស់​តុលាការក្រុង​ឡា​អេ​នេះ ចិន​បាន​ប្រកាស​ថា មិន​ទទួលស្គាល់​តុលាការ និង​មិន​ទទួលយក​សាលដីកា​ឡើយ ។ ចំពោះ​បញ្ហា​នេះ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​រួច​ជាស​ម្រេច​ទៅ​ហើយ ។ នៅ​ពេល​ប្រកាស​សាលដីកា វា​កាន់តែ​បង្ក​ឲ្យ​សភាព​ការ​កាន់តែ​តឹងតែង​បន្ថែម​ទៀត ។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ជំហរ​របស់​កម្ពុជា​ក្នុង​ស្ថានភាព​បែប​នេះ កម្ពុជា​បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​មុន​ពេល​ចេញ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្មនេះ​។ កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រទេស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ ។ កម្ពុជា «​មិន​កាន់ជើង​ភាគី​ខាង​ណា​ទេ សុំ​តែ​ប៉ុណ្ណឹង​» ។ យោង​តាម​សភាពការណ៍​ដែល​វា​ដុនដាប​រួច​ទៅ​ហើយ កម្ពុជា​សូម​មិន​ចូលរួម និង​មិន​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​ណា ទ​ង្វើ​ណា​ដែល​ធ្វើ​ឲ្យ​សភាព​ការ​កាន់តែ​ដុនដាប​ថែម​ទៀត យើង​ប្រកាន់​ជំហរ​របស់​យើង​ប៉ុណ្ណឹង ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ​អ្វី​ដែល​រាំងស្ទះ គឺ​លោក​មិន​ចង់​និយាយ​ទេ​បញ្ហា​ផ្ទៃក្នុង​អាស៊ាន ។ តែ​កម្ពុជា​រង​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ ពាក្យ​ដែល​ខ្ទាស់​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​រួម​គឺ​មាន​ឃា្ល​ថា «​គោរព​ដោយ​ពេញលេញ​នូវ​ដំណើរការ​ផ្លូវច្បាប់ និង​ការទូត​» ។ ឃ្លា​នេះ​ត្រូវ​បាន​ភាគី​ចិន មិន​ទទួលយក​ព្រោះ​វា​បាន​និយាយ​ដល់​សេចក្តី​ប្រកាស​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម ដែល​ចិន​មិន​ទទួលស្គាល់​មិន​ទទួលយក ។

លោក ប្រាក់ សុ​ខុន បាន​បញ្ជាក់​ថា ភាគី​ដែល​គាំទ្រ​បាន​ដាក់​នូវ​ឃ្លា «​គោរព​ដោយ​ពេញលេញ​នូវ​ដំណើរការ​ផ្លូវច្បាប់ និង​ការទូត​» ចូល​ក្នុង​សេចក្តី​ប្រកាស​រួម​ផ្នែក​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង គឺ​អះអាង​ថា នេះ «​ជា​គ្រាប់​ព្រិល​» នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ។ វា​ជា​ការ​បញ្ជាក់​របស់​ប្រទេស​អាស៊ាន ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ ការ​គោរព​ផ្លូវច្បាប់ និង​ការទូត​នានា ដែល​មាន​ចែង​រួច​មក​ហើយ ។ តែ​នៅ​ពេល​យើង​ដាក់​បែប​នេះ​ដែល​ប្រទេស​ចិន​មិន​ទទួលយក​នោះ វា​នឹង​មាន​អ្វី​កើតឡើង​នៅ​ក្នុង​តំបន់ វា​អាច​ជា​គ្រោះថ្នាក់​កាន់តែ​ខ្លាំង ។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា នេះ​ជា​ចំណុច​ម្ខាង​ភាគី​ចិន និង​ម្ខាង​ទៀត​នោះ​ថា តើ​កម្ពុជា​អាច​ថា មិន​គោរព​ច្បាប់​អន្តរជាតិ​បាន​ទេ ? កម្ពុជា​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ​មិន​អាច​មិន​គោរព​បាន​ទេ ។ ជា​ពិសេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​គ្មាន​អ្វី​ពឹង​មាន​តែ​ការ​ពឹង​ទៅ​លើ​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​របស់​ខ្លួន ។ នៅ​ពេល​រក​ចំណុចរួម​មិនឃើញ​បង្ក​ឲ្យ​មានការ​រាំងស្ទះ ក្នុង​នោះ​មាន​អ្នកគាំទ្រ អ្នក​មិន​គាំទ្រ និង​អ្នក​នៅ​ស្ងៀម​មិន​និយាយ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កាលណា​មិន​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​ទេ វា​នឹង​ប៉ះពាល់​និង​ខាត​អ្វី គឺ​ម​ជ្ឈ​ភាព​ការ​ឯកភាព​របស់​អាស៊ាន​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ។ កម្ពុជា​ដែល​ខំប្រឹង​ប្រែង​ការពារ​ជំហរ​របស់​ខ្លួន នឹង​ត្រូវ​បាន​គេ​ចង្អុល​ថា ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ ។ ចាំបាច់​ត្រូវ​រក​ច្រកចេញ​មាន​អ្នកដឹង​តិច​ទេ ដែល​កម្ពុជា​បាន​ខិតខំ​កុំ​ឲ្យ​ជម្លោះ​នេះ​កាន់តែ​ដុនដាប​ក្នុង​ការ​ដាក់​ឃ្លា​ខាងលើ​នេះ​ចូល​ផ្នែក​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង ។

គួរ​បញ្ជាក់​ថា លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី​៤៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ ៕