រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលជួប សវនាការជាមួយលោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) ភារធារីស្ថានទូតអង់ គ្លេសប្រចាំនៅព្រះរាជាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សានោះ លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) បានជម្រាបជូនលោកបណ្ឌិតសុខ អាន អំពីការចូលជាធរមាននូវច្បាប់ប្រឆាំងអំពើពុករលួយរបស់រាជាណាចក្រអង់គ្លេសនាថ្ងៃទី១ កក្កដា ឆ្នាំ២០១១ ខាងមុខនេះ ។ លោកភារធារីស្ថានទូតអង់គ្លេសបានឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់អង់គ្លេសដែលដាក់ឱ្យប្រើកាលពីឆ្នាំ២០១០ គឺមានសក្តានុពលរឹងមាំក្នុងវិស័យធម្មនុញ្ញភាព ដើម្បីប្រឆាំងនឹងអំពើពុករលួយក្នុងសាកលលោកក៏ដូចជាជួយលើកតម្កើងក្រមសីលធម៌ខ្នាតខ្ពស់បំផុតនៃការងារធុរកិច្ច ។ ការអនុគ្រោះក្នុងកម្រិតសូន្យចំពោះការងារប្រឆាំងអំពើពុករលួយ គឺលើកតំកើងនូវកេរ្តិ៍ឈ្មោះរបស់អ្នកប្រកបអាជីវកម្មអង់គ្លេសនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសទាំងលើផ្នែកសាធារណៈ និងឯកជនដែលជាដៃគូ ។ លោកលេស្លី សាន់ដឺសុន (Lesley M. Saunderson) បានឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយនេះនឹងត្រូវជម្រាបជូនដល់សមាជិកពាណិជ្ជកម្មនានារបស់ប្រទេសអង់គ្លេសនៅក្នុងព្រះរាជាណាចក្រកម្ពុជានាសប្តាហ៍ក្រោយ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិតសុខ អាន បានលើកឡើងថា ទិសដៅប្រឆាំងអំពើពុករលួយរបស់កម្ពុជាក៏មិនខុសប្លែកពីរាជរដ្ឋាភិបាលអង់គ្លេសដែរ គឺការអនុគ្រោះក្នុងកម្រិតសូន្យចំពោះអំពើពុករលួយ ។ លោកបណ្ឌិតបានជម្រាបជូនលោកភារធារីស្ថានទូតអង់គ្លេស និងសហការីថា ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជាបានចែងអំពីការដាក់ពិន័យពី ១សប្តាហ៍ ដល់៥ឆ្នាំ ចំពោះករណីអំពើពុករលួយ ចាប់ពី១ដុល្លារ រហូតដល់៥ដុល្លារ ។ លោក បណ្ឌិតសុខ អាន ក៏បានលើកទឹកចិត្តដល់មន្រ្តីជាន់ខ្ពស់ស្ថានទូតអង់គ្លេសក្នុងកិច្ចជួយធ្វើការងារបញ្រ្ជាបការងារប្រឆាំងអំពើពុករលួយដល់ សហគមន៍ធុរកិច្ចអង់គ្លេស ក៏ដូចជាកម្ពុជាដោយលោកបណ្ឌិតបានសន្យាថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់កិច្ចសហការជាដៃគូក្នុងការងារនេះ។
នៅក្នុងជំនួបពិភាក្សាដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីដែលធ្វើការងារលើវិស័យច្បាប់ក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្តន៍ច្បាប់នៅប្រទេសអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺការប្រឆាំងអំពើពុករលួយ ព្រមទាំងការជម្រុញឱ្យមានការវិនិយោគ និងភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជាដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើឡើងជាលំដាប់ ។លោកភារធារីបាន ទទួលស្គាល់ថា កម្ពុជាកំពុងទទួលបានការ អភិវឌ្ឍស្មានមិនដល់ ៕
ចែករំលែកព័តមាននេះ