ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ មានចាស់ក្មេង ប្រុស ស្រី មកពីបណ្តាខេត្តមួយចំនួន បានមកប្រមូលផ្តុំគ្នានៅខាងជើងបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងភូមិរវាក់ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ កក្កដា ២០១៦ ដោយបានចាញ់ឃោសនាស្ត្រីម្នាក់មកចាប់ដីក្រុមហ៊ុន ។ ខណៈនោះ គេបានឃើញអាជ្ញាធរសមត្ថកិច្ចប្រដាប់អាវុធខេត្តស្ទឹងត្រែង និងមណ្ឌលគិរីរាប់សិបនាក់ចុះអន្តរាគមន៍ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងអំពើហិង្សារវាងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ។
លោក នុត បឿន អភិបាលរងស្រុកកោះញែកឱ្យដឹងថា នៅចំណុចទីទាំងដែលប្រជាពលរដ្ឋប្រមូលផ្តុំគ្នានោះ ជាជ្រោយនៃផ្ទៃដីរបស់ខេត្តមណ្ឌលគិរី ហើយផ្ទៃដីនោះជារបស់ក្រុមហ៊ុនផេស៊ីហ្វិច ភើល យ៉ញ-ស្តុក ខមភេនី លីមីធីត ក្នុងឡូទី៤ មានផ្ទៃចំនួន៩.៦១៤ហិកតា សម្រាប់វិនីយោគដំណាំកៅស៊ូ យោងលិខិតលេខ ៧២៩⁄០៧៤ កសក.នផ.ផក ចុះថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០១១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងចំណាររបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១១ ផងដែរ ។
ស្ត្រីដែលសមត្ថកិច្ចសង្ស័យថា ជាមេខ្លោងក្នុងការកែនប្រជាពលរដ្ឋពីខេត្តផ្សេង រួមជាមួយប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តរតនគិរីផងនោះ បាននិយាយថា ខ្លួនបានរស់នៅលើដីនេះ តាំងពីឆ្នាំ២០០៩ បន្ទាប់មក ត្រូវបានក្រុមហ៊ុនរុះរើឈូសឆាយទីតាំងរបស់គាត់រស់នៅអស់ ។ សមត្ថកិច្ចខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ស្ត្រីរូបនោះ ពុំមានទីលំនៅពិតប្រាកដទេហើយក៏មិនមានការបញ្ជាក់ទីលំនៅរបស់អាជ្ញាធរខេត្តទាំងពីរនោះដែរ ។ ស្ត្រីដែលជាប់សង្ស័យជាមេខ្លោងក្នុងរឿងខាងលើនេះក៏បានអះអាងផ្ទាល់មាត់ចំពោះមុខអាជ្ញាធរដែរថា កាលពីខ្លួនមកសង់ខ្ទមរស់នៅទីតាំងនោះ សុទ្ធជាព្រៃដែលខ្លួនគិតថា ជាដីនៅក្នុងខេត្តស្ទឹងត្រែង តែក្រោយមកទើបដឹងថា ជាដីខេត្តមណ្ឌលគិរី ។
លោក នុត បឿន អភិបាលរងស្រុកកោះញែកបានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមកប្រមូលផ្តុំគ្នានោះ មានមួយចំនួនជាប្រជាពលរដ្ឋនៅស្រុកលំផាត់ខេត្តរតនគិរី និងប្រជាពលរដ្ឋនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។តំណាងក្រុមហ៊ុនផេស៊ីហ្វិចឱ្យដឹងថា ក្រុមហ៊ុនផេស៊ីហ្វិចបែងចែកជាបួនឡូផ្សេងពីគ្នា ដោយបានវិនិយោគលើដំណាំកៅស៊ូពីរដ្ឋាភិបាល ហើយចំណុចដែលប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នានោះ គឺស្ថិតនៅក្នុងឡូទី៤មានផ្ទៃដីចំនួន៩.៦១៤ហិកតា ដែលកំពុងអនុវត្តដាំដុះតាមគោលការក្រសួងកសិកម្ម ។
អ្នកតំណាងក្រុមហ៊ុននោះបានបន្តថា នេះជាលើកទី៦ហើយ ដែលប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នាត្រៀមវាស់ដីចែកគ្នាសង់ទីកន្លែងរស់នៅដោយមានស្ត្រីមេខ្លោងម្នាក់ ជាអ្នកបំផុសបំផុលដឹកនាំក្រោមការញុះញង់ថា មានដីទំនេរសម្រាប់រស់នៅ និងធ្វើដំណាំបាន ទើបប្រជាពលរដ្ឋទាំងនោះ នាំគ្នាមកយ៉ាងគគ្រឹកកគ្រេងទាំងមិនដឹង ។
ស្ថិតក្នុងស្ថានការដែលកំពុងសម្របសម្រួលរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ប្រជាពរដ្ឋទាំងនោះ បានស្នើសុំឱ្យអាជ្ញាធរអនុញ្ញាតឲ្យពួកគេរស់នៅលើផ្ទៃដីនោះ ដោយសម្អាងថា ពួកខ្លួនពុំមានដីសម្រាប់រស់នៅទេ ដោយឡែកអាជ្ញាធរស្រុក បានធ្វើការសម្របសម្រួលថា ទីតាំងនេះជាដីរបស់ក្រុម ដែលមិនអាចអនុញ្ញាតឲ្យនៅបានទេ តែអាជ្ញាធរនឹងរកទីតាំងសម្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះ នៅជាបណ្តោះអាសន្នបានក្រៅពីតំបន់ដីខាងលើនេះ ហើយប្រសិនប្រជាពលរដ្ឋណាដែលអះអាងថា ខ្លួនពុំមានដីរស់នៅពិតមែននោះ សុំឱ្យមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន នៅបច្ចុប្បន្នមកអាជ្ញាធរខេត្តមណ្ឌលគិរីថា ពិតជាអត់ដីរស់នៅមែន ទើបអាចចំណាត់ការបន្តបាន ។
ក្រោយការសម្របសម្រួលអូសបន្លាយពេលវេលាពីព្រឹក រហូតម៉ោងជិត១៣រសៀលថ្ងៃទី១១ កក្កដា ប្រជាពលរដ្ឋបានរំសាយតាមសំណូមពររបស់អាជ្ញាធរសុំបន្ទាប់បិដឹងច្បាប់ថា ពួកខ្លួនចាញ់ឃោសនារបស់គេ ។
ចែករំលែកព័តមាននេះ