ខេត្តបាត់ដំបង ៖ រថយន្តនីស្សាន់មួយ គ្រឿងដែលផ្ទុកទំនិញខ្ពស់ហួសកម្រិតត្រូវមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឃាត់ទុក និងផាកពិន័យជាប្រាក់ បន្ទាប់ពីរថយន្តនោះបែកកង់ធ្វើឱ្យខូចខាតផ្លូវកៅស៊ូប្រហែលជា១៣ម៉ែត្រ កាលពីរសៀលថ្ងៃទី១ មិថុនា នៅចំណុចចុងស្ពានថ្មត្រើយខាងកើត ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តនិយាយថា រថយន្តនីស្សាន់នោះដឹកលើសចំណុះ ហើយបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឱ្យកោសបំផ្លាញផ្លូវកៅស៊ូអស់ប្រហែល១៣ម៉ែត្រ ។ មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តបញ្ជាឱ្យឃាត់រថយន្តនោះ ដើម្បីផាកពិន័យក្នុង១ម៉ែត្រ២០ដុល្លារ ។
អ្នកបើកបររថយន្តនិយាយថា រថយន្ត របស់គេដឹកកន្ទេលជ័រ មកពីស្រុកកំរៀង ដែលមានថៅកែឈ្មោះហ៊ីង នៅម្តុំភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ កន្ទេលនេះ ត្រូវដឹកទៅឱ្យម៉ូយនៅផ្សារថ្មី លុះដល់ចុងស្ពានថ្មក៏បែកកង់កោសថ្នល់ខូចអស់ជាង១០ម៉ែត្រ ។
តាមការកត់សម្គាល់រថយន្តដឹកទំនិញទាំងតូចទាំងធំហាក់ដូចជាមិនបានខ្វល់ខ្វាយពីការខូចខាតផ្លូវថ្នល់ទេ ដោយដឹកលើសចំណុះសំពីងសំពោងមិនបានគិតអំពីច្បាប់ដែលបានកំណត់ឡើយ ។ ទាក់ទិនរឿងនេះ គេតែងឮក្រុមឈ្មួញឬអ្នកបើករថយន្តទាំងនោះនិយាយថា បើពួកគេមិនដឹកលើសចំណុះទេ មិនអាចរកលុយបង់ឱ្យកុងត្រូលជជុះស្អេកស្កះពេញផ្លូវបានទេ ៕
ចែករំលែកព័តមាននេះ