ខេត្តព្រះសីហនុ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីក្រុមប្រឹក្សាខេត្ត បានបង្ហើបឲ្យដឹងថា ជុំវិញរឿងដីព្រៃលិចទឹកនៅស្រុកព្រៃនប់ប្រមាណជាង១.០០០ហិកតា នៅក្នុងឃុំទឹកថ្លា ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិ ។
មន្ត្រីរដ្ឋបាលជលផលបានប្រកាសថា នឹងដាក់ការស្នើសុំទៅមន្ត្រីសុរិយោដី និងមន្ត្រីមន្ទីរអង្គភាពផ្សេងទៀតដែលមានការពាក់ព័ន្ធនឹងការចេញប្លង់កម្មសិទ្ធិលើដីតំបន់ព្រៃលិចទឹកខាងលើ ដើម្បីឲ្យធ្វើការបំភ្លឺឲ្យបានច្បាស់លាស់ ពីនីតីវិធីការចេញប្លង់ ហើយនឹងមានវិធានការតាមផ្លូវច្បាប់បើសិនពិនិត្យឃើញថាប្លង់ដីទាំងនោះមានភាពមិនប្រក្រតី ។
ការប្រកាសសូមឲ្យមានការបំភ្លឺបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ខណៈពេល លោក អុឹង ទ្រី អនុប្រធានរដ្ឋបាលជលផល លោក ពំ ស៊ីថា ប្រធានអធិការកិច្ចជលផល រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ចុះទៅធ្វើការពិនិត្យជាក់ស្តែងទីតាំងព្រៃលិចទឹកនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ជាង៥០ហិកតា ដែលក្រុមហ៊ុនមួយកំពុងធ្វើការឈូសឆាយបំផ្លាញព្រៃលិចទឹកយ៉ាងរង្គាល ។
ទាក់ទងទៅនឹងដីតំបន់ព្រៃលិចទឹកខាងលើនេះ បើតាមការមន្ត្រីរដ្ឋបាលជលផលខេត្តព្រះសីហនុ បញ្ជាក់ថា ដីព្រៃលិចទឹកក្នុងស្រុកព្រៃនប់មានចំនួនជាង១.០០០ហិកតា ។ កន្លងមក នៅអំឡុងឆ្នាំ២០០៤-២០០៥ ដីតំបន់នេះត្រូវបានគេឃុបឃិតគ្នារត់ការធ្វើប្លង់កម្មសិទ្ធិ ប៉ុន្តែត្រូវបានរដ្ឋបាលជលផលធ្វើការជំទាស់រហូត មិនឯកភាពឡើយ ។
លុះក្រោយមកនៅឆ្នាំ២០០៧ ដីព្រៃលិចទឹកតំបន់ខាងលើទាំងអស់ត្រូវបានចុះបញ្ជីឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់សហគមន៍ ដើម្បីធានាឲ្យបាននៅក្រោមការការពារនិងថែរក្សាទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។ ប៉ុន្តែក្រោយមកទៀតនៅក្នុងអំឡុងឆ្នាំ ២០០៩ និងឆ្នាំ២០១០ ជំនាន់មានការវាស់វែងដោយក្រុមនិស្សិត ដីព្រៃលិចទឹកដដែលនេះត្រូវបានគេឃុបឃិតគ្នារត់ការសុំចេញប្លង់កម្មសិទ្ធិជាថ្មីម្តងទៀត តែត្រូវមន្ត្រីរដ្ឋបាលជលផលធ្វើការជំទាស់ដាច់ខាត ហើយក៏ស្ងាត់រហូតមក ។
លុះថ្មីៗនេះ បែរជាលេចចេញប្លង់កម្មសិទ្ធិជាច្រើនប័ណ្ណចុះឆ្នាំ២០០៦ បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់លើតំបន់ដីព្រៃលិចទឹកទាំងអស់ខាងលើទៅវិញ ដែលគួរឲ្យចាប់អារម្មណ៍បំផុត ព្រមទាំងបានប្រើប្រាស់ប័ណ្ណកម្មសិទ្ធិទាំងនោះស្របច្បាប់ ធ្វើការឈូសឆាយព្រៃលិចទឹកយ៉ាងអនាធិបតេយ្យគួរឲ្យស្តាយស្រណោះ ។
អ្វីដែលបានរៀបរាប់ខាងលើនេះ គឺជារឿងមិនប្រក្រតីមួយដែលតម្រូវឲ្យមានការស៊ើបអង្កេតឡើងវិញរាល់អ្នកដែលពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិ ជាពិសេសគឺមន្ត្រីសុរិយោដីតែម្តងដើម្បីមានវិធានការតាមផ្លូវច្បាប់ ព្រោះបើមិនអុីចឹងទេ ព្រៃលិចទឹកនៅទឹកដីខេត្តព្រះសីហនុ ច្បាស់ជាវិនាសហិនហោចអស់ជាក់ជាមិនខានឡើយ ។
លោក យី សាវរ៉េត ប្រធានភូមិបាលស្រុកព្រៃនប់ បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៨ ខែឧសភាថា ចំពោះដីកំពុងឈួសឆាយនេះ ចេញប្លង់កម្មសិទ្ធិតាំងពីជំនាន់ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធមកម្លេ៉ះ ហើយកាលនោះខាងជលផលធ្លាប់បានប្តឹងជំទាស់ដែរ តែត្រង់ថាប្លង់នេះអាចចេញរួចតាមផ្លូវណានោះ លោកក៏ពុំដឹងដែរ ។
ដោយឡែក លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិនៃកម្ពុជា(CNRO) ក៏បានស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល សូមមានវិធានការជាបន្ទាន់ បើពុំនោះទេធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរដ្ឋនឹងត្រូវហិនហោចអស់ជាក់ជាពុំខាន ព្រោះដើមកោងកាងនេះមានតម្លៃដ៏មហាសាលសម្រាប់មនុស្សជាតិ ។
ជាមួយនឹងព័ត៌មាននេះអាចនិយាយបានថា ជាលើកទី១ហើយ ដែលធ្លាយចេញមកពាក់ព័ន្ធ នឹងព្រៃលិចទឹកនេះ នៅក្នុងស្រុកព្រៃនប់ ៕
ចែករំលែកព័តមាននេះ