ខេត្តកំពង់ឆ្នាំង ៖ រយៈពេលមិនដល់១២ម៉ោងផង សមត្ថកិច្ចនគរបាលក្រុងនិងខេត្ត បានបង្ក្រាបអ្នកប្រើប្រាស់ថ្នាំញៀន២០នាក់ ក្នុងចំណោម៦០នាក់ ដែលបានទូរស័ព្ទមកទិញថ្នាំញៀនពីអ្នកចែកចាយថ្នាំញៀន២នាក់ ដែលស្ថិតក្នុងការចាប់ខ្លួនរបស់សមត្ថកិច្ច ។
លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត បានឱ្យដឹងថា សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលក្រុង ចាប់បានមេខ្លោងចែកចាយថ្នាំញៀន២នាក់ ម្នាក់ ឈ្មោះ យាន សុវណ្ណចិត្រា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ លឹម សំបុណ្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយដកហូតបានថ្នាំញៀនម៉ាទឹកកចំនួន៧កញ្ចប់តូច និងទូរសព្ទ័២គ្រឿង កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ កុម្ភៈ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ។
លោកបានបន្តថា បន្ទាប់ពីចាប់ខ្លួនអ្នកចែកចាយ២នាក់ខាងលើ សមត្ថកិច្ចបានដកទូរស័ព្ទរបស់អ្នកចែកចាយទាំង២នាក់នេះទុក ស្រាប់តែមានអ្នកប្រើប្រាស់ថ្នាំញៀនដែលជាម៉ូយរបស់មេខ្លោងទាំង២នាក់ខាងលើ ចំនួន៦០នាក់បានទូរស័ព្ទមកសុំទិញថ្នាំញៀនជាបន្តបន្ទាប់ ក្នុងរយៈពេលមិនដល់១២ម៉ោងផង ត្រូវបានសមត្ថកិច្ចសហការគ្នាស្ទាក់ចាប់បានជាបន្តបន្ទាប់ចំនួន២០នាក់ ដែលមកពីស្រុករលាប្អៀរ៥នាក់ ស្រុកជលគីរី២នាក់ ខេត្តកំពង់ស្ពឺម្នាក់ និងក្រុងកំពង់ឆ្នាំង១២នាក់ ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀន៧កញ្ចប់តូច ទូរស័ព្ទដៃ១០គ្រឿង ម៉ូតូ៨គ្រឿង ប្រាក់ធ្នាក់១២ម៉ឺនរៀល ដាវនិងកាំបិតស្នៀត២ ស្នាប់ដៃ១ និងសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។
លោក ជុន ថារិទ្ធ បានបន្តថា តាមការប្រជុំឯកភាពរបស់លោកស្នងការជាមួយ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គឺមេខ្លោងចែកចាយថ្នាំញៀន២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតាមនីតិវិធី ។ ដោយឡែក អ្នកប្រើប្រាស់ថ្នាំញៀនទាំង២០នាក់ មួយចំនួនត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងមួយចំនួនទៀតធ្វើការអប់រំ ដោយឱ្យត្រឡប់ទៅវិញ តែស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច ៕
ចែករំលែកព័តមាននេះ