ខេត្តកណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់-ស្រាល៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកអ្នកដំណើរបើកបុកម៉ូតូមួយគ្រឿងដែលចតឈប់នៅមុខផ្ទះបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៤ ធ្នូ ២០១៥ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ជា ចាន់ម៉ូលីដា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ។ ចំណែកអ្នករងរបួសធ្ងន់-ស្រាលទាំង៤នាក់ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ រីឯអ្នកបើកបររថយន្ត ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកអាស្យាកូសស្មូស ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព0324-ភព3 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU-3634 បើកបរដោយឈ្មោះ ជា ចាន់ម៉ូលីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរក្នុងរថយន្តចំនួន៤នាក់របួសស្រាល ប៉ុន្តែមិនស្គាល់ឈ្មោះដោយអ្នករបួសទៅព្យាបាលនៅមន្ទីរពេទ្យអស់ ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕
ចែករំលែកព័តមាននេះ