ខេត្តមណ្ឌលគិរី ៖ រន្ទះដ៏ខ្លាំងបានប្រល័យជីវិតមនុស្ស៣នាក់ និងបង្កឱ្យរបួសធ្ងន់ និងស្រាលជិត៣០នាក់ដែលធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះស្រែកទ្រហោយំយ៉ាងអាណោចអាធ័មជាទីបំផុតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ មេសា ក្នុងការដ្ឋានទី១០ ភូមិពូឆប ឃុំដាក់ដាម ស្រុកអូររាំង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកដែលស្លាប់ដោយសារតែគ្រោះធម្មជាតិដ៏អប្រិយនេះ ១-ឈ្មោះឆក ឆើត ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករដាំដើមស្រស់ឱ្យក្រុមហ៊ុនចិន មានស្រុកកំណើតនៅខេត្តព្រៃវែង ២-ឈ្មោះចន ជាប ភេទប្រុស អាយុ៤០ឆ្នាំ ជាកម្មករដាំដើមស្រល់ដូចគ្នា មានស្រុកកំណើតខេត្តព្រៃវែង និង៣-ឈ្មោះជួប បាន ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករដាំដើមស្រល់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ប្រភពបានឱ្យដឹងទៀតថា អ្នករងរបួសប្រុសស្រីទាំងអស់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គឺសុទ្ធតែជាកម្មករដាំដើមស្រល់ឱ្យក្រុមហ៊ុនចិនទាំងអស់ ។ រន្ទះបាញ់បានកើតឡើង ខណៈពេលដែលពួកគាត់កំពុងតែធ្វើការងារនៅម៉ោងជាង៣រសៀល ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់ និងផ្លេកបន្ទោរ ហើយពួកគាត់ក៏នាំគ្នាចូលជ្រកក្នុងរោងនៅក្បែរកន្លែងធ្វើការ។ ភ្លាមនោះស្រាប់តែមានរន្ទះបាញ់យា៉ងខ្លាំងបណ្តាលឱ្យមនុស្សប្រុសស្រីជាច្រើនដួលសន្លប់នៅក្នុងរោងតែម្តង ៕
ចែករំលែកព័តមាននេះ