ខេត្តកំពត ៖ សាលាដំបូងខេត្ត កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានសម្រេចបង្កកគណនីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១០៦គណនី រួមទាំងបង្កកអចលនវត្ថុដីធ្លីទំហំជាង២លាន២៨ម៉ឺនម៉ែត្រការ៉េ របស់បក្ខពួកអតីតឧកញ៉ា ជា សារ៉ន ដែលបានបោកប្រាស់ពលរដ្ឋក្រោមរូបភាពវិនិយោគ ។
តាមសាលាដំបូងខេត្ត ទ្រព្យសម្បត្តិរបស់បក្ខពួកដែលរឹបអូសបាននេះ នឹងយកទៅធ្វើជាមូលដ្ឋាននៅក្នុងការរកដំណោះស្រាយជូនដល់ពលរដ្ឋរងគ្រោះ ។ សេចក្តីប្រកាសព័ត៌មានរបស់សាលា ដំបូងខេត្ត ស្ដីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាក់ថា សាលាដំបូងខេត្ត បានសម្រេចបង្កកទ្រព្យសម្បត្តិ និងអចលនវត្ថុជាប្រភេទដីរបស់ក្រុមហ៊ុន ជា សារ៉ន ដែលមានទីតាំងនៅខេត្តកំពត រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកែប ។
ក្រៅពីនេះ សាលាដំបូងខេត្ត ក៏កំពុងពិនិត្យនិងសិក្សាលើទ្រព្យសម្បត្តិ រួមទាំងអចលនវត្ថុរបស់
ជនត្រូវចោទបន្ថែមទៀត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើម
បណ្តឹងរដ្ឋប្បវេណី ។តាមសេចក្តីប្រកាសព័ត៌មានដដែល សាលាដំបូងខេត្ត ក៏បានឱ្យដឹងដែរថា កំពុងបន្តឃុំខ្លួនអតីតឧកញ៉ា ជា សារ៉ន និងបក្ខពួកជាបណ្តោះអាសន្ន និងបន្តចាត់ការលើសំណុំ រឿងនេះឲ្យបានត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌តាមច្បាប់ និងនីតិវិធីជាធរមាន ។ សាលាដំបូងខេត្ត ក៏កំពុងបន្តស្រាវជ្រាវស្វែងរកអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទដែលពាក់ព័ន្ធបន្តទៀតដែរ ។
គួររំឭកថា អតីតឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន៨នាក់ បានត្រូវនគរបាលខេត្តកំពតចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងវេទិកាសាធារណៈដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត នៅបរិវេណវត្តអង្គឈូក ក្នុងស្រុកឈូក ។
ការចាប់ខ្លួនអតីតឧកញ៉ា ជា សារ៉ន និងបក្ខពួក ធ្វើឡើងបន្ទាប់ពីពលរដ្ឋជាង២ពាន់គ្រួសារចេញមុខតវ៉ាពីការចាញ់បោកលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ជា សារ៉ន ដែលសរុបជាទឹកប្រាក់មានជិត ៤០លានដុល្លារអាមេរិក ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេ ពីចំនួនទឹកប្រាក់ដែលតុលាការបានបង្កកពីគណនីធនាគាររបស់ក្រុមហ៊ុន ជា សារ៉ន ថា មានចំនួនទឹកប្រាក់ប៉ុន្មាននោះទេ ។
ដោយឡែក នៅក្នុងសំណុំរឿងឆបោកប្រាក់ពលរដ្ឋក្រោមរូបភាពវិនិយោគអចលនទ្រព្យដូចគ្នា នេះ ក៏មានពលរដ្ឋជាង ៥ ០០០គ្រួសារ បានដាក់ពាក្យប្តឹងក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ពីបទបានឆបោកទឹកប្រាក់វិនិយោគរបស់ពួកគាត់ទាំងការ និងដើមសរុបជាង ៣០០លានដុល្លារដែរ ។ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានបង្កកគណនីធនាគារចំនួន១៨៣គណនី និងទ្រព្យសម្បតិ្តមួយចំនួនរបស់ក្រុមឆបោក ដោយមិនបានបញ្ជាក់ពីទំហំទឹកប្រាក់សរុបទេ ។
បន្ទាប់មក នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានមនុស្សចំនួន ៧នាក់ត្រូវបានអាជ្ញាធរខេត្តសៀម រាបចាប់ឃុំខ្លួនក្នុងនោះមានឈ្មោះ ឡេង ចាន់ណា ភេទស្រី ជាអគ្គនាយិកាក្រុមហ៊ុន ២នាក់ជាអគ្គនាយករង និងអ្នកពាក់ព័ន្ធចំនួន២នាក់ទៀត ។ ទោះបីជាបែបណា រឿងក្តីឆបោកដ៏ធំនេះ មិនទាន់ដឹងថា តើមានដំណោះស្រាយបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ